v9
V9BET

ក្រុមភ្នំពេញក្រោន ទទួលបានការក្រើនរំឭក មុនពេលពួកគេ ត្រូវសងសឹក សូលទីឡូអង្គរ

4 weeks ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ ដែលទើបវិលត្រឡប់ទៅលេងឲ្យក្រុមភ្នំពេញក្រោនវិញ ក្នុងជើងទី២ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ Booysen Shane ពានជំរុញឲ្យសមាជិកក្រុមភ្នំពេញក្រោន ត្រូវធ្វើការងារជាក្រុមបន្ថែមទៀត ហើយការទទូចសុំនេះ ត្រូវបានគេគិតថា វាជាការក្រើនរំឭកដ៏ល្អមួយ សម្រាប់ភ្នំពេញក្រោន ខណៈពួកគេ ត្រូវបើកទ្វារកីឡដ្ឋាន RSN ដើម្បីសងសឹកក្រុមសូលទីឡូអង្គរ នៅល្ងាចម៉ោង៦ ថ្ងៃសៅរ៍នេះ។

ខ្សែប្រយុទ្ធ Booysen Shane ដែលបានត្រឹមតែជាអ្នកទស្សនា ពេលភ្នំពេញក្រោន យកឈ្នះក្រុមម្ចាស់ផ្ទះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ កាលពីសប្តាហ៍មុន ដោយសារជាប់ពិន័យកាតនោះ បាននិយាយថា៖ «ខ្ញុំគិតថា បើយើងផ្តោតអារម្មណ៍លើតួនាទីរបស់យើងលើទីលានពេញ៩០នាទីនោះ យើងនឹងមានភាពប្រសើរឡើង យើងមានភាពធ្វេសប្រហែស ទើបតែងតែធ្វើឲ្យក្រុមគេវាយបកមកយើងវិញបាន»។

ខ្សែប្រយុទ្ធពាក់លេខ៩០រូបនេះ បានបន្ថែមថា៖ «អ្វីដែលយើងត្រូវធ្វើនៅពេលនេះ គឺយើងត្រូវតែធ្វើការជាក្រុមទាំងអស់គ្នា។ ខ្ញុំជឿថាម្នាក់ៗក្នុងក្រុមរបស់យើងល្អហើយ ប៉ុន្តែបើសិនជាយើងសហការគ្នាបន្ថែមទៀតនោះ យើងនឹងរឹងមាំជាងនេះ ព្រោះយើងមានកីឡាករដែលមានគុណភាព ហើយក្រុមការងារ ក៏ដូចជាអ្នកគាំទ្រទាំងអស់តែងតែជំរុញទឹកចិត្តពួកយើង ដើម្បីឲ្យទទួលបានលទ្ធផលល្អ ជារៀងរាល់សប្តាហ៍ផងដែរ»។

ការលើកឡើងរបស់ខ្សែប្រយុទ្ធ Booysen Shane ត្រូវបានគេគិតថា នឹងក្លាយជាបទពិសោធ និងការក្រើនរំឭកដ៏ល្អមួយ ដើម្បីជំរុញឲ្យក្រុមភ្នំពេញក្រោន បង្កើនការលេងឲ្យកាន់តែល្អ ហើយក៏ស្របពេលដែលក្រុមមួយនេះ ត្រូវសងសឹកក្រុមសូលទីឡូអង្គរ ដែលពួកគេធ្លាប់ចាញ់ ១-០ កាលជើងទី១ នៅថ្ងៃសៅរ៍នេះផងដែរ។

គេនៅមិនប្រាកដថា ភ្នំពេញក្រោន អាចនឹងយកឈ្នះ ដើម្បីស្តាមុខមាត់បានវិញ ឬយ៉ាងណានោះទេ ប៉ុន្តែបើប្រៀបទៅនឹងទម្រង់លេង ក្នុងជើងទី២នេះ គឺភ្នំពេញក្រោន ធ្វើបានល្អជាងជើងទី១ ហេតុនេះការជួបជាមួយក្រុមសូលទីឡូអង្គរ លើកនេះ អាចនឹងមានភាពស្វិតស្វាញខ្លាំង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.