v9
V9BET

បាល់បោះកម្ពុជា ទទួលបានជំនួយជាង ៣ម៉ឺនដុល្លារ ពីក្រុមហ៊ុនចិន

5 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់បោះកម្ពុជា បានទទួលប្រាក់ឧបត្ថម្ភចំនួន៣២០០០ដុល្លារ ពីក្រុមហ៊ុន Yuetai របស់ចិន ខណៈភាគីទាំង២ បានចុះអនុស្សារណៈយោគយល់គ្នា (MoU)រយៈពេល១ឆ្នាំ ក្នុងការរូមគ្នាអភិវឌ្ឍវិស័យបាល់បោះនៅកម្ពុជា ដែលត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ។

កិច្ចព្រមព្រៀងសហការភាពជាដៃគូតាមរយៈការចុះ MoU ជាមួយគ្នានេះ ត្រូវបាន ធ្វើឡើងក្រោមវត្តមានលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា និងលោក Sam Yeung អគ្គនាយកក្រុមហ៊ុន Yuetai នៅទីលានបាល់បោះ នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក អ៊ុក សិទ្ធិជាតិ បានសម្តែងការអរគុណទៅកាន់លោក Sam Yeung និងក្រុមហ៊ុន Yuetai ដែលបានចូលរួមឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់បោះកម្ពុជា នៅពេលនេះ ហើយលោកបានចាត់ទុកការជួយឧបត្ថម្ភនេះ «ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយជំរុញ និងអភិវឌ្ឍវិស័យបាល់បោះនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនទៅមុខ»។

បើតាមលោក អ៊ុក សិទ្ធិជាតិ បានឲ្យដឹងថា សុពលភាពនៃការឧបត្ថម្ភក្នុងពេល១ឆ្នាំ នេះ គឺចាប់គិតពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ហើយទំហំទឹកប្រាក់ចំនួន៣២០០០ដុល្លារនេះ នឹងប្រើប្រាស់ទៅលើគម្រោងចំនួន២ធំៗ។

លោកបានបញ្ជាក់ថា៖ «ថវិកាចំនួន៣២០០០ដុល្លារនេះ គឺក្រុមហ៊ុន Yuetai បានឧបត្ថម្ភចំនួន២ម៉ឺនដុល្លារ សម្រាប់រៀបចំការប្រកួតលីកបាល់បោះកម្ពុជា ប្រចាំឆ្នាំ និងឧបត្ថម្ភ១២០០០ដុល្លារ សម្រាប់សម្រាប់ការប្រកួតផ្សេងៗ ដែលជាគម្រោងរៀបចំរបស់សហព័ន្ធ ទៅលើក្រុមជម្រើសជាតិ និងក្រុមថ្នាលជម្រើសជាតិ»។

ចំណែក លោក សំ យ៉ាង ដែលជាអ្នកនិយមចូលចិត្តលេងបាល់បោះមួយរូបផងនោះ បានប្រាប់ថា គម្រោងឧបត្ថម្ភនេះ នឹងមានការជួយជាបន្តបន្ទាប់ទៀតនៅឆ្នាំក្រោយៗ ហើយលោកសង្ឃឹមថា តាមរយៈការជួយឧត្ថម្ភគាំទ្រពីក្រុមហ៊ុន Yuetai លើកនេះ នឹងជួយឲ្យក្រុមបាល់បោះកម្ពុជា អាចពង្រឹងសមត្ថភាព តាមរយៈការប្រកួតលីកបាល់បោះ និងការប្រកួតផ្សេងៗទៀត ដែលនឹងជួយឲ្យបាល់បោះកម្ពុជា មានសក្តានុពលអាចប្រកួតប្រជែង ប្រកបដោយគុណភាពលើឆាកអន្តរជាតិ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.