v9
V9BET

អង្គភាពកីឡានគរបាលជាតិ គ្រោងប្រមូលកម្លាំងកីឡាករប្រដាល់ល្អៗ ដើម្បីប្រជែងជាមួយខាងក្រសួងការពារជាតិ

2 weeks ago​ | ដោយ V-Dr

ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង គ្រោងនឹងប្របែប្រមូលកីឡាករប្រដាល់ ដែលមានសមត្ថភាពល្អៗ ដាក់ចូលនៅក្នុងអង្គភាពរបស់លោក ដើម្បីតតាំង ឬប្រកួតប្រជែងជាមួយខាងក្រសួងការពារជាតិ ដែលជាអង្គភាព មានភាពលេចធ្លោរខ្លាំងជាងគេ លើផ្នែកកីឡាប្រដាល់នេះ។

លោក ជា ប៊ុនហេង បានថ្លែងថា៖«បន្តិចទៀត យើងនឹងប្រមូលពួកគាត់(ក្រុមប្រដាល់) ទៅជាក្លិបប្រដាល់ធំមួយ ព្រោះយើងចង់ប្រជែងគ្នាជាមួយខាងក្រសួងការពារជាតិ ដើម្បីឲ្យដឹងថា បើប៉ូលិស ប្រមូលផ្តុំបានកីឡាករល្អៗច្រើន តើតតាំងគ្នាបានអត់?»។

យ៉ាងណាក៏ដោយ ជុំវិញការចង់ប្រជែងផ្នែកប្រដាល់ជាមួយក្រសួងការពារជាតិនេះ លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖«ការតតាំងគ្នានេះ ដើម្បីតែឲ្យកីឡារីកចម្រើនប៉ុណ្ណោះ មិនមែនដើម្បីអ្វីផ្សេងនោះទេ ព្រោះកាលណា យើងពង្រឹងសមត្ថភាព បង្កើនគុណភាព និងបច្ចេកទេសហ្វឹកហាត់ គឺខាងគេក៏ប្រឹងដែរ។ ពេលខំប្រឹងដូចគ្នា នោះនឹងមានការកើនឡើងទាំងអស់គ្នា ហើយជាតិក៏នឹងរីកចម្រើន»។

ការលើកឡើងរបស់លោក ជា ប៊ុនហេង ត្រូវបានធ្វើឡើង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ គឺពេលលោកដឹកនាំក្រុមកីឡានគរបាលជាតិសរុប៩៦នាក់ ទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោក លើកទី១៨ (The 18th World Police and Fire Games) ដែលនឹងរៀបចំឡើងពីថ្ងៃទី៨ ដល់១៨ ខែសីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានោះទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង លោក ជា ប៊ុនហេង បានបង្ហើបឲ្យដឹងថា ពេលមកដល់ពេលនេះ អង្គភាពកីឡានគរបាលជាតិរបស់លោក បានជួយដាក់បញ្ជូលកីឡាករប្រដាល់ និងគ្រូបង្វឹកជាង៣០នាក់ហើយ ឲ្យមានក្របខ័ណ្ឌជានគរបាលជាតិ ក្នុងនោះមាន កែវ រំចង់ ធឿន ធារ៉ា រឿង សោភ័ណ្ឌ ផល សោភ័ណ្ឌ ឯម ខ្លឹមខ្មៅ សែន រ៉ាឌី សែន រ៉ាដេត ឡុង សុភី សេន ប៊ុនថេន និងអ្នកមួយចំនួនទៀត ហើយអ្នកទាំងអស់នេះហើយ ដែលលោក ជា ប៊ុនហេង ចង់ប្រមូលទៅជាក្លិបធំមួយ សម្រាប់ប្រកួតឲ្យអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.