v9
V9BET

CAMSOC ផ្តោតខ្លាំងទៅលើបញ្ហាហិរញ្ញវត្ថុ ដែលត្រូវប្រើសម្រាប់ស៊ីហ្គេម

1 month ago​ | ដោយ V-Dr

កិច្ចប្រជុំត្រីមាសទី៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ថា CAMSOC ដែលមានសម្តេចសេនាពិជ័យ ទៀ បាញ់ ជាប្រធាននោះ បាននិយាយផ្តោតខ្លាំងទៅលើបញ្ហាហិរញ្ញាវត្ថុរបស់រដ្ឋ ដែលត្រូវប្រើ នៅមុនពេលប្រកួត ក្នុងពេល ប្រកួត និងក្រោយពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង។

បើទោះបីជាតំណាងរបស់ក្រសួងហរិញ្ញវត្ថុ បានពន្យល់ច្រើនទៅលើរបៀបរបបនៃគម្រោងចំណាយហិរញ្ញវត្ថុនេះ ប៉ុន្តែសម្តេចសេនាពិជ័យ ទៀ បាញ់ បានប្រាប់ទៅអគ្គលេខាធិការ ត្រូវធ្វើរបាយការណ៍ទៅលើគម្រោងចំណាយនេះ ឲ្យបានច្បាស់លាស់ នៅក្នុងត្រីមាសនីមួយៗ ព្រោះលោកបានចាត់ទុកថា រឿងហិរញ្ញវត្ថុនេះ ជាបញ្ហាធំ ដែលយើងត្រូវធ្វើឲ្យបានច្បាស់លាស់។

ទាក់ទងទៅនឹងបញ្ហាហិរញ្ញវត្ថុនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការអចិន្ត្រៃយ៍របស់ CAMSOC បានថ្លែងក្រោយកិច្ចប្រជុំ កាលពីថ្ងៃចន្ទនោះថា៖ «អ្វីដែលសម្តេចសេនាពិជ័យ ទៀ បាញ់ យកចិត្តទុកដាក់ជាងគេ គឺការធ្វើឲ្យមានប្រសិទ្ធភាព ខាងផ្នែកហរិញ្ញវត្ថុ គឺធ្វើយ៉ាងណាឲ្យមានតម្លាភាព គណនេយ្យភាព និងសុច្ចរិតភាព នៅក្នុងការប្រើប្រាស់ហិរញ្ញវត្ថុរបស់រដ្ឋ និងជាតិរបស់យើង ក្នុងសកម្មភាពជំរុញការអភិវឌ្ឍផ្សេងៗ នៅក្នុងវិស័យកីឡារបស់យើង»។

យ៉ាងណាក៏ដោយតំណាងរបស់ក្រសួងហិរញ្ញាវត្ថុ បានអះអាងនៅក្នុងកិច្ចប្រជុំរបស់ CAMSOC នៅវិមានមិត្តភាព កាលពីថ្ងៃចន្ទនោះថា ផែនការគម្រោងចំណាយសម្រាប់ស៊ីហ្គេមនេះ ធ្វើបានលម្អិតហើយ ដោយក្នុងនោះមាន៣ គឺទីគម្រោងចំណាយមុនការប្រកួតពីឆ្នាំ២០១៩នេះ ដល់ឆ្នាំ២០២២ ទី២ គម្រោងចំណាយពេលប្រកួត នៅឆ្នាំ២០២៣ ហើយទី៣ គម្រោងចំណាយក្រោយការប្រកួត នៅឆ្នាំ២០២៤។

យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុ ដែលជាអ្នកទទួលគ្រប់គ្រងទៅលើការចំណាយរបស់ CAMSOC ត្រៀមការប្រកួតស៊ីហ្គេមនេះ បានស្នើសុំឲ្យសហព័ន្ធជាតិនីមួយៗ និងគណៈកម្មការពាក់ព័ន្ធទាំងអស់ ត្រូវធ្វើរបាយការណ៍ឲ្យបានលម្អិតចំពោះគម្រោងចំណាយទៅលើសកម្មភាពបណ្តុះបណ្តាល ហ្វឹកហាត់ និងការប្រកួតរបស់ខ្លួន ហើយក្រសួងមួយនេះ ក៏នឹងបង្កើតឲ្យមាន Software សម្រាប់គ្រប់គ្រងទៅលើគម្រោងចំណាយ និងចំណូលនេះផងដែរ ដោយបានបញ្ជាក់ថា៖ «ការចំណាយទៅលើផ្នែកនីមួយៗ មានការត្រួតពិនិត្យឡើងវិញ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហេតុនេះយើងត្រូវធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់បំផុត»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.