v9
V9BET

សហព័ន្ធខ្មែរទោចក្រយាន ផ្លាស់ប្តូរប្រធានដឹកនាំ សម្រួចការអភិវឌ្ឍ ឆ្ពោះទៅស៊ីហ្គេម

5 months ago​ | ដោយ V-Dr

គណៈកម្មាធិការប្រតិបត្តិអាណត្តិទី៥ របស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានឈានដល់ការឯកភាពគ្នា ក្នុងការជ្រើសរើស លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឲ្យមកដឹកនាំសហព័ន្ធ ជំនួសលោក នុត សាអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានលាឈប់ ដោយសារបញ្ហាសុខភាព និងមានវ័យកាន់តែចាស់។

ការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំនេះ ត្រូវបានសហព័ន្ធខ្មែរកីឡាទោចក្រយាន ប្រកាស នៅក្នុងមហាសន្និបាតវិសាមញ្ញ ដែលត្រូវបានធ្វើឡើង នៅទីស្នាក់ការ NOCC កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ហើយលោក ថោន ខុន ប្រធាន NOCC និងលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ NOCC ក៏មានវត្តមាន នៅក្នុងមហាសន្និបាតវិសាមញ្ញនោះដែរ។

សម្រាប់ការមកដឹកនាំសហព័ន្ធខ្មែរកីឡាទោចក្រយាននេះ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា៖ «ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមមហាសន្និបាតវិសាមញ្ញរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន និងសូមថ្លែងអំណរគុណដល់អង្គមហាសន្និបាតវិសាមញ្ញ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានផ្តល់សេចក្តីទុកចិត្តជ្រើសតាំងរូបខ្ញុំ ធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្នុងអាណត្តិ ឆ្នាំ២០១៨-២០២២»។

លោកបានបន្តថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម នុត សាអាន ដែលបានធ្វើឲ្យវិស័យកីឡាប្រណាំងកង់ មានវឌ្ឍនភាព គួរឲ្យកត់សម្គាល់ និងសូមថ្លែងអំណរគុណដល់គណៈកម្មាធិការប្រតិបត្តិចាស់ និងលោកគ្រូបង្វឹក ទាំងខ្មែរ និងបរទេស ព្រមទាំងកីឡាករកីឡាការិនីទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឲ្យទទួលបានជោគជ័យ ជាបន្តបន្ទាប់ជូនជាតិ ជាពិសេសក៏សូមថ្លែងអំណរគុណ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយ ក្នុងការប្រកួតជាលក្ខណៈអន្តរជាតិ នាពេលកន្លងមក»។

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា៖ «ក្នុងនាមប្រធានសហព័ន្ធថ្មី ដែលបានទទួលសេចក្តីទុកចិត្តពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ខ្ញុំសូមប្តេជ្ញានឹងខិតខំរួមគ្នា ជាមួយគណៈកម្មាធិការប្រតិបត្តិ លោកគ្រូបង្វឹក ក្លិបប្រណាំងទាំងអស់ និងកីឡាករ កីឡាការិនី បន្តបេសកកម្ម ក្នុងការអភិវឌ្ឍវិស័យកីឡាប្រណាំងកង់នេះ ឲ្យកាន់តែរីកចម្រើន និងត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង ឆ្ពោះទៅស្វែងរកជោគជ័យក្នុងការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣»។

នៅក្នុងមហាសន្និបាតវិសាមញ្ញ កាលពីម្សិលមិញនោះដែរ គណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន បានសម្រេចដាក់លោក នូ ចំរើន ឲ្យធ្វើជាអគ្គលេខាធិការ ជំនួសលោកឧកញ៉ា វង្ស ខាន់ពៅ ដែលបានឡើងទៅធ្វើជាអនុប្រធានទី២ ឯលោក កឹម សុខុន ត្រូវបានជ្រើសរើសតាំងឲ្យធ្វើជាអនុប្រធានទី១ និងលោក ស៊ាង ថៃ ជាអនុប្រធានទី៣។

ចំណែកលោក ព្រែរ អ៊ីវកាទ្រី បន្តនៅធ្វើជាអគ្គលេធិការរងដដែល ជាមួយលោក សុខ ដារិទ្ធិ។ រីឯលោក ឡាយ សុខសៅគន្ធា ធ្វើជាអគ្គហេរញ្ញិក ហើយលោក ឡុង កែមវិចិត្រ លោក អ៊ូច សារិន កញ្ញា ឱ ចន្ទន៍ធឿន កញ្ញា ជ័យ ច័ន្ទរស្មី និងកញ្ញា ង៉ែត ធានសិរីវល័ក្ខ ជាសមាជិករបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមការដឹកនាំរបស់លោក ប៉ាន សូរស័ក្តិ វិញម្តង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.