v9
V9BET

លោក ហ៊ុន សែន បញ្ជាក់ពីមូលហេតុ មិនធ្វើការប្រកួតស៊ីហ្គេម នៅក្រោយការបោះឆ្នោត

3 weeks ago​ | ដោយ V-Dr

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននឹងកំពុងនឹងយកចិត្តទុកដាក់ខ្លាំង ទៅលើការធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយលោកបានបញ្ជាក់ពីមូលហេតុ មិនពន្យាការប្រកួតនេះ ទៅធ្វើនៅក្រោយការបោះឆ្នោតផងដែរ។

លោក ហ៊ុន សែន បានថ្លែង នៅក្នុងពិធីដំឡើងថាសកៅអីបេតុងចុងក្រោយកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទថា៖ «យើងបានកំណត់យកថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃរៀបចំពិធីបើក ការប្រកួតស៊ីហ្គេម នៅកម្ពុជា ហើយកំភ្លេចថា ខែឧសភា ក្តៅផង ហើយអាចមានភ្លៀងធ្លាក់ផង អ៊ីចឹងសូម្បីតែការបម្រុងទុកអាវភ្លៀង តង់ ក្រណាត់កៅស៊ូ សម្រាប់អ្នកទស្សនា ក៏យើងត្រូវបានគិតគូផងដែរ»។

ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីការយកថ្ងៃទី៥ ខែឧសភា ជាថ្ងៃបើកការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ដោយលោកបានបញ្ជាក់ថា៖ «ការកំណត់បែបនេះដោយសារខែ៧ ឆ្នាំ២០២៣ ជាពេលដែលយើងរៀបចំការបោះឆ្នោត ដូច្នេះតាមធម្មតា យើងត្រូវធ្វើឲ្យច្បាស់ថា យើងជាអ្នកទទួលខុសត្រូវ បើសិនជាពន្យាទៅទុកធ្វើនៅក្រៅការបោះឆ្នោត គឺវាមិនងាយស្រួលទេ»។

លោកបានបន្ថែមថា៖ «ម្យ៉ាងយើងត្រូវធ្វើខួបធំ លើកទី៦០ នៃថ្ងៃបុណ្យឯករាជ្យរបស់កម្ពុជា ហើយនៅក្រោយការបោះឆ្នោត យើងមានការរវល់ណាស់ រៀបចំរដ្ឋាភិបាលផង រៀបចំគណៈរដ្ឋមន្រ្តីផង រួចហើយត្រូវប្រជុំរៀបចំផែនការច្រើនណាស់ រវល់មួយកាភ្លួស អ៊ីចឹងដើម្បីកុំឲ្យពិបាកដល់ពេលនោះ យើងត្រូវធ្វើនៅមុនថ្ងៃបោះឆ្នោត»។

បន្ថែមលើនេះ លោក ហ៊ុន សែន បញ្ជាក់ពីគោលជំហរចម្បង ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ថា៖ «យើងមាន២ចំណុច ទី១ ការទទួលខុសត្រូវ ក្នុងឋានៈជាម្ចាស់ផ្ទះ និងទី២ ខិតខំដណ្តើមមេដាយឲ្យបានច្រើន ប៉ុន្តែចំណុចទី១នេះ ធំជាងគេ។ បើទោះបីជា ដណ្តើមមិនបានមេដាយសោះ ក៏អីទៅចុះ ប៉ុន្តែយើងធ្វើម៉េចឲ្យតែការប្រកួតបានត្រឹមត្រូវ បើកបានត្រឹមត្រូវ បិទបានត្រឹមត្រូវ ហើយពេលគេត្រឡប់ទៅប្រទេសគេវិញ មានការចងចាំ ការប្រកួតស៊ីហ្គេម នៅកម្ពុជា គឺកុំធ្វើឲ្យខូចមុខមាត់ប្រទេសយើង»៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.