v9
V9BET

ក្រុមកីឡានគរបាលជាតិកម្ពុជា លើកគ្នាទៅប្រជែងរកមេដាយកម្រិតពិភពលោក នៅចិន

2 weeks ago​ | ដោយ V-Dr

អង្គភាពកីឡានគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបញ្ជូនអត្តពលិករបស់ខ្លួនរហូតដល់៩៦នាក់ លើប្រភេទកីឡាចំនួន១២ ទៅចូលរួមប្រជែងរកមេដាយ ក្នុងការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ (The 18th World Police and Fire Games) ដែលនឹងត្រូវធ្វើឡើង នៅប្រទេសចិន ចាប់ពីថ្ងៃព្រហស្បតិ៍នេះ រហូតដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ។

បើទោះបីជា នេះជាលើកដំបូង ដែលក្រុមអត្តពលិកជាកងកម្លាំងនគរបាលជាតិកម្ពុជា បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែប្រធានប្រតិភូដឹកនាំការប្រកួត លោក ជា ប៊ុនហេង រំពឹងថា ក្រុមអត្តពលិកកីឡានគរបាលជាតិ នឹងដណ្តើមបានមេដាយណាមួយជូនជាតិ បើទោះបីជាព្រឹត្តិការណ៍នេះ មានប្រទេសជាង៧០ បានចូលរួមក៏ដោយ ។

ក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោក លើកទី១៨ ឆ្នាំ២០១៩ (The 18th World Police and Fire Games) ដែលនឹងត្រូវធ្វើឡើង នៅប្រទេសចិន ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែសីហា ខាងមុខនេះ។

លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ បានថ្លែងមុនពេលឡើងយន្តហោះ ទៅកាន់ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃចន្ទថា៖«ការប្រកួតកីឡា នៅក្នុងប្រទេសកម្ពុជា គឺអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ មានភាពលេចធ្លោរខ្លាំងជាងគេ ប៉ុន្តែការឈ្នះនៅក្នុងប្រទេស វាមិនសូវជាចាំបាច់ប៉ុន្មានទេ ព្រោះអ្វីដែលខ្ញុំចង់បាន គឺចង់ឲ្យកងកម្លាំងកីឡានគរបាលជាតិយើង មានមុខមានមាត់ នៅលើឆាកអន្តរជាតិ»។

លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «ថ្វីដ្បិតតែយើងមានសង្ឃឹមតិចតួច សម្រាប់ការចូលរួមជាលើកដំបូងនេះ ប៉ុន្តែយើងនឹងខិតខំប្រឹងប្រែង ហើយខ្ញុំសង្ឃឹមថា យើងនឹងអាចដណ្តើមបានមេដាយខ្លះ ព្រោះអ្នកដែលទៅចូលរួមលើកនេះ យើងជ្រើសរើសចេញពីកម្លាំងនគរបាល ដែលស្ថិតនៅក្នុងក្រុមជម្រើសជាតិ ហើយទាំងអស់គ្នា បានខិតខំហ្វឹកហាត់ ដើម្បីលើកមុខមាត់ប្រទេសជាតិ»។

ក្រុមអត្តពលិកជាកម្លាំងនគរបាលជាតិ ទាំង៩៦ ដែលត្រូវបានបញ្ជូលឲ្យទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោក លើកលើកទី១នេះ គឺពួកគេ នឹងត្រូវប្រកួតប្រជែងទៅតាមជំនាញរៀងៗខ្លួន នៅលើប្រភេទកីឡាទាំង១២ រួមមាន តេក្វាន់ដូ ការ៉ាតេ យូដូ ជឺជីតស៊ូ ចំបាប់ វាយសី វាយកូនឃ្លីលើតុ ហែលទឹក ទ្រីយ៉ាត្លុង អត្តពលកម្ម បាល់ឱប និង ប្រណាំងទូកកានូ ហើយលោក ជា ប៊ុនហេង បានប្រាប់ថា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអ្នករ៉ាប់រងទៅលើការចំណាយទាំងស្រុង ដែលអស់ជិត១០ម៉ឺនដុល្លារ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.