v9
V9BET

កែវ រំចង់ និង សុខ ធី សុទ្ធតែឈ្នះថៃ ប៉ុន្តែ ឡៅ ចិត្ត្រា ចាញ់ Fon Luong ដាច់តែម្តង

3 weeks ago​ | ដោយ V-Dr

ការប្រកួត ៣គូដ៏កក្រើក នៅលើសង្វៀន ៣ផ្សេងគ្នា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ កីឡាករជើងខ្លាំង កែវ រំចង់ បានបន្តយកឈ្នះអ្នកប្រយុទ្ធមុខឌឺរបស់ថៃ Iquezang ហើយ សុខ ធី ក៏បានយកឈ្នះអ្នកប្រដាល់មុខរឹងរបស់ថៃ Kawkrachang ផងដែរ ប៉ុន្តែ ឡៅ ចិត្ត្រា មិនអាចយកឈ្នះជើងខ្លាំង Fon Luong ដើម្បីសងសឹកឲ្យជនរួមជាតិ បានទេ។

សម្រាប់ការប្រកួតត្រឹម៣ទឹក នៅលើសង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ កែវ រំចង់ បានវាយសម្រុកទៅលើថៃ Iquezang (អ៊ីខ្យូសាង) ភ្លាមៗ ហើយគេក៏បានទាត់ជើងក្រោមបណ្តាលឲ្យថៃម្នាក់នេះដួល១លើកផងដែរ។

ចំណែកនៅក្នុងទឹកទី២ និងទឹកទី៣ កែវ រំចង់ និង Iquezang បានវាយប្តូរគ្នាយ៉ាងខ្លាំង ជាមួយការម៉ាត់ ទាត់ និងវាយកែង ដែលធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្តយ៉ាងខ្លាំង ហើយជាលទ្ធផល កែវ រំចង់ បានឈ្នះដោយពិន្ទុ បន្ថែមទៅលើការឈ្នះ១ និងចាញ់១លើក នាជំនួប នៅក្នុងទឹកដីថៃ កន្លងមក។

ដោយឡែក កីឡាករជើងខ្លាំង សុខ ធី ដែលបានបង្ហាញខ្លួននៅកម្ពុជាជាថ្មី ក្រោយពីបានរួចផុតពីការពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរនោះ គួរណាស់តែអាចផ្តួលថៃ Kawkrachang ឲ្យសន្លប់ សម្រាប់ការប្រកួត នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះដែរ។

តាមរយៈការប្រកួតនេះ សុខ ធី បានម៉ាត់ និងវាយកែងចូលមុខរបស់ Kawkrachang ពេញៗ ប៉ុន្តែអ្នកប្រយុទ្ធរបស់ថៃម្នាក់នេះ ហាក់មិនបានបង្ហាញការឈឺចាប់ទន់ជ្រាយជាមួយការវាយចូលធ្ងន់ៗនេះឡើង ផ្ទុយទៅវិញរូបគេ នៅតែអាចរក្សាគោលជំហរ និងវាយបកទៅវិញ ដែលធ្វើឲ្យ សុខ ធី មានការលំបាកម្តងៗផងដែរ។ ទោះយ៉ាងណា សុខ ធី ត្រូវបានប្រកាសឲ្យឈ្នះពិន្ទុ សម្រាប់ការប្រកួតនេះយ៉ាងស័ក្តិសមបំផុត ព្រោះការវាយសងគ្នា៥ទឹកពេញ សុខ ធី បានវាយចំគោលដៅច្រើនបំផុត គ្រាន់តែថៃម្នាក់នេះ មិនសន្លប់។

ផ្ទុយពីនេះ ជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឡៅ ចិត្ត្រា ដែលត្រូវបានអ្នកគាំទ្រ ដាក់ក្តីសង្ឃឹមថា នឹងអាចយកឈ្នះជើងខ្លាំង Fon Luong ដើម្បីសងសងឲ្យជនរួមជាតិ មាន ឃីម ឌីម៉ា, ផល សោភ័ណ្ឌ, ផាន់ គ្រាន់ និង ឡុង សំណាង ជាដើមនោះ គឺរូបគេមិនអាចធ្វើបាននោះទេ។

តាមរយៈការប្រកួត នៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍នោះ ឡៅ ចិត្រ្តា ធ្វើបានល្អតែទឹកទី១ និងទឹកទី២ ប៉ុណ្ណោះ ប៉ុន្តែការព្យាយាមចូលចាប់បុកជង្គង់ និងតាមវាយកែង របស់គេ សម្រាប់ការប្រកួត៣ទឹកចុងក្រោយ ចិត្ត្រា ត្រូវបានថៃម្នាក់នេះ ម៉ាត់ និងទាត់ចូលពេញៗ គឺបានចាញ់ដោយពិន្ទុដាច់តែម្តង។

សម្រាប់ការបន្តឈ្នះនៅលើទឹកដីកម្ពុជានេះ Fon Luong ដែលមានឈាមជ័រជាខ្មែរដែរនោះ បាននិយាយក្រោយការប្រកួតថា៖ «ឡៅ ចិត្ត្រា ជាកីឡាករមានសមត្ថភាពល្អម្នាក់ ស្របពេលខ្ញុំក៏ខានប្រកួតរាងយូរហើយដែរ អ៊ីចឹងការវាយចេញរាងស្អិតបន្តិច គឺធ្វើឲ្យខ្ញុំពិបាកក្នុងការយកឈ្នះដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.