v9
V9BET

ក្រុមប្រណាំងរថយន្តកម្ពុជា ហាក់បារម្ភចំពោះការចេញទៅប្រកួតការពារជើងឯកនៅថៃ និងមីយ៉ាន់ម៉ា

3 months ago​ | ដោយ V-Dr

ក្រុមប្រណាំងរថយន្តរបស់កម្ពុជា ហាក់បានបង្ហាញការបារម្ភចំពោះការចេញទៅប្រកួតការពារតំណែងជើងឯក នៃព្រឹត្តិការណ៍ប្រណាំងឡានឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2019 ដែលនឹងចាប់ផ្ដើមចេញដំណើរពីក្រុងប៉ាតាយ៉ា ប្រទេសថៃ ឆ្ពោះទៅកាន់ក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា លើចម្ងាយផ្លូវជាង២២០០គីឡូម៉ែត្រ។

លោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាកីឡាករមួយរូប ត្រូវការពារតំណែងជើងឯក ដែលលោកធ្លាប់ទទួលបានកាលពីឆ្នាំមុននោះ បានប្រាប់ប្រព័ន្ធផ្សាយ មុនចេញដំណើរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា៖ «យើងជាក្រុមមានជំនាញខាង Class សាំង ប៉ុន្តែលើកនេះ ក្រុមកីឡាករ និងអ្នកជំនាញៗ ដែលធ្លាប់លេង Class ម៉ាស៊ូត បានប្តូរមកលេង Class សាំង អ៊ីចឹងយើងក៏មានការបារម្ភមួយកម្រិតដែរ»។

លោកបានបន្ថែមថា៖ «បន្ថែមលើនេះ ស្ថានភាពផ្លូវ នៅប្រទេសមីយ៉ាន់ម៉ាយើងមិនធ្លាប់បានទៅលេងសោះ គឺសូម្បីតំបន់ ព្រៃភ្នំ និងប្រភេទដីផុកយ៉ាងណា ក៏យើងមិនដែលធ្លាប់ឆ្លងកាត់ អ៊ីចឹងខ្ញុំយល់ឃើញថា ២កត្តានេះ ធ្វើឲ្យការប្រកួតប្រជែងរបស់យើង កាន់តែតានតឹងជាងឆ្នាំមុន តែយ៉ាងហោចណាស់ ក៏យើងសង្ឃឹមថានឹងអាចរក្សានៅចន្លោះពិន្ទុសមរម្យណាមួយដែរ»។

គួរបញ្ជាក់ថា ការប្រកួតប្រណាំងឡានឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2019 នឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃអាទិត្យទី១០ ខែសីហា នៅប៉ាតាយ៉ា ប្រទេសថៃ និងបញ្ចប់នៅក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី១៦ ខែសីហា។ សម្រាប់រថយន្តប្រណាំងទាំង២របស់កម្ពុជា មានលេខ១១៥ បើកបរដោយ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរកីឡាករ វង្ស គឹមហួត ចំនួនមួយគ្រឿងទៀត ជារថយន្តលេខ១០៧ បើកបរដោយកីឡាករ ហូ សិទ្ធីគុណ និងជំនួយការអ្នកបើកបរ២រូប គឺកីឡាការិនី សេង សុជាតា និងកីឡាករ ពៅ តិចឡេង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.