v9
V9BET

លោក ហ៊ុន សែន ថា ទោះមិនបានមេដាយសោះ ក៏អីទៅចុះ តែយើងត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ដោយមានទំនួលខុសត្រូវ

3 weeks ago​ | ដោយ V-Dr

លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា គឺត្រូវធ្វើឲ្យបានច្បាស់លាស់ និងដោយមានការទទួលខុសត្រូវខ្ពស់ បើទោះបីជា កម្ពុជា មិនដណ្តើមបានមេដាយសោះ ពីព្រឹត្តិការណ៍នេះក៏ដោយ។

លោក ហ៊ុន សែន បានថ្លែង នៅក្នុងពិធីដំឡើងថាសកៅអីបេតុងចុងក្រោយកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃចន្ទ ម្សិលមិញថា៖«ការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់ ដើម្បីចាប់យកមេដាយឲ្យបានច្រើន វាជារឿងមួយហើយ ប៉ុន្តែនៅទីនេះ ត្រូវចងចាំឲ្យបានច្បាស់ថា យើងមានតួនាទីជាម្ចាស់ផ្ទះ ដូច្នេះយើងត្រូវធ្វើជាម្ចាស់ផ្ទះ ដែលមានការទទួលខុសត្រូវ ហើយការប្រកួតត្រូវប្រព្រឹត្តទៅឲ្យរលូនពីដើម ដល់ចប់ មិនធ្វើឲ្យប្រតិភូកីឡា មកពីប្រទេសនានា បាក់ទឹកចិត្ត និងធ្វើឲ្យខូចនូវមុខមាត់ប្រទេសយើងនោះទេ»។

លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា៖«ការដណ្តើមមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ វាជារឿងទី២ទេ ប៉ុន្តែរឿងធានារ៉ាប់រង ក្នុងឋានៈជាសមាជិកអាស៊ាន ដែលមានការទទួលខុសត្រូវ គឺត្រូវធ្វើការងារនេះឲ្យច្បាស់ កុំឲ្យគេនិយាយដើមពីកម្ពុជាថា ទទួលមិនបានល្អ ដេកមិនបានគ្រប់ ព្រោះក្តៅ»។

លោក ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា៖«បើទោះបីជា យើងដណ្តើមមិនបានមេដាយសោះ ក៏អីទៅចុះ ប៉ុន្តែយើងត្រូវធ្វើម៉េចឲ្យតែការប្រកួតស៊ីហ្គេមរបស់យើង បានត្រឹមត្រូវ បើកបានត្រឹមត្រូវ បិទបានត្រឹមត្រូវ ហើយពេលគេត្រឡប់ទៅប្រទេសគេវិញ ឲ្យគេចងចាំថា ពីការប្រកួតស៊ីហ្គេម នៅកម្ពុជា»៕

កែសម្រួលដោយ៖​ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.