v9
V9BET

ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួននៅថ្ងៃមុខបន្ទាប់ពីបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា

1 month ago​ | ដោយ V-Dr

កីឡាករគុនចម្រុះលេចធ្លោប្រចាំនៅកម្ពុជា ចាន់ រតនា បង្ហើបអំពីគម្រោងសំខាន់ៗមួយចំនួន បន្ទាប់ពីឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងគុយបា Gustavo Balart ក្រោយប្រកួតយ៉ាងស្វិតស្វាញចំនួន៣ទឹក នៅសង្វៀន ONE: DREAM OF GOLD កាលសប្ដាហ៍មុន។ រតនា ក្លាយជាកីឡាករគុនចម្រុះកម្ពុជាក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship ដែលអាចឈ្នះ ៣ លើកជាប់គ្នាក្នុងអាជីព ហើយ រូបគេខិតខំហ្វឹកហាត់ទ្វេដងព្រោះអាចជួបគូប្រជែងខ្លាំងៗនាពេលខាងមុខ។

ទស្សនាវីដេអូពេល រតនា ប្រកួតឈ្នះ Balart កាលថ្ងៃសុក្រ៖

បន្ទាប់ពីជ័យជម្នះដ៏ធំក្នុងអាជីពនេះបុរសវ័៣៣ឆ្នាំបានថ្លែងថា៖ «ខ្ញុំបានទស្សនាវីដេអូ របស់ Gustavo ជាច្រើន។ គ្រូនិងក្រុមការងាររបស់ខ្ញុំបានផ្ដល់យោបល់អំពីចំណុចខ្លាំងនិងខ្សោយរបស់ Gustavo ទើបធ្វើឲ្យខ្ញុំអាចទទួលជ័យជម្នះនេះ»។ ម្ចាស់ក្លិបសិល្បៈបញ្ជាក់ទៀតថា៖ «ខ្ញុំគិតថា Balart ព្យាយាមចាប់បោកខ្ញុំទៅក្ដាររេញជាច្រើនដង ប៉ុន្តែការបោកនៅទឹកទី១និងទី២ បានធ្វើឲ្យខ្ញុំដឹងអំពីកម្លាំងរបស់គេ ហើយមិនអាចធ្វើឲ្យខ្ញុំគ្រោះថ្នាក់នោះឡើយ»។ ទីបំផុតទឹកទី៣ ចាន់ រតនា ប្រើជំហរគុនខ្មែរដូចជាម៉ាត់កណ្ដាប់ដៃ អុកជង្គង់ និង ទាត់ជាច្រើនជើងធ្វើឲ្យ Balart សឺៗមិនតិចឡើយដើម្បីទទួលបានជ័យជម្នះយ៉ាងធំធេង។

គ្រូបង្វឹកមកពីក្លិប «សិល្បៈ» គូសសង្កត់ធ្ងន់បែបនេះ៖ «ទឹកទី៣ខ្ញុំកែប្រែមិនឲ្យ Balart ចាប់ងាយៗទេដោយការពារ ក្បាច់ម៉ាត់ ជង្គង់ និង ទាត់។ បើខ្ញុំមិនធ្វើបែបហ្នឹងទេ គឺលំបាកឈ្នះណាស់»។

ដោយទទួលលទ្ធផលឈ្នះ ៣ លើកជាប់គ្នានៅសង្វៀនអន្តរជាតិ ONE Championship រតនា បង្ហើបគម្រោងទៅថ្ងៃមុខថា៖«ពីមុនខ្ញុំចង់ប្រកួតជាមួយ Ma Hao Bin ម្ដងទៀតដែលខ្ញុំធ្លាប់ចាញ់កាលឆ្នាំ ២០១៦។ ប៉ុន្តែឥឡូវខ្ញុំអត់ខ្វល់ថាត្រូវជួបអ្នកណាឡើយ សំខាន់ឲ្យតែខាង ONE គេរៀបចំឲ្យ។ លើកក្រោយខ្ញុំចាញ់ ឬ ឈ្នះ ខ្ញុំសប្បាយចិត្តចំពោះអ្វីដែលខ្ញុំទទួលបាននាពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីចង់ខ្លាំងបំផុត ខ្ញុំចង់ប្រកួតដណ្ដើមខ្សែក្រវាត់»។

«រឿងសំខាន់សម្រាប់ខ្ញុំគឺ នៅកម្រិតនេះ ខ្ញុំត្រូវតែប្រឹងទ្វេដង ព្រោះខ្ញុំនឹងជួបគូប្រកួតខ្លាំងៗបន្ថែមទៀត។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងជួបអ្នកខ្លាំងជាងការប្រកួតកន្លងទៅ។ ខ្ញុំទទួលលទ្ធផលល្អរហូតដល់ពេលនេះព្រោះខ្ញុំធ្វើការខ្លាំងក្លា។ ទោះចាញ់ ឬ ឈ្នះពេលប្រកួតខាងមុខមិនមែនជាបញ្ហា ខ្ញុំក៏អស់ចិត្តដែរ ប៉ុន្តែខ្ញុំនឹងធ្វើឲ្យល្អបំផុតតំណាងឲ្យកម្ពុជា»។ កូនសិស្សលោក Lorenzo សង្កត់ធ្ងន់បែបនេះ។

គួរដឹងថា ចាន់ រតនា ទទួលបានជ័យជម្នះ ៧ ដងក្នុងការបង្ហាញខ្លួន ១០ ដងនៅសង្វៀនអន្តរជាតិ ONE Championship។ អ្វីដែលអស្ចារ្យក្នុងពិភពគុនចម្រុះនោះ គឺ ឈ្នះ ៣លើកចុងក្រោយជាប់គ្នាសម្រាប់អ្នកគាំទ្រកម្ពុជា និងបង្កើតប្រវត្តិសាស្ត្រថ្មី។

សូមទស្សនាការផ្សាយផ្ទាល់គ្រប់ការប្រកួតរបស់សង្វៀន ONE Championship តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.