v9
V9BET

វៀតណាម ឈរនៅលេខ១ ប៉ុន្តែម្ចាស់ផ្ទះកម្ពុជា ដណ្តើមមិនបានមេដាយ១សោះ

5 months ago​ | ដោយ V-Dr

ក្រុមកីឡាករ កីឡាការិនីរបស់កម្ពុជា ដណ្តើមមិនបានមេដាយណាមួយសោះ សម្រាប់ការធ្វើជាម្ចាស់ផ្ទះលើកដំបូង នៅក្នុងការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ (43rd South East Asia Age Group Swimming Championship 2019) ប៉ុន្តែអត្តពលិករបស់វៀតណាម បានឈ្នះមេដាយយ៉ាងច្រើន ដើម្បីក្លាយជាប្រទេសលេខ១ ដែលឈ្នះបានមេដាយច្រើនជាងគេ។

បើទោះបីជាការប្រកួតនេះ កម្ពុជា បានដាក់កីឡាករ១០នាក់ និងកីឡាការិនី១០នាក់ ឲ្យចូលរួមប្រកួតប្រជែងជាមួយអត្តពលិកមកពី៩ប្រទេសផ្សេងទៀត ប៉ុន្តែតាមរយៈការប្រកួត នៅពហុកីឡដ្ឋានជាតិមរកតេជោ តាំងពីថ្ងៃសុក្រ និងបានបញ្ចប់ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ក្រុមអត្តពលិកកម្ពុជា បានចាញ់ជាបន្តបន្ទាប់ នៅលើប្រភេទវិញ្ញាសា ដែលពួកគេបានប្រកួត។

ផ្ទុយពីនេះក្រុមអត្តពលិករបស់វៀតណាម បានបង្ហាញភាពខ្លាំង តាំងពីថ្ងៃប្រកួតបើកឆាក រហូតដល់ចប់ការប្រកួតតែម្តង ដោយពួកគេបានឈ្នះមេដាយសរុបចំនួន១០៩ ក្នុងនោះមានមេដាយមាស៤៣ ប្រាក់៤១ និងមេដាយសំរឹទ្ធចំនួន២៥ ដើម្បីឈរនៅលេខ១ ក្នុងនាមជាប្រទេសឈ្នះបានមេដាយច្រើនជាងគេ។

ចំណែកអត្តពលិករបស់ថៃ ដណ្តើមបានមេដាយមាស២៨ ប្រាក់១៨ និងសំរឹទ្ធ៣០ ដើម្បីឈរនៅលេខ២ តាមពីក្រោយដោយប្រទេសសិង្ហបុរី ដែលឈ្នះបានមេដាយមាស១១ ប្រាក់១៨ សំរឹទ្ធ១៨ ប្រទេសឥណ្ដូនេស៊ី ដណ្តើមបានមេដាយមាស១០ ប្រាក់៣ សំរឹទ្ធ៧ ហើយអត្តពលិករបស់ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាស៨ ប្រាក់១៣ និងសំរឹទ្ធ៩ ដើម្បីឈរនៅលេខ៥។

ចំណែក អត្តពលិករបស់ប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយមាស៧ ប្រាក់១៣ និងសំរឹទ្ធ១៧ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ៦ ប៉ុន្តែប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រ៊ុយណេ ក៏ដណ្តើមិនបានមេដាយដូចម្ចាស់ផ្ទះកម្ពុជាដែរ ខណៈព្រឹត្តិការណ៍នេះ មាន១០ប្រទេសចូលរួម ក្នុងនោះមានកីឡាករ១៦៨នាក់ កីឡាការិនី១៤៩នាក់ ដោយពួកគេ ត្រូវប្រកួតប្រជែងគ្នា នៅលើប្រភេទវិញ្ញាសាសរុបចំនួន១០៥៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.