បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ចាប់ផ្តើមបើកការប្រកួតរដូវកាលថ្មី ឆ្នាំ២០១៩ នៅថ្ងៃសៅរ៍

5 months ago​ | ដោយ V-Dr

ការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលថ្នាក់ជាតិ ឆ្នាំ២០១៩ (National Futsal Cup 2019) នឹងចាប់ដំណើរការប្រកួត នៅទីលាន The Blue Sports Center នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ខណៈក្រុម Down Town Sport គឺជាក្រុមម្ចាស់ពាន កាលពីឆ្នាំ២០១៨។

ក្រុមចំនួន២០ ត្រូវបានដាក់ឲ្យប្រកួត ក្នុងរដូវកាលថ្មី ឆ្នាំ២០១៩នេះ គឺដូចគ្នាទៅឆ្នាំ២០១៨ដែរ ហើយពិធីចាប់ឆ្នោតបែងចែកពូល ត្រូវបានធ្វើឡើង នៅទីលាន The Blue Sports Center កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រោមអធិបតីភាពលោក ខៀវ សាម៉េត ដែលជាអនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយតំណាងក្រុមទាំង២០ ក៏បានចូលរួមនៅក្នុងពិធីនោះដែរ។

បើតាមការលើកឡើងរបស់លោក ខៀវ សាម៉េត នៅក្នុងពិធីចាប់ឆ្នោតនោះ បានឲ្យដឹងថា ក្រុមទាំង២០ ដែលបានចូលរួមនៅឆ្នាំនេះ ត្រូវបានបែងចែកការប្រកួតជា៤ពូល នៅក្នុងការប្រកួតដំណាក់កាលទី១នេះ ហើយក្រុមទាំងនេះ ត្រូវប្រកួតវិលជុំសន្សំពិន្ទុ តាមពូលរៀងៗខ្លួន។

នៅក្រោយការប្រកួតដំណាក់កាលទី១នេះបានបញ្ចប់ គឺក្រុមលេខ១ និងលេខ២ តាមពូលទាំង៤ សរុប៨ក្រុម និងក្រុមលេខ៣ល្អ ចំនួន២ក្រុម នឹងត្រូវបន្តឡើងទៅប្រកួតដំណាក់កាលទី២ ដោយក្នុងនោះ ក្រុមទាំង១០ ត្រូវចែកការប្រកួតជា២ពូល រួចប្រកួតវិលជុំសន្សំពិន្ទុតាមពូល យកក្រុមលេខ១ និងលេខ១ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រតែម្តង។

លោក ខៀវ សាម៉េត បានអះអាងថា ការប្រកួតរដូវកាលថ្មី ឆ្នាំ២០១៩នេះ នឹងកាន់តែមានលក្ខណៈបច្ចេកទេស និងទស្សនិយភាព ប្រសើរជាងឆ្នាំទី១ និងឆ្នាំទី២ កន្លងមក ហើយលោកបានបញ្ជាក់ថា៖«ក្រុមដែលមានបច្ចេកទេសខ្ពស់ជាងគេ ក្នុងចំណោម២០ក្រុម ដែលបានចូលរួមប្រកួតនៅឆ្នាំនេះ នឹងត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងការប្រកួតលីកបាល់ទាត់ក្នុងសាល ឆ្នាំ២០២០ ដូច្នេះក្នុងយុទ្ធសាស្រ្តអភិវឌ្ឍកីឡាបាល់ទាត់ក្នុងសាល ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡាករ នឹងមានឱកាសលេងបានច្រើន ទាំងក្នុងការប្រកួតលីកផង និងខាប់នេះផង»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.