v9
V9BET

ក្រុមបឹងកេត ទាញទម្លាក់ក្រុមវិសាខា បើកផ្លូវឲ្យណាហ្គាវើល ឡើងទៅឈរលេខ២វិញ

1 month ago​ | ដោយ V-Dr

នៅទីបំផុត ក្រុមណាហ្គាវើល បានវិលទៅកាន់ទីតាំងលេខ២ ជាថ្មីវិញ នៅក្នុងលីកកំពូលកម្ពុជា ឆ្នាំ២០១៩ បន្ទាប់ពីក្រុមបឹងកេត បានចូលរួមជួយទាញទម្លាក់ក្រុមវិសាខា ចេញពីទីតាំងនេះ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី២០ ចំណែកក្រុមអង្គរថាយហ្គឺរ ក៏បានបាត់បង់ឱកាស ឡើងមកតំបន់ Top4 ផងដែរ។

សម្រាប់ការប្រកួតនៅកីឡដ្ឋានខេមបូឌានអ៊ែរវ៉េ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ខ្សែប្រយុទ្ធ Oiboh Julius បានរកគ្រាប់បាល់នាំមុខឲ្យបឹងកេត បានមុន តាមរយៈការស៊ុតបាល់បញ្ចូលទីរបស់គេ នៅនាទីទី២៦ ប៉ុន្តែកីឡាករពាក់លេខ៣១ Da Crus Guardiano Eliel បានវាយជួយឲ្យក្រុមវិសាខា តាមស្មើវិញ នៅនាទីទី៤៥។

ការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នេះ វានៅតែមិនអាចជួយឲ្យក្រុមកំពុងឈរនៅលេខ៤ បឹងកេត សងសឹកចំពោះការចាញ់ក្រុមវិសាខា ៣-២ កាលពីជើងទី១ដដែល ប៉ុន្តែការចែកគ្នាម្នាក់១ពិន្ទុនេះ វាបានទាញក្រុមវិសាខា ឲ្យធ្លាក់ពីលេខ២ មកឈរនៅលេខ៣វិញ ដោយមាន៤៤ពិន្ទុ។

ជាមួយលទ្ធផលស្មើគ្នារវាងក្រុមទាំង២នេះដែរ វាបានជួយឲ្យក្រុមណាហ្គាវើល ដែលបានធ្លាក់ចេញពីលេខ២ មកឈរនៅលេខ៣ កាលពីសប្តាហ៍មុននោះ ឡើងទៅឈរនៅទីតាំងលេខ២វិញ ព្រោះនៅសប្តាហ៍នេះ ណាហ្គាវើល បានបន្តយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ បន្ថែមទៅលើការឈ្នះ ៣-០ កាលពីជើងទី១ ខណៈខ្សែប្រយុទ្ធ Kipson និង Esho Omogba សុទ្ធតែរកបាន២គ្រាប់ ដើម្បីជួយឲ្យណាហ្គាវើល បន្តឈ្នះលើកនេះ។

ចំណែកក្រុមអង្គរថាយហ្គឺរ បានបាត់បង់ឱកាស ក្នុងការប្រជែងឡើងមក Top4 វិញ ខណៈពួកគេ មិនអាចរក្សាជ័យជម្នះលើក្រុមអាស៊ីអឺរ៉ុប ដូចកាលពីជើងទី១ ដែលពួកគេបានឈ្នះ ៦-១ នោះ ព្រោះការប្រកួតលើកនេះ កីឡាករ Fernando Cozar Torres បានរកគ្រាប់បាល់តាមស្មើឲ្យ អង្គរថាយហ្គឺរ នៅនាទីទី៥២ ទាំងលំបាក ដើម្បីលុបចោលគ្រាប់បាល់នាំមុខរបស់ Coulibali Abdel Kadel នៃក្រុមអាស៊ីអឺរ៉ុប នៅនាទីទី១៣៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.