v9
V9BET

ប្រធានវាយសី ថា គោលបំណងរបស់យើង គឺការដណ្តើមឲ្យបានមេដាយមាស នៅស៊ីហ្គេម

1 month ago​ | ដោយ V-Dr

ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា លោក លី កុសល បានជំរុញឲ្យអត្តពលិក ដែលទើបដណ្តើមបានមេដាយ ពីការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៥ ឆ្នាំ២០១៩ ឲ្យបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងថែមទៀត ដើម្បីឆ្ពោះទៅសម្រេចគោលបំណងធំ គឺការដណ្តើមឲ្យបានមេដាយមាស នៅក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។

លោកឧត្តមសេនីយ៍ឯក លី កុសល បានថ្លែងថា៖ «គោលបំណងដែលសហព័ន្ធរៀបចំការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ នេះឡើង គឺដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបង្កើនជំនាញ ត្រៀមលក្ខណៈ និងលើកកម្ពស់ ពង្រឹងសមត្ថភាពអត្តពលិកពី១ថ្ងៃទៅ១ថ្ងៃ ឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅយកមេដាយមាសឲ្យបាន ពេលកម្ពុជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣»។

ជាមួយការឆ្ពោះទៅសម្រេចគោលបំណងនៃការឈ្នះបានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣ ទៅតាមការកំណត់របស់ NOCC គឺត្រូវដណ្តើមឲ្យបានមេដាយមាសយ៉ាងតិច២នេះ លោក លី កុសល ក៏បានក្រើនរំឭក ដល់អត្តពលិក ដែលទើបឈ្នះបានមេដាយពីការប្រកួត កីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ សូមកុំអបអរជ័យជម្នះរហូតភ្លេចខ្លួន។

លោក ជា កុសល បានបញ្ជាក់ថា៖ «ទិសដៅរបស់យើង មិនមែនត្រឹមការដណ្តើមមេដាយ នៅក្នុងស្រុកនោះទេ គឺការដណ្តើមមេដាយ នៅលើឆាកអន្តរជាតិ ជូនប្រទេសជាតិ ដូច្នេះកីឡាករ កីឡាការិនីជយលាភីទាំងឡាយ កុំអបអរសាទរ នឹងជ័យជម្នះរហូតភ្លេចខ្លួន គឺត្រូវខិតខំសម្រួចជំនាញជាបន្តទៀត ដើម្បីរក្សាសមិទ្ធផល ដែលទទួលបាន និងឈានទៅយកមេដាយ ក្នុងព្រឹត្តិការណ៍ធំៗបន្ថែមទៀត»។

គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ឯកឧត្តមប្រធានសហព័ន្ធ លើកទី៥ ឆ្នាំ២០១៩ ដែលបានបើកការប្រកួតកាលពីថ្ងៃសៅរ៍ និងបានបញ្ចប់ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ គឺមានកីឡាករចំនួន១១៧នាក់ កីឡាការិនី២២នាក់ និងប្រតិភូ៣៥នាក់ មកពីក្លិប-សមាគមចំនួន១៨ នៅទូទាំងប្រទេសកម្ពុជា បានចូលរួមប្រកួត ហើយតាមការប្រកួតប្រជែងនៅលើវិញ្ញាសាវាយគូទាំង៦ប្រភេទនោះ អត្តពលិករបស់ក្លិបវាយសីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានឈ្នះមេដាយមាស៣ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ១។

ចំណែកអត្តពលិករបស់ក្លិបវាយសីព្រះខ័នរាជ បានឈរនៅលេខ២ ដោយឈ្នះបានមេដាយមាស១ ប្រាក់២ និងសំរឹទ្ធ១ លើក្លិបវាយសីខេត្តកំពង់ឆ្នាំង ដែលឈ្នះបានមាស១ ប្រាក់១ ឯក្លិបវាយសីពហុកីឡដ្ឋានជាតិ ឈ្នះបានមាស១ សំរឹទ្ធ១ ក្លិបខេត្តមណ្ឌលគិរី ឈ្នះបានមាស១ ក្លិបខេត្តប៉ៃលិន ឈ្នះបានប្រាក់១ សំរឹទ្ធ២ ក្លិបខេត្តកំពង់ចាម បានប្រាក់១ សំរឹទ្ធ១ ក្លិបខេត្តរតនគិរី បានប្រាក់១ និងក្លិបវាយសីរាជធានីភ្នំពេញ ឈ្នះបានមេដាយសំរឹទ្ធ១៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.