v9
V9BET

រឿង CMMAF ត្រូវផ្ដល់ឲ្យក្លិបទាំង ២២ ដែលបានចុះឈ្មោះជាផ្លូវការថ្មីៗនេះ

3 months ago​ | ដោយ V-Dr

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា( CMMAF) កំពុងបញ្ចេញសកម្មភាពរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ក្លិប/សមាគមទាំង ២២ ដែលបានផ្ដល់សេចក្ដីទុកចិត្ត និង ចុះឈ្មោះជាសមាជិកផ្លូវការនាពេលថ្មីៗនេះ។

លោក កែ ប៊ិនសូរស្មី អុនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានថ្លែងក្នុងន័យឆ្លើយតបតម្រូវការបែបនេះ៖ «យើងមាន ២២ក្លិបបានចុះឈ្មោះជាសមាជិក។ ក្លិបទាំងអស់ជាផ្នែកនៃការខិតខំប្រឹងរបស់យើង។ ក្រៅពីក្លិបនៅភ្នំពេញ មានមកពី សៀមរាប បាត់ដំបង និង កំពង់ឆ្នាំងជាដើម។ ពួកគេគាំទ្រយើង ដូច្នេះយើងត្រូវតែផ្ដល់ការតបស្នងទៅវិញ។ យើងនឹងរៀបចំការហ្វឹកហាត់ដកស្រង់បច្ចេកទេសនៅក្លិបនៅតាមខេត្ត ហើយក៏អញ្ជើញកីឡាករនិងគ្រូបង្វឹកមកហ្វឹកហាត់នៅភ្នំពេញដែរ។ យើងកំពុងរៀបចំកាលវិភាគលើកម្មវិធីផ្លាស់ប្ដូរពិសោធន៍នេះ»។ ក្នុងចំណោម ២២ ក្លិបដែលបានចុះឈ្មោះ មាន ក្លិបចំនួន ៤ មកពីក្រៅប្រទេស ដែលមានកូនខ្មែរហ្វឹកហាត់នៅទីនោះដូចជា អូស្ត្រាលី , អាមេរិក , កាណាដា និង បារាំង។

យ៉ាងណាក្ដី អនុប្រធានសហព័ន្ធរូបនេះបង្ហើបអំពីបញ្ហាប្រឈមខ្លះថា គ្រប់ក្លិបទាំងអស់មិនប្រាកដថាកីឡាកររបស់ខ្លួនបានហ្វឹកហាត់ក្បាច់គុនចម្រុះ(MMA) នោះទេ។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំឲ្យកីឡាករក្មេងៗជំនាន់ក្រោយត្រូវតែមានកម្មវិធីហ្វឹកហាត់ក្បាច់គុន MMA បន្ទាប់ពីបានចុះឈ្មោះជាផ្លូវការជាមួយសហព័ន្ធ។ ជាមួយគ្នានោះសហព័ន្ធក៏ត្រូវវាយតម្លៃចំពោះគ្រូបង្វឹក និង កីឡាករសម្រាប់សមត្ថភាពរបស់ពួកគេដែរ។

លោកសង្កត់ធ្ងន់ថា៖ «គម្រោងរៀបចំការហ្វឹកហាត់ និង វាស់ស្ទង់កម្រិតរបស់កីឡាករនេះគ្រោងចាប់ផ្ដើមនាពាក់កណ្ដាលខែ សីហា ប៉ុន្តែត្រូវពន្យារពេលវិញដោយសារជាន់ពេលជាមួយកិច្ចប្រជុំគុនពិភពលោកនៅឥណ្ឌូណេស៊ីចុងខែ សីហា។ ដូច្នេះគម្រោងរៀបចំខាងលើគឺ ត្រូវផ្លាស់ទៅខែ កញ្ញាវិញ»។

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមប្រជុំ សមាគមគុនចម្រុះពិភពលោក (WMMAA) នាចុងខែ សីហានេះនៅប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំសំខាន់នោះនឹងផ្ដោតលើរឿង ២ សំខាន់។ ទី១ គឺគម្រោងការបង្កើតឲ្យមាន សហព័ន្ធកីឡាយុទ្ធគុនចម្រុះអាស៊ានលើកដំបូង ដែលជាការត្រួសត្រាយផ្លូវឲ្យប្រទេសជាសមាជិកអាស៊ានអាចចាត់ចូលជាវិញ្ញាសាប្រកួតស៊ីហ្គេមនៅថ្ងៃមុខ។ ទី២ សហព័ន្ធយុទ្ធគុនចម្រុះកម្ពុជានឹងនាំកីឡាករកម្ពុជាមួយចំនួនទៅចូលរួមកម្មវិធីនេះនិង ត្រូវជ្រើសរើសកីឡាករល្អៗទៅចូលរួមតាមតែអាចធ្វើទៅបានតាមរយៈសមត្ថភាពរបស់ពួកចេញពីក្លិបនីមួយៗ។

លោកអនុប្រធានសហព័ន្ធដែលជាកូនខ្មែរកើតនៅបារាំងរូបនេះរៀបរាប់ទៀតថា ការប្រកួតប្រជែងខ្ពស់របស់សហព័ន្ធគឺលៃលកយ៉ាងជួយជំរុញឲ្យក្លិបជាសមាជិកផលិតបានកីឡាករ MMA ល្អៗនៅក្នុងស្រុក និងអាចប្រកួតប្រជែងលើឆាកអន្តរជាតិដូចជា សង្វៀន ONE Championship, សង្វៀននៅថៃ , មីយ៉ាន់ម៉ា និង សង្វៀនអន្តរជាតិនានា។ ការចាប់ផ្ដើមរបស់សហព័ន្ធ គឺ កសាងធនធានយុវជនជំនាន់ក្រោយ ដែលអាចទទួលបានផ្លែផ្កាក្នុងរយៈពេលខ្លីខាងមុខ។

លោកគូបញ្ជាក់ទៀតថា៖ «វាមិនមែនជាការងាយស្រួលទេពេលយើងទទួលបានការចុះឈ្មោះពីក្លិបទាំងនោះ ប៉ុន្តែយើងសហការគ្នាតាមតម្រូវការរបស់យើង និង ជួយគ្នាទៅវិញទៅមក។ ក្លិបនិងក្លិបមានការប្រកួតប្រជែងគ្នា ប៉ុន្តែក្នុងនាមសហព័ន្ធ យើងត្រូវកសាងកិច្ចសហការ។ ចុងបញ្ចប់យើងនៅតែជាជនជាតិខ្មែរ យើងមានមោទនភាពនៅពេលកីឡាករកម្ពុជាម្នាក់ឈ្នះការប្រកួត»។

គួរដឹងថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា( CMMA) ត្រូវបានបង្កើតឡើងនាខែ តុលា ឆ្នាំ ២០១៨ ដែលមានឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាប្រធាន។ សហព័ន្ធបានពន្លឿនសកម្មភាពរបស់ខ្លួនជាច្រើនដូចជា បង្កើតវិបសាយផ្ទាល់ខ្លួនសម្រាប់ក្លិប គ្រូបង្វឹក និង កីឡាករចុះឈ្មោះ, ការទទួលបានការគាំទ្រពីក្លិបនានា និង បំផុសចលនាគុនចម្រុះកាន់តែប្រសើរជាងមុន។ សហព័ន្ធថ្មីនេះបានដាក់គោលដៅជំរុញ បំផុសចលនាគុនចម្រុះក្នុងស្រុក និង បង្កើតទំនាក់កាន់តែជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនៅកម្រិតអន្តរជាតិ។ សហព័ន្ធដើរតួនាទីជួយជ្រោមជ្រែង ក្លិប/សមាគម ដែលជាសមាជិករបស់ខ្លួនឲ្យកាន់តែមានសន្ទុះរីកចម្រើនផ្នែកគុនចម្រុះនេះ៕

អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.