ក្រុមប៉េតង់ មកពីគ្រប់រាជធានី ខេត្ត កំពុងប្រកួតប្រជែងគ្នា រកជើងខ្លាំងថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩

4 months ago​ | ដោយ V-Dr

កីឡាករ កីឡាការិនីសរុបចំនួន ៣២៧នាក់ តំណាងឲ្យក្លិប-សមាគមចំនួន ៣៧ មកពីទូទាំងរាជធានី-ខេត្ត ក្នុងប្រទេសកម្ពុជា បាននឹងកំពុងធ្វើការប្រកួតប្រជែងគ្នា ដើម្បីរកក្លាយម្ចាស់ជយលាភី នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩។

ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិនេះ បានចាប់ដំណើរការប្រកួត នៅលើទីលានកីឡាប៉េតង់ពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃសុក្រនេះ ហើយគ្រោងនឹងបញ្ចប់នៅ ថ្ងៃអាទិត្យ ខាងមុខនេះ ហើយពួកគេ ត្រូវប្រកួតប្រជែងគ្នា នៅលើប្រភេទវិញ្ញាសាចំនួន៥ រួមមានវិញ្ញាសា៣នាក់ទល់៣នាក់បុរសក្របខ័ណ្ឌក១ វិញ្ញាសា៣នាក់ទល់៣នាក់បុរសក២ វិញ្ញាសា៣នាក់ទល់៣នាក់នារី ៣នាក់ទល់៣នាក់យុវជន និងការប្រកួត១នាក់ទល់១នាក់យុវនារី។

នៅពិធីបើកការប្រកួត កាលពីព្រឹកថ្ងៃសុក្រនេះ លោក សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានថ្លែងថា ៖«ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិនេះ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកទូទាំងរាជធានី-ខេត្ត បានចូលរួមគាំទ្រលើកស្ទួយវិស័យកីឡាប៊ូល និងប៉េតង់»។

លោក បានបន្ថែមថា៖ «បន្ថែមលើនេះ វាផ្តល់ឱកាសឲ្យអត្តពលិករបស់យើង អាចដុសខាត់នូវសមត្ថភាព និងបច្ចេកទេស ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន, ពានរង្វាន់សម្តេចក្រឡាហោម ស ខេង, ជើងឯកពិភពលោកយុវជន និងស្រ្តី ពិសេសត្រៀមការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា»។

យ៉ាងណាក៏ដោយ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានជំរុញឲ្យអត្តពលិកទាំងអស់ខិតប្រកួតគ្នាឲ្យអស់ពីសមត្ថភាព ក្នុងស្មារតីជាអ្នកកីឡា និងគោរពឲ្យបាននៅគោលការណ៍ Fair play ដើម្បីរកឲ្យឃើញអ្នកដែលមានសមត្ថភាពខ្លាំងពិតប្រាកដ ហើយលោកក៏បានជំរុញឲ្យគណៈកម្មការរៀបចំការប្រកួត ត្រូវយកចិត្តទុកដាក់បំពេញការងារផងដែរ ដើម្បីធ្វើឲ្យការប្រកួតថ្នាក់ជាតិនេះ បានដំណើរការទៅបានរលូន និងជោគជ័យ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.