ធ្ងន់កទៀតហើយ! ក្រុមកម្ពុជា ឈរជាមួយពូលក្រុមលំដាប់លេខ១ នៅអាស៊ី

5 months ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចនឹងក្លាយជាក្រុម ដែលទទួលភាពជូរចត់ សម្រាប់ការប្រកួតជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 & AFC Asian Cup 2023 នៅប្រទេសកាតា ខណៈក្រុមដ៏កម្សត់មួយនេះ បានចាប់ឆ្នោតឈរនៅក្នុងពូល C ជាមួយក្រុមលំដាប់លេខ១របស់អាស៊ី និងក្រុមមានសមត្ថភាពខ្លាំងជាងខ្លួន ចំនួន៣ផ្សេងទៀតនោះ។

តាមរយៈការចាប់ឆ្នោតបែងចែកពូល ដែលត្រូវធ្វើឡើង នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ស្ថិតនៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃពុធ ម្សិលមិញ ក្រុមកម្ពុជា ដែលស្ថិតក្នុង Pot ទី៥ ត្រូវបានចាប់ឆ្នោតប៉ះ ក្រុមអ៊ីរ៉ង់ មកពី Pot ទី១ ដែលជាក្រុមឈរនៅលេខ១នៃចំណាត់ថ្នាក់អាស៊ី និងឈរនៅលេខ២០ នៃចំណាត់ថ្នាក់ពិភពលោក រួមជាមួយក្រុមហុងកុង មកពីPotទី៤ ក្រុមបារ៉ែន មកពីPot ទី៣ និងក្រុមអ៊ីរ៉ាក់ មកពីPot ទី២។

កុំថាឡើយក្រុមអ៊ីរ៉ង់ សូម្បីតែក្រុមឈរនៅពូលជាមួយគ្នា៣ទៀត ក៏មានកម្រិតលេងលើក្រុមកម្ពុជា និងឈរនៅចំណាត់ថ្នាក់ល្អជាង ទាំងកម្រិតអាស៊ី និងពិភពលោកផងដែរ។ ប៉ុន្តែសម្រាប់អ្នកតាមដានការប្រកួតបាល់ទាត់មួយចំនួន បែរជាគិតថា ការឈរនៅពូលជាមួយក្រុមខ្លាំងៗ វាជារឿងល្អសម្រាប់ក្រុមកម្ពុជា ក្នុងការអភិវឌ្ឍខ្លួន ឲ្យបានកាន់តែប្រសើរ ព្រោះការប្រកួតប្រជែង ក្នុងវគ្គជម្រុះជុំទី២ ពាន FIFA World Cup នេះ គឺដឹងតែកម្ពុជា មិនអាចទៅរួចទៅហើយ។

តាមការចាប់ឆ្នាំនេះ ក្រុមកម្ពុជា នឹងត្រូវស្វាគមន៍ក្រុមហុងកុង សម្រាប់ការប្រកួតជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា មុនជួបក្រុមប៉ារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ហើយនៅថ្ងៃទី១០ ខែតុលា កម្ពុជា ត្រូវទៅជួបក្រុមអ៊ីរ៉ង់ រួចទើបវិលមកជួបក្រុមអ៊ីរ៉ាក់ នៅលើទឹកដីខ្លួនឯងវិញ នៅថ្ងៃទី១៥ ខែតុលា ដដែលនោះ ខណៈការប្រកួតជើងទី២ ត្រូវធ្វើនៅចុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 & AFC Asian Cup 2023 គឺមានការបែងចែកការប្រកួតជា៨ពូល ហើយពូលនីមួយៗ ត្រូវធ្វើការប្រកួតជម្រុះវិលជុំចំនួន២ជើង នៅតាមពូលរៀងៗខ្លួន ដើម្បីយកក្រុមលេខ១តាមពូលទាំង៨ និងក្រុមលេខ២ល្អ ចំនួន៤ក្រុមទៀត សរុប១២ក្រុម សម្រាប់ឡើងទៅលេងនៅវគ្គជម្រុះជុំទី៣៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.