v9
V9BET

ក្រុមបាល់ទះកម្ពុជា ទៅហ្វឹកហាត់នៅចិន ២ខែ ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម

3 weeks ago​ | ដោយ V-Dr

ក្រុមកីឡាកររបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំនួន២១នាក់ បានធ្វើដំណើរទៅហ្វឹកហាត់រយៈពេលរហូតដល់២ខែ នៅខេត្តហ្វូជាន ប្រទេសចិន ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតស៊ីហ្គេម នៅហ្វីលីពិន ចុងឆ្នាំ២០១៩ ពិសេសឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ សម្រាប់ការចេញទៅហ្វឹកហាត់នៅចិន របស់ក្រុមបាល់ទះកម្ពុជា នេះ មិនត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ចេញព័ត៌មានឲ្យដឹងនោះទេ បែរជាអង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត ជាអ្នកបង្ហោះព័ត៌មាននេះ នៅលើផេចហ្វេសរបស់ខ្លួនទៅវិញ ព្រោះអង្គការមួយនេះ ជាអ្នកឧត្ថម្ភធំ សម្រាប់ជួយឲ្យក្រុមបាល់ទះកម្ពុជា បានចេញទៅហ្វឹកហាត់ នៅក្រៅប្រទេសជាលក្ខណៈទ្រង់ទ្រាយធំ និងរយៈពេលវែង ជាលើកដំបូងនេះ។

តាមព័ត៌មាន ដែលត្រូវបានបង្ហោះនោះ បានឲ្យដឹងថា៖ «ការហ្វឹកហាត់ឆ្លងប្រទេសលើកនេះ គឺទទួលបានការជ្រោមជ្រែងពីសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាន នៅកម្ពុជា ព្រមទាំងការឧបត្ថម្ភជាថវិកាជាង ១០ ម៉ឺនដុល្លារអាមេរិករបស់អង្គការមូលនិធិសប្បុរសធម៌ព្រីនស៍ រៀល អ៊ីស្ទេត»។

ទោះបីជាយ៉ាងណា សម្រាប់ការចេញទៅហ្វឹកហាត់របស់ពេលវែង ក្រោមការអញ្ជើញរបស់មជ្ឈមណ្ឌលគ្រប់គ្រងកីឡាបាល់ទះខេត្តហ្វូជាន នេះ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យក្រុមបាល់ទះកម្ពុជា មានការរីកចម្រើនទាំងទៅលើបច្ចេកទេស និងគុណភាពកម្លាំង ដើម្បីប្រកួតប្រជែង នៅស៊ីហ្គេម ពិសេសស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ព្រោះក្រុមជម្រើសជាតិបាល់ទះកម្ពុជា មិនដែលទទួលបានលទ្ធផលល្អប្រសើរនោះទេ សម្រាប់ការចេញទៅប្រកួតនៅស៊ីហ្គេម កន្លងមកនេះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.