v9
V9BET

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រាប់ឲ្យមន្ទីរពេទ្យរដ្ឋធំៗទាំង៤ រៀបចំគោលការណ៍ជួយព្យាបាលជំងឺ ដល់ក្រុមជម្រើសជាតិ ដោយមិនយកប្រាក់

2 weeks ago​ | ដោយ V-Dr

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានចេញសេចក្តីប្រកាសមួយ កាលពីពេលថ្មីៗនេះ ដោយបង្គាប់ឲ្យអគ្គនាយក និងនាយកគ្រប់គ្រងនៅមន្ទីរពេទ្យធំៗរបស់រដ្ឋទាំង៤ មានមន្ទីរពេទ្យកាលម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យព្រះអង្គឌួង ឲ្យរៀបចំនូវគោលការណ៍ពិនិត្យសុខភាព ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ដល់ក្រុមកីឡាករ កីឡាការិនីថ្នាល និងក្រុមជម្រើសជាតិទាំងអស់។

សេចក្តីប្រកាស ដែលមានការចុះហត្ថលេខារបស់លោក សាន់ សាប់អី ជារដ្ឋលេខាធិការ ជំនួសលោក ម៉ម ប៊ុនហេង ជារដ្ឋមន្រ្តីក្រសួងសុខាភិបាលនោះ គឺត្រូវបានធ្វើឡើងតបទៅតាមកម្មវត្ថុរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយស្នើសុំឲ្យត្រៀមរៀបចំគោលការណ៍ ពិនិត្យសុខភាព ព្យាបាលជំងឺជូនកីឡាករ កីឡាការិនីថ្នាល និងក្រុមជម្រើសជាតិ ក្នុងអំឡុងពេលហាត់ហ្វឹកហ្វឺន ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសដដែលនេះ គឺបានបញ្ជាក់ថា គឺមន្ទីរពេទ្យកាលម៉ែត មន្ទីរពេទ្យមិត្តភាពកម្ពុជាចិន-ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) និងមន្ទីរពេទ្យព្រះអង្គឌួង ត្រូវរៀបចំគោលការណ៍ពិនិត្យសុខភាព ព្យាបាលជំងឺ ដល់ក្រុមថ្នាល និងក្រុមជម្រើសជាតិ ក្នុងអំឡុងពេលប្រមូលផ្តុំ ចាប់ពីឆ្នាំ២០១៩នេះ រហូតដល់ដល់ស៊ីហ្គេម ឆ្នាំ២០២៣។

រដ្ឋមន្រ្តីក្រសួងសុខភិបាល បានបញ្ជាក់ នៅក្នុងសេចក្តីប្រកាសនេះថា៖ «សេចក្តីដូចបានចែកក្នុងកម្មវត្ថុ និងយោងខាងលើ សូមឯកឧត្តមអគ្គនាយក លោកនាយកមន្ទីរពេទ្យជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើការប្រមូលផ្តុំ គ្រូបង្វឹក កីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិ ចំនួន១០០៤នាក់ ដោយហាត់ហ្វឹកហ្វឺនបង្កើនប្រសិទ្ធភាព និងគុណផល ដើម្បីត្រៀមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន និងឆ្ពោះទៅចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣។ សូមឯកឧត្តមអគ្គនាយក លោកនាយក ត្រៀមរៀបចំ នូវគោលការណ៍ពិនិត្យសុខភាព ព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនដល់ក្រុមកីឡាករ កីឡាការិនីថ្នាល និងជម្រើសជាតិទាំងអស់»។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រសួងសុខាភិបាល បានចូលរួមជួយជ្រោមជ្រែង ក្នុងការជំរុញឲ្យមន្ទីរពេទ្យធំៗរបស់រដ្ឋទាំង៤ខាងលើនេះ ឲ្យជួយពិនិត្យសុខភាព និងព្យាបាលជំងឺ ដល់ក្រុមអត្តពលិកថ្នាល និងក្រុមជម្រើសជាតិ ក្នុងអំឡុងពេលហ្វឹកហាត់ ដោយមិនយកប្រាក់ ខណៈកន្លងមក គឺមានតែសហព័ន្ធ ជាសាមីខ្លួនទេ ដែលជាអ្នករ៉ាប់រងទទួលខុសត្រូវ ទៅលើការឈឺស្កាត់របស់របស់អត្តពលិក ដោយធ្វើទៅតាមបែបបទ និងបទបញ្ជានៃការប្រមូលផ្តុំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.