v9
V9BET

លន បញ្ញា ក្លាយជាកីឡាករកម្ពុជាទី៣ ដែលឈ្នះបានខ្សែក្រវាត់ប្រាក់ នៅ PNN

2 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា លន បញ្ញា បានក្លាយជាបេក្ខភាពទី៣ ដែលឈ្នះបានខ្សែក្រវាត់ប្រាក់ សម្រាប់ការប្រកួតនៅលើសង្វៀន PNN បន្ទាប់ពីរូបគេបានបង្ហាញការប្រកួតយ៉ាងល្អ ដើម្បីយកឈ្នះអ្នកប្រដាល់ដ៏រឹងមាំរបស់ថៃ Chamuokpetch ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។

បើទោះបីជា លន បញ្ញា បានបង្ហាញអារម្មណ៍ស្ទាក់ស្ទើរ ក្នុងការយកឈ្នះ Chamuokpetch នៅមុនការប្រកួតចាប់ផ្តើម ដោយរូបគេហាក់បារម្ភទៅលើការទាត់ ពិសេសកណ្តាប់ដៃរបស់ថៃម្នាក់នេះ ប៉ុន្តែពេលឡើងជួបគ្នាផ្ទាល់ នៅលើសង្វៀន សិស្សគណរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ លន បញ្ញា បានបង្ហាញការប្រកួតយ៉ាងល្អបំផុត។

ការទាត់ខ្លាំងៗ និងបន្ថែមដោយការម៉ាត់លឿនៗរបស់ Chamuokpetch ហាក់ធ្វើឲ្យ អ្នកគាំទ្រមានការបារម្ភចំពោះ លន បញ្ញា ផងដែរ ព្រោះកណ្តាប់ដៃរបស់ថៃម្នាក់នេះ ធ្លាប់ធ្វើឲ្យ កូយ ឡាយ សន្លប់ធំត្រឹមទឹកទី៣ ក្នុងការប្រកួតជម្រុះម្តងហើយ ប៉ុន្តែ លន បញ្ញា ដែលបានវ៉ៃឲ្យថៃ Yuthakarn Petch សន្លប់នៅទឹកទី៣ ក្នុងវគ្គជម្រុះដែរនោះ អាចទប់ទល់ជាមួយស្ថានភាពនេះបានយ៉ាងល្អ។

បន្ថែមលើនេះ ចាប់ពីទឹកទី២ ដល់ទី៥ លន បញ្ញា បានដណ្តើមយកប្រៀបលើ Chamuokpetch ស្ទើរគ្រប់ទឹក តាមរយៈការម៉ាត់ ទាត់ ពិសេសការវាយកែងខ្លី និងការចាប់បុកជង្គង់របស់គេ ហើយក្បាច់ទាំងនេះ បានធ្វើឲ្យ Chamuokpetch ទ្រមខ្លួន និងបានដកថយ នៅទឹកទី៥ ព្រោះចូលប្តូរជាមួយ លន បញ្ញា មិនកើត។ សកម្មភាពនេះ បានធ្វើឲ្យ លន បញ្ញា ឈ្នះពិន្ទុដាច់តែម្តង។

ជាមួយនឹងជ័យជម្នះដណ្តើមបានខ្សែក្រវាត់ប្រាក់ទី៣ អមជាមួយប្រាក់រង្វាន់៤លានរៀលនេះ បានជួយឲ្យ លន បញ្ញា សម្រេចបំផុត ក្នុងការឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ហើយគិតមកដល់ពេលនេះ មិនទាន់មានកីឡាករថៃណាម្នាក់ បានឡើងទៅនោះទេ ព្រោះការប្រកួត២ដំណាក់កាលកន្លងមក ជើងខ្លាំង ឡៅ ចិត្ត្រា និង ឡុង ជិន របស់កម្ពុជា គឺជាអ្នកឈ្នះបានខ្សែក្រវាត់ប្រាក់ ហេតុនេះ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស គឺកីឡាករទាំង៣នេះ នឹងមានអ្នកត្រូវជួបគ្នា ខណៈបេក្ខភាពទី៤ ចុងក្រោយ នៅមិនទាន់រកឃើញ នៅឡើយទេ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.