v9
V9BET

តើសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាគិតគូរបែបណា ពេលកីឡាករល្អៗចាស់លាចាកពីសង្វៀនទៅប្រកបមុខរបរផ្សេងទៅវិញនោះ?

1 month ago​ | ដោយ V-Dr

បច្ចុប្បន្ននេះគេឃើញមានកីឡាករគុនជម្រុះជើងចាស់ជាច្រើនបានលាចាកចេញពីសង្វៀនដើម្បីទៅប្រកបមុខរបរផ្សេងចិញ្ចឹមជីវិតនិងគ្រួសារ ដូចជា មាស ម៉ើ, ស សី, ស៊ឹម ប៊ុនស្រន់ ឬ ថៃ រិទ្ធី ជាដើម ដោយផ្អែកលើហេតុផលផ្សេងៗគ្នា។ តើសហព័ន្ធ និង ក្លិបពាក់ព័ន្ធគិតគូរយ៉ាងណាចំពោះកីឡាករជើងចាស់ទាំងនេះ?

ទាក់ទិននឹងបញ្ហានេះ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានថ្លែង បែបនេះ ការពិតណាស់កីឡាករជើងចាស់ទាំងនោះក៏ស្ថិតនៅក្លិប Cambodian Top Team ហើយ មានកីឡាករ ស សី, មាស ម៉ើ និង ស៊ឹម ប៊ុនស្រន់ បានចុះឈ្មោះជាផ្លូវការជាសមាជិករបស់សហព័ន្ធដែរ។ ការដែលនៅប្រកួតកើត ឬ អត់របស់ មាស ម៉ើ ស៊ឹម ប៊ុនស្រន់ ឬ ស សី អាស្រ័យលើក្លិបរបស់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់នោះ សហព័ន្ធនិងក្លិបត្រូវរួមដៃគ្នាដើម្បីស្វែងរកផលចំណេញពីបទពិសោធជោកជាំរបស់ពួកគេ ពីព្រោះកីឡាករជើងចាស់ទាំងនេះជាកីឡាករគុនចម្រុះជំនាន់ទី១របស់កម្ពុជា ដែលទទួលបានបទពិសោធន៍ច្រើន ក្រោយចេញទៅប្រកួតនៅក្រៅប្រទេសដូចជានៅប្រទេស ថៃ និង សង្វៀន ONE ជាដើម។

ឆ្លើយតបនឹងប្រធានបទនេះដែរ ប្រធានក្លិប Cambodian Top Team លោក ហ៊ុន ច័ន្ទរាជ្យ បង្ហើបដូច្នេះ៖ «ខ្ញុំឧស្សាហ៍ហៅពួកគាត់មកវិញដើម្បីហ្វឹកហាត់ដែរ ប៉ុន្តែពួកគាត់មិនអាចមកបានព្រោះបញ្ហាគ្រួសារ និងរកស៊ីរៀងៗខ្លួន ខ្ញុំមិនអាចបង្ខំបានដែរ។ យ៉ាងណាក្ដី ខ្ញុំនៅតែជួយជ្រោមជ្រែង អត់ភ្លេចពួកគាត់ទេ និង អាចជួយជាឧបករណ៍ហ្វឹកហាត់នៅក្លិបមូលដ្ឋានរបស់ពួកគាត់ បើសិនពួកគាត់ចង់ជួយបណ្ដុះក្មេងៗជំនាន់ក្រោយ។ ហើយខ្ញុំក៏គិតដែរថា កន្លែងណាដែលឲ្យគាត់អាចជួយការងាររបស់ក្លិន និង សហព័ន្ធ MMA យើងបាន»។ ប្រធានក្លិប និងជាអគ្គលេខាធិការសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជារូបនេះបញ្ជាក់ទៀតថា បើលោកផ្ទាល់មានលទ្ធភាពកាន់តែច្រើន លោកនឹងជួយកាន់តែច្រើនទៅតាមតែអាចធ្វើទៅបាន។ ជាក់ស្ដែង កីឡាករជើងចាស់ ស សី បានបើកបង្ហាត់ក្មេងៗជាង ១០ នាក់នៅស្រុកកំណើតស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្ដាល ហើយ ស សី ក៏ទទួលបានការឧបត្ថម្ភជាសម្ភារមួយចំនួនពីគ្រូបង្វឹកហ៊ុន ច័ន្ទរាជ្យដែរ។ ចំណែក មាស ម៉ើ រវល់រត់តាក់ស៊ីដើម្បីចិញ្ចឹមគ្រួសារ ក្រោយចេញពីសង្វៀនតាំងចុងឆ្នាំ ២០១៨។ គ្រូបង្វឹករូបនេះបានទទូចឲ្យ មាស ម៉ើ ត្រលប់មកវិញដែរដើម្បីចាប់គូឲ្យប្រកួត ប៉ុន្តែរូបគេមិនមានពេលគ្រប់គ្រាន់ ខណៈដែល ស៊ឹម ប៊ុនស្រន់ ក៏រវល់ការងាររកស៊ី មិនសូវបានហាត់ដិតដល់ដូចមុន។ រីឯ ថៃ រិទ្ធ វិញបានលាចាកពីសង្វៀន ប៉ុន្តែរូបគេបានទៅបង្ហាត់គុនខ្មែរនៅទឹកដីខេត្តសៀមរាប។ យ៉ាងណាក្ដី លោក ហ៊ុន ច័ន្ទរាជ្យ បានអំពាវនាវដល់កីឡាករ MMA ដែលឡើងប្រកួតលែងកើត ឬ ជាប់រវល់ឲ្យចូលរួមបណ្ដុះបណ្ដាលដល់ក្មេងៗជំនាន់ក្រោយនៅថ្ងៃណាមួយ។ លោកបន្តថា បើសិនកីឡាករជើងចាស់មានលទ្ធភាពបើកក្លិបនៅមូលដ្ឋានពិតជាល្អណាស់ ហើយ លោកនឹងចូលរួមជួយតាមលទ្ធភាព ដូចជា សម្ភារហ្វឹកហាត់ មានតាពី ហ្គង់ បាវសាក់ ស៊ីប ឬ អាចជួយអង្ករហូតប្រចាំខែទៀតផង។

បន្ថែមពីលើនេះ លោក កែ ប៊ិនសូរស្មី បានថ្លែងដែរថា៖ «នេះជាហេតុផលមួយដែលយើងត្រូវការសហព័ន្ធដ៏ខ្លាំងក្លាមួយ។ យើងមិនចង់ឃើញកីឡាកររបស់យើងទើបឡើងវ៉ៃបាន ពីរឬបីប្រកួតហើយចាកចេញនោះទេ។ យើងចង់ធ្វើឲ្យច្បាស់លាស់ថា កីឡាករទទួលបានប្រាក់ចំណូលត្រឹមត្រូវមួយពីការឡើងសង្វៀន។ ប៉ុន្តែបច្ចុប្បន្ននេះយើងមិនទាន់ដល់ចំណុចនេះឡើយ»។

លោកសង្កត់ធ្ងន់ថា៖ «សូមបង្កើតភាពជឿជាក់ថាយើងធ្វើបាន។ ពេលយើងមានសហព័ន្ធខ្លាំង យើងអាចការពារស្ថានភាព និង ផលប្រយោជន៍ កីឡាកររបស់យើង ហើយ ជំរុញឲ្យពួកគេអាចឈានដល់កម្រិតស្ដង់ដារមិនខាន។ យើងចង់ឲ្យកីឡាករ-កីឡាការិនីទាំងអស់អាចក្លាយជាអាជីពពិតប្រាកដដើម្បីឲ្យពួកគេអាចរស់នៅជាមួយនឹងក្ដីស្រលាញ់កីឡាគុនចម្រុះរបស់យើង»។

គួរដឹងដែរថា សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាទើបត្រូវបង្កើតឡើងកាលខែ តុលាឆ្នាំ ២០១៨ ប៉ុន្តែសហព័ន្ធសម្រេចបានលទ្ធផលការងារជាច្រើនដូចជាទំនាក់ទំនងអន្តរជាតិ ទទួលការចុះឈ្មោះក្លិបជាផ្លូវការរហូតដល់ ២២ក្លិប ក្នុងនោះមានក្លិបក្រៅប្រទេសចំនួន ៤ មកពី កាណាដា អូស្ត្រាលី អាមេរិក និង បារាំង។ សហព័ន្ធមានវិបសាយផ្ទាល់ខ្លួន និង បង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លិបនៅក្រោមឱវាទ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.