v9
V9BET

អេ ភូថង ថា កូនរបស់លោក បានត្រៀមយ៉ាងល្អ ដើម្បីវ៉ៃផ្តាច់ព្រ័ត្រជាមួយ Phitnam Ek

3 weeks ago​ | ដោយ V-Dr

អតតីជើងខ្លាំងគ្មានគូប្រៀបប្រចាំនៅកម្ពុជា អេ ភូថង បានប្រាប់ថាកូនប្រុសរបស់លោក ម៉ឺន មេឃា បានត្រៀមខ្លួនយ៉ាងល្អ ដើម្បីឡើងប្រកួតផ្តាច់ព្រ័ត្រជាមួយថៃ Phitnam Ek នៅលើសង្វៀន CNC នាព្រឹកថ្ងៃសៅរ៍នេះ ដើម្បីឆ្ពោះទៅរកការប្រកួតយកខ្សែក្រវាត់ ជាលើកដំបូង។

លោក អេ ភូថង ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិគុនខ្មែរ ផងនោះ បានប្រាប់ថា៖ «ម៉ឺន មេឃា មិនធ្លាប់បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្របែបនេះទេ អ៊ីចឹងហើយការប្រកួតលើកនេះ វាបានខំប្រឹងប្រែងហ្វឹកហាត់ គឺត្រៀមខ្លួនបានយ៉ាងល្អ ព្រោះវាចង់ឈ្នះ ដើម្បីបានទៅប្រកួតដណ្តើមខ្សែក្រវាត់ វគ្គផ្តាច់ព្រ័ត្រ ជាលើកដំបូង»។

ការជួបគ្នារវាង ម៉ឺន មេឃា និង ថៃ Phitnam Ek លើកនេះ គឺជាការប្រកួតផ្តាច់ព្រ័ត្រប្រចាំគ្រុបទី១ (Group) ហើយអ្នកឈ្នះ នឹងទទួលបានឱកាសឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ជាមួយកីឡាករបានលេខ១ប្រចាំគ្រុបទី២ ដើម្បីដណ្តើមគ្នាយកខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាម ក្នុងព្រឹត្តិការណ៍ «កម្ពុជាសង្វៀនគុនខ្មែរ» នេះ អមដោយប្រាក់រង្វាន់៦០០០ដុល្លារ សម្រាប់ម្ចាស់ខ្សែក្រវាត់ និងអ្នកចាញ់ក៏បាន៣០០០ដុល្លារ។

យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រប្រចាំគ្រុបទី១នេះ ក៏ទទួលបានប្រាក់រង្វាន់ច្រើនផងដែរ គឺអ្នកឈ្នះ នឹងទទួលបានប្រាក់រង្វាន់៥០០ដុល្លារ និងម៉ូតូ Zoomer X មួយគ្រឿង រីឯអ្នកលេខ២ បាន២០០០ដុល្លារ។ ចំណែកលេខ៣ បាន១៥០០ដុល្លារ និងលេខ៤ បាន១០០០ដុល្លារ ហើយកីឡាករថៃ Phit Dam និង Nak Rop គឺជាបេក្ខភាព ដែលត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤នេះ បន្ទាប់ពីពួកគេ បានចាញ់ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅពេលសួរពីទំនុកចិត្តក្នុងការយកឈ្នះ Phitnam Ek លោក អេ ភូថង បានបញ្ជាក់ថា៖ «កីឡាករថៃម្នាក់នេះ ធ្លាប់បានជួប ម៉ឺន មេឃា ម្តងហើយ នៅក្នុងឆ្នាំ២០១៩នេះ ដោយកាលនោះ មេឃា បានវាយឲ្យសន្លប់នៅទឹកទី៤ ហើយការជួបគ្នាលើកនេះ មេឃា បានហាត់ត្រៀមគ្រប់ក្បាច់ និងសង្ឃឹមឈ្នះ៨០ភាគរយ»។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតប្រចាំគ្រុបទី១នេះ ដែលមានកីឡាករកម្ពុជា៤នាក់ និងថៃ៤នាក់ គឺមានតែ ម៉ឺន មេឃា ម្នាក់គត់ ដែលទទួលបានជ័យជម្នះ ហើយឡើងមកដល់ផ្តាច់ព្រ័ត្រនេះ ដោយក្នុងនោះ មេឃា បានយកឈ្នះថៃ Yorth Niyom ក្នុងវគ្គជម្រុះបើកឆាក មុនពេលរូបគេបន្តយកឈ្នះថៃ Nak Rop នៅវគ្គ១/២ផ្តាច់ព្រ័ត្រ។

ប៉ុន្តែ សេន កុសល, ឡូញ វ៉ានី និង អេលីត ចំរើន បានចាញ់ និងធ្លាក់ក្នុងវគ្គជម្រុះបើកឆាកដូចគ្នា។ រីឯPhitnam Ek បានយកឈ្នះ អេលីត សាន់ ក្នុងវគ្គជម្រុះបើកឆាក និងបន្តយកឈ្នះកីឡាករថៃដូចគ្នា គឺ Phit Dam ដោយពិន្ទុ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមកនេះ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.