v9
V9BET

ប្រធានប៉េតង់កម្ពុជាថា យើងធ្វើម្ចាស់ផ្ទះជើងេកពិភពលោក គឺចង់ឈ្នះ មិនមែនធ្វើដើម្បីតែល្អមើលនោះទេ

4 weeks ago​ | ដោយ V-Dr

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោក ស សុខា បានចាត់ទុកការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ជាលើកដំបូង ដែលគ្រោង នឹងធ្វើពីថ្ងៃទី១៨ ដល់ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថាជាប្រវត្តិសាស្រ្តថ្មីរបស់កម្ពុជា ក្នុងការបង្ហាញពីអ្វីដែលកម្ពុជា ទៅកាន់ពិភពលោក។

ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្នែកកីឡា លោក ស សុខា បានបង្ហាញពីទិសដៅយ៉ាងពិតប្រាកដមួយរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយលើកបានបញ្ជាក់ថា យើងធ្វើជាម្ចាស់ផ្ទះនេះ គឺចង់ឈ្នះបានមេដាយច្រើន មិនមែនធ្វើដើម្បីតែល្អមើលនោះទេ។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងសន្និសីទកាសែត នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃពុធ ម្សិលមិញ លោក ស សុខា បានថ្លែងថា៖«នៅពេលនេះ អត្តពលិករបស់យើង បាននឹងកំពុងធ្វើការហ្វឹកហាត់រៀងរាល់ថ្ងៃ គឺហាត់ទាំងព្រឹក ទាំងល្ងាច ដើម្បីបន្ថែមនៅគុណភាពឲ្យបានប្រសើរថែមទៀត ព្រោះការធ្វើម្ចាស់ផ្ទះនេះ យើងចង់ឈ្នះ មិនមែនធ្វើម្ចាស់ផ្ទះ ដើម្បីឲ្យតែល្អមើលនោះទេ! យើងចង់បានទាំងបរិមាណ និងគុណភាព ហើយខ្ញុំគិតថា កម្ពុជាយើងមានលទ្ធភាពដណ្តើមមេដាយបានច្រើន»។

លោក ស សុខា បានបន្ថែមថា៖ «ការធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកពិពភពលោកនេះ វាជាប្រវត្តិសាស្រ្តថ្មី និងជាឱកាសមួយរបស់កម្ពុជាយើង ក្នុងការបង្ហាញទៅកាន់ពិភពលោកថា យើងអាចរៀបចំហ្គេមកម្រិតពិភពលោកបាន ហើយគិតមកដល់ពេលនេះ យើងត្រៀមបាន៩០ភាគរយហើយ ហើយយើងនឹងធ្វើឲ្យបានរួចរាល់ នៅមុនការប្រកួត១ខែ»។

បើតាមលោក Claude Azema ប្រធានសហព័ន្ធកីឡាប៉េតង់ពិភពលោក ដែលបានមកចូលរួមជួយពង្រឹងផ្នែកបច្ចេកទេសដល់មន្រ្តីរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នោះ បានឲ្យដឹងថា ប្រទេសប្រមាណ៦០ នឹងធ្វើដំណើរមកកាន់កម្ពុជា ដើម្បីចូលរួមប្រជុំមហាសន្និបាតរបស់សហព័ន្ធកីឡាប៉េតង់ពិភពលោក និងចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក លើកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.