v9
V9BET

ម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា កម្សត់ដល់ថ្នាក់ លក់ទាំងដីកេរ្តិ៍ ដើម្បីប្រមូលប្រាក់ត្រៀមការវះកាត់

2 months ago​ | ដោយ V-Dr

កីឡាករជើងខ្លាំង ឃីម ឌីម៉ា(ឃុន ឌីម៉ា) ដែលជាកីឡាករគុនខ្មែរដំបូងគេ បានឈ្នះមេដាយមាសពីការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ ឲ្យកម្ពុជានោះ បានឈានដល់លក់ដីកេរ្តិ៍ នៅស្រុកកំណើត ខេត្តបន្ទាយមានជ័យ ដើម្បីយកប្រាក់ត្រៀមការវះកាត់ជំងឺដ៏ធ្ងន់ធ្ងរចំនួន៣មុខរបស់គេ ព្រោះក្រោយទៅពិនិត្យពេទ្យនៅប្រទេសថៃ គ្រូពេទ្យបានប្រាប់ថា ត្រូវចំណាយរហូតដល់១៥០០០ដុល្លារ ដើម្បីធ្វើការវះកាត់។

គិតមកដល់ពេលនេះក្រុមគ្រួសាររបស់ ឃីម ឌីម៉ា ដែលមានលោក ហេង ប៊ុនឃីម ជាឪពុក និងជាអ្នកស្វះស្វែងរកប្រាក់បញ្ជូន ឃីម ឌីម៉ា ទៅពិនិត្យនៅមន្ទីរពេទ្យនៅប្រទេសថៃនោះ បានសម្រេចនាំកូនរបស់ខ្លួនត្រឡប់មកផ្ទះវិញ កាលពីថ្ងៃចន្ទ ក្រោយពិនិត្យឃើញថា ឌីម៉ា ត្រូវវះកាត់នូវជំងឺធ្ងន់ធ្ងរចំនួន៣ប្រភេទ មានដាច់សរសៃពួក្បាលជង្គង់,ដុះសាច់ដុំកំពួនជើង និងប្រេះឆ្អឹងស្មងជើង ហើយត្រូវចំណាយអស់យ៉ាងច្រើននោះ។

ជុំវិញបញ្ហានេះ លោក ហេង ប៊ុនឃីម បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ខាងគ្រួសារខ្ញុំ បានសម្រេចនាំ ឌីម៉ា វិលត្រឡប់ពីប្រទេសថៃមកមកផ្ទះវិញសិន ដើម្បីស្វែងរកប្រាក់ព្យាបាលបន្ថែម ព្រោះតម្លៃព្យាបាលនៅពេទ្យមួយកន្លែងក្នុងប្រទេសថៃ គេយកថ្លៃព្យាបាល១៥០០០ដុល្លារ ហើយនៅអង្គារនេះ មានគេនាំទៅមន្ទីរពេទ្យប្រទេសថៃមួយកន្លែងទៀត ដែលគេប្រាប់ថា មានតម្លៃព្យាបាលប្រហែល៥០០០ ទៅ៧០០០ដុល្លារ»។

លោកបានបន្ថែមថា៖ «ការវិលមកវិញនេះ គឺខ្ញុំមកលក់ដីមួយកន្លែង បានប្រាក់ត្រឹម៣០០០ដុល្លារ ដើម្បីមើលកូន និងផ្សែផ្សំខ្លះ ដើម្បីបង្គ្រប់ការព្យាបាល ហើយខ្ញុំគិតថា នៅក្នុងឆ្នាំនេះ ឌីម៉ា ដែលត្រៀមទៅប្រកួតស៊ីហ្គេម នៅហ្វីលីពីន ខែកញ្ញា ឆ្នាំ២០១៩ អាចនឹងខកខាន ព្រោះក្រោយការវះកាត់មិនអាចជាសះស្បើយទាន់ទេ»។

គួរបញ្ជាក់ថា ឃីម ឌីម៉ា គឺជាកីឡាករជម្រើសជាតិគុនខ្មែរម្នាក់ ដែលត្រូវត្រៀមខ្លួនទៅចូលរួមការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ប៉ុន្តែគិតមកដល់ពេលនេះ នៅមិនទាន់ឃើញថ្នាក់ដឹកនាំកីឡាណាម្នាក់ ចេញមុខមកជួយឧបត្ថម្ភដល់ ឌីម៉ា ឲ្យប្រាកដនោះទេ ខណៈមន្រ្តីកីឡាខ្លះ បានត្រឹមនិយាយយកគួរ និងរួចខ្លួនថា៖ «យើងមិនបោះបង់ចោល ឃីម ឌីម៉ា នោះទេ គឺយើងនឹងប្រឹងប្រែងក្នុងការជួយដល់គាត់ ព្រោះគាត់ជាអ្នកឈ្នះមេដាយមាស ជូនជាតិ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.