v9
V9BET

ក្រុមកីឡាករនគរបាលជាតិកម្ពុជា ដណ្តើមបានមេដាយកម្រិតពិភពលោក ចំនួន១៨ហើយ

2 months ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីរបស់អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងបង្កើតស្នាដៃដ៏គួរភ្ញាក់ផ្អើល នៅក្នុងការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ (The 18th World Police and Fire Games) ខណៈពួកគេ បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាបន្តបន្ទាប់ ហួសពីការរំពឹងទុកនោះ។

នៅមុនការប្រកួតចាប់ផ្តើម លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ មានការរំពឹងតិចតួចប៉ុណ្ណោះទៅលើក្រុមអត្តពលិកនគរបាលជាតិរបស់ខ្លួន ក្នុងការប្រមាញ់បានមេដាយ សម្រាប់ការចូលរួម ជាលើកដំបូង ដែលត្រូវធ្វើនៅប្រទេសចិននេះ។

ប៉ុន្តែតាមរយៈការប្រកួតប្រជែងជាក់ស្តែង ដែលបានដំណើរការតាំងពីថ្ងៃទី៨ ខែសីហា មកនោះ ក្រុមប្រណាំងទូកនាគរបស់កម្ពុជា ដណ្តើមបានមេដាយមាស បានមុនគេ ហើយក្រោយមកទៀតក្រុមចំបាប់ ហែលទឹក និងការ៉ាតេដូ ក៏បានឈ្នះមេដាយមាសចំនួន៤ទៀតផងដែរ។

បន្ថែមលើនេះក្រុមចំបាប់ ហែលទឹក ការ៉ាតេដូ យូដូ និងវាយកូនឃ្លីលើតុកម្ពុជា ក៏បានរួមគ្នាឈ្នះបានមេដាយប្រាក់៨ និងមេដាយសំរឹទ្ធចំនួន៥ទៀតបានដែរ។ ហេតុនេះគិតត្រឹមព្រឹកថ្ងៃអង្គារនេះ ក្រុមអត្តពលិកនគរបាលជាតិកម្ពុជា ឈ្នះបានមេដាយសរុបចំនួន១៨ មានមាស៥ ប្រាក់៨ និងសំរឹទ្ធ៥ ហើយកម្ពុជា ក៏នៅសល់ប្រភេទកីឡា និងវិញ្ញាសាប្រកួតផ្សេងទៀត ផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតនេះ អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមអត្តពលិកកម្ពុជា ចំនួន៩៦នាក់ ឲ្យទៅចូលរួមប្រកួត ហើយអ្នកទាំងនេះ ត្រូវប្រកួតលើប្រភេទកីឡាចំនួន១២ រួមមានតេក្វាន់ដូ ការ៉ាតេដូ យូដូ ជឺជីតស៊ូ ចំបាប់ វាយសី វាយកូនឃ្លីលើតុ ហែលទឹក ទ្រីយ៉ាត្លុង អត្តពលកម្ម បាល់ឱប និងកីឡាប្រណាំងទូក៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.