v9
V9BET

ក្រុមកម្ពុជា ទទួលបានលេខ៤ ក្នុងព្រឹត្តិការណ៍ Homeless World Cup

2 weeks ago​ | ដោយ V-Dr

ក្រុមបាល់ទាត់គ្មានទីពឹងរបស់កម្ពុជា បានបញ្ចប់ភារកកិច្ច នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកជនគ្មានទីពឹង ឆ្នាំ២០១៩ (Homeless World Cup 2019) នៅទីក្រុង Cardiff ប្រទេសវែលស៍ នៃចក្រភពអង់គ្លេស ជាផ្លូវការហើយ ដោយពួកគេទទួលបានចំណាត់ថ្នាក់លេខ៤ នៃពានរង្វាន់កម្រិតទី៥ Men’s Llewelyn Cup ហើយប្រតិភូកម្ពុជាមួយក្រុមនេះ បានវិលមកដល់មាតុប្រទេសវិញ កាលពីថ្ងៃចន្ទ ម្សិលមិញ។

តាមរយៈការប្រកួតប្រជែង នៅលើទីលានហ្វុតសាលប្រអប់ ដោយក្រុមម្ខាងៗមាន៤នាក់ដូចគ្នា ហើយពេលវេលានៃការប្រកួត១ប្រកួតៗ មាន១៤នាទី ដោយចែកជា២តង់នោះ គឺក្រុមកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ៥ ក្នុងការប្រកួតជម្រុះប្រចាំពូលA នៃដំណាក់កាលទី១ (Stage1) ដោយបានយកឈ្នះក្រុមអូស្រ្តាលី និងក្រុមដាណឺម៉ាក់ ប៉ុន្តែបានចាញ់ក្រុមស្វីស ក្រុមម៉ិចស៊ីកូ និងក្រុមម្ចាស់ផ្ទះវែលស៍។

ចំណែកការប្រកួតដំណាក់កាលទី២ ដោយឈរនៅពូលHនោះ ក្រុមកម្ពុជា បានយកឈ្នះក្រុមហ្វាំងឡើង ៧-៤ ឈ្នះក្រុមប៊ែលហ្ស៊ិក តែបានចាញ់ក្រុមហូឡង់ ៧-៦ និងចាញ់ក្រុមអាល្លឺម៉ង់ ៩-៤ ធ្វើឲ្យពួកគេ ទទួលបានចំណាត់ថ្នាក់លេខ៣ ដោយមាន៦ពិន្ទុ ជាមួយការឈ្នះ២ និងចាញ់២ប្រកួត។

ជាមួយលទ្ធផលការប្រកួតទាំង២ដំណាក់កាលនេះ បានធ្វើឲ្យក្រុមកម្ពុជា មានឱកាសត្រឹមប្រកួតយកពានកម្រិតទី៥ Men’s Llewelyn Cup នៃព្រឹត្តិការណ៍ Homeless World Cup 2019 ហើយតាមរយៈការប្រកួតនោះ ក្រុមកម្ពុជា បានបន្តយកឈ្នះក្រុមអូស្រ្តាលី ១១-៣ នៅក្នុងវគ្គជម្រុះ៨ក្រុម តែពួកគេបានទៅចាញ់ក្រុមស៊ុតអែត ដោយការទាត់បាល់ប៉េណាល់ទី ១-០ ដ៏គួរឲ្យសោកស្តាយបំផុត បន្ទាប់ពីក្រុមទាំង២នេះ បានត្រឹមស្មើគ្នា ៦-៦ ក្នុងការប្រកួតពេញម៉ោងចំនួន១៤នាទីនោះ។

ចំណែកការប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ក្រុមកម្ពុជា បានចាញ់ក្រុមស្លូវើនៀ ៦-៣ ខណៈក្រុមក្រូមអាត បានយកឈ្នះក្រុមស៊ុយអែត ៦-៥ ដើម្បីលើកពានកម្រិតទី៥នេះ។ ទោះយ៉ាងណា ក្រុមកម្ពុជា ក៏ទទួលបានមេដាយអនុស្សាវរីយ៍ និងពានកិត្តិយសសម្រាប់លេខ៤ផងដែរ ហើយប្រទេសចូលរួមភាពច្រើន បានស្រែកអបអរដល់ក្រុមកម្ពុជា នៅក្នុងពិធីបំពាក់មេដាយ និងពាននោះ។​​

ទាក់ទងនឹងការប្រកួតនេះ លោក ថុង គីមហុង ដែលជាគ្រូបង្វឹកក្រុមកម្ពុជា បាននិយាយថា៖«តាមរយៈការប្រកួតកន្លងមកនេះ ខ្ញុំមើលឃើញថា ក្រុមកម្ពុជាយើង បានប្រឹងប្រែងអស់ពីសមត្ថភាព ដោយយើងទទួលបានលេខ៤ ក្នុងចំណោមក្រុមពីចំណាត់ថ្នាក់លេខ៣៣ ទៅ៤០ ហើយពី១ប្រកួតទៅ១ប្រកួត ពួកគាត់ អភិវឌ្ឍខ្លួនបានច្រើនមែនទែន។ ពួកគាត់ មិនមែនគ្រាន់តែចូលរួមការប្រកួតបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់អាចរៀនបានច្រើនពីវិស័យទាក់ទង ការស្គាល់មិនភ័ក្ត្រមកពីប្រទេសផ្សេងៗ រៀនពីវប្បធម៌របស់គេ ជាពិសេសការអភិវឌ្ឍភាសារបស់គាត់ ដោយការមកប្រកួតនេះ ពួកគាត់ ក៏បានរៀនភាសាផ្សេងៗបានច្រើនផងដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.