ភ្នំពេញក្រោន បន្តលត់ក្រុមកំពង់ចាម ១៤-០ ឯខេត្តត្បូងឃ្មុំ រកឃើញគ្រាប់បាល់ដំបូង មុនពេលធ្លាក់

5 months ago​ | ដោយ V-Dr

ក្រុមភ្នំពេញក្រោន បានលត់ក្រុមខេត្តកំពង់ចាម រហូតដល់ ១៤-០ នៅក្នុងការប្រកួតកាត់សេចក្តីជើងទី២ វគ្គ១៦ក្រុមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ (ថ្នាក់ជាតិ) ឆ្នាំ២០១៩ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ម្សិលមិញ ចំណែកក្រុមខេត្តត្បូងឃ្មុំ បានស៊ុតទម្លុះសំណាញ់ទីក្រុមព្រះខ័នរាជស្វាយរៀង បានសម្រេចជាលើកដំបូង មុនពេលពួកគេវិលត្រឡប់ទៅផ្ទះវិញ។

សម្រាប់នៅកីឡដ្ឋានស្តាតចាស់ កាលពីម្សិលមិញនោះ ក្រុមភ្នំពេញក្រោន បានដាក់សម្ពាធទៅលើក្រុមខេត្តកំពង់ចាម យ៉ាងខ្លាំង និងរកបានគ្រាប់បាល់ជាបន្តបន្ទាប់ ហើយក្នុងនោះខ្សែប្រយុទ្ធពាក់លេខ១០ វ៉ា ខ្វីនទីន រកបាន៦គ្រាប់បន្ថែមទៀត ខណៈ ម៉ៅ ពិសិដ្ឋ រកបាន២គ្រាប់ ហើយ ប្រាក់ ធីវ៉ា, សុខ បញ្ញា, យ៉ើ ម៉ូស្លឹម, យ៉ើ សាហ្វី, សេត រ៉ូហ្សាក់ និង លឹម ពិសុទ្ធ រកបានម្នាក់១គ្រាប់។

ការរកបាន៦គ្រាប់របស់ វ៉ា ខ្វីនទីន ឬ វ៉ា សុខថន វាមិនត្រឹមតែបានជួយឲ្យក្រុមភ្នំពេញក្រោន បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ជាមួយភាពខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឲ្យរូបគេ មានឱកាសនឹងឈ្នះច្រើន ក្នុងការឆ្ពោះទៅរកការឈ្នះបានស្បែកជើងមាសផងដែរ ព្រោះកាលប្រកួតជើងទី១ ខ្វីនទីន ក៏រកបាន៥គ្រាប់ផងដែរ ពេលភ្នំពេញក្រោន ឈ្នះក្រុមខេត្តកំពង់ចាម ១០-០។

ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានបន្តយកឈ្នះក្រុមខេត្តត្បូងឃ្មុំ ៣-១ នៅកីឡដ្ឋានអេអ៊ីយូស្ពតផាក បន្ថែមទៅលើការឈ្នះ ៤-០ កាលពីជើងទី១ ហើយ៣គ្រាប់របស់ក្រុមស្វាយរៀង លើកនេះ គឺ១គ្រាប់ជាការភ្លាត់ធ្វើឲ្យបានចូលទីខ្លួនឯងរបស់កីឡាករ ស្លេះ ហ្វាលីន នៅនាទីទី៩ មុនពេល ហេង គឹមហុង និង នេន សុធារដ្ឋ បានបន្ថែមម្នាក់១គ្រាប់ទៀត នៅនាទីទី៧៨ និងនាទីទីបន្ថែម៩០+៣។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមស្វាយរៀង បានឡើងទៅវគ្គ៨ក្រុម ជាផ្លូវការហើយ ខណៈក្រុមខេត្តត្បូងឃ្មុំ ត្រូវវិលត្រឡប់ទៅផ្ទះវិញ ដូចក្រុមខេត្តកំពង់ចាម ដែរ។ ទោះបីជាយ៉ាងណា ក្រុមត្បូងឃ្មុំ បានបង្ហាញការសប្បាយចិត្តចំពោះការប្រកួតចុងក្រោយនេះ ខណៈកីឡាករពាក់លេខ៧ យូ សុះហ្វា អាចទម្លុះសំណាញ់ទីក្រុមខ្លាំង ស្វាយរៀង បាន១គ្រាប់ ដើម្បីជាកាដូ សម្រាប់ការឡើងមកប្រកួតថ្នាក់ជាតិរបស់ពួកគេនោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.