v9
V9BET

សំ ថារ័ត្ន បង្ហើបអំពីគម្រោងវិលមកសង្វៀនសាជាថ្មី

4 weeks ago​ | ដោយ V-Dr

កីឡាការិនីជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន ដែលមានសរហស្សនាម «Little Frog» បានបង្ហើបអំពីការតាំងចិត្តត្រឡប់មកកាន់សង្វៀនប្រកួតសាជាថ្មី បន្ទាប់ពីការខកខានតាំងពីចុងឆ្នាំ ២០១៧ មក។ ការសម្រាកឡើងរេញប្រកួតក្រោយពីការទទួលជ័យជម្នះលើ កីឡាការិនីថៃពីររូប Surarak Kamla នាខែកក្កដា ឆ្នាំ ២០១៧ និង Kaewjai Prachumwong កាលខែ វិច្ឆិកា ឆ្នាំ ដដែល លើសង្វៀន Full Metal Dojo ដូចគ្នានាក្រុងបាងកកប្រទេសថៃ។

កីឡាការិនីដែលជាតួសម្ដែងក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករល្បីឈ្មោះ Angelina Jolie រូបនេះបញ្ជាក់ថា៖«ខ្ញុំប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតាំងពេលត្រឡប់ពីអាមេរិក ក្នុងការផ្សព្វផ្សាយក្បាច់គុនល្បុក្កតោ នាដើមខែ មិថុនា នេះ។ គោលដៅរបស់ខ្ញុំគឺ ហាត់ត្រៀមៗក្នុងករណីខ្ញុំឡើងសង្វៀននាពេលខាងមុខ។ ខ្ញុំហាត់យ៉ាងតិច ៣ ម៉ោងជាប្រចាំក្នុងមួយថ្ងៃនៅក្លិប Prodal ម្ដុំទួលគោក និង H/Art Academy Jiu Jitsu នៅម្ដុំទួលស្វាយព្រៃ ដែលផ្ដោតលើជំនាញបោក កាច់ឃ្លេរ និង គាបជាដើម»។

សំ ថារ័ត្ន ប្រលូកលើសង្វៀនគុនចម្រុះបានចំនួន ៦ លើកក្នុងនោះ ឈ្នះ ៤ លើក និង ចាញ់ ២ លើក។ ដោយសារតែចេះក្បាច់គុន កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះតែងតែទទួលបានការអញ្ជើញចុះកិច្ចសន្យាថតខ្សែភាពយន្តខ្នាតខ្លី និង រឿងភាគជាហូរហែ ដែលជាហេតុធ្វើឲ្យការងាររវល់ និង បាត់មុខពីសង្វៀនប្រដាល់ទាំងថ្នាក់ជាតិ និង អន្តរជាតិ។ បច្ចុប្បន្ននេះ កីឡាការិនីដែលប្រកួតបានទាំងគុនខ្មែរ និង គុនចម្រុះកំពុងសំងំថតខ្សែភាពយន្តមួយទៀតដែរ ដែលគ្រោងបញ្ចប់ក្នុងរយៈពេលមួយខែ ប៉ុន្តែ គេសុំលាក់ឈ្មោះចំណងជើងសិនតាមការស្នើសុំរបស់ផលិតករ។ ក្រោយការថតដែលគ្រោងបញ្ចប់ក្នុង ១ ខែខាងមុខ គេអាចមានហ្វឹកហាត់កាន់តែខ្លាំងឡើង និង ត្រៀមខ្លួនបានល្អសម្រាប់ឡើងសង្វៀនម្ដងទៀត។

កីឡាការិនីធ្លាប់ឡើងសង្វៀន ONE ចំនួន ៣ លើកសង្កត់ធ្ងន់បែបនេះ៖«ខ្ញុំហ្វឹកហាត់រាល់ថ្ងៃនេះ មានគ្រូៗគាត់ជួយណែនាំខ្លះ និងហាត់ខ្លួនឯងផង ភាគច្រើន ហើយ បើអ្នកហាត់ណាទំនេរ គឺហៅគាត់ឡាំគ្នា ឬ សមគ្នាប្រកួតគ្នាអីចឹងទៅ ទម្រាំមានគូប្រកួត ខ្ញុំនឹងត្រៀមតាមហ្នឹងដែរ»។

គួរដឹងដែរថា សំ ថារ័ត្ន បាត់មុខពីសង្វៀនដែលមានការគាំទ្រពីទស្សនិកជន ប៉ុន្តែរូបគេមានទីផ្សារហក់ខ្លាំងលើការថតខ្សែភាពយន្ត ពេលគេត្រូវការតួស្រីក្លាហាន ឬ មានឈុតប្រើប្រាស់ក្បាច់គុនជាដើម។ មួយទៀត គេជាកម្លាំងស្នូលដើម្បីផ្សព្វផ្សាយក្បាច់គុនល្បុក្កតោខ្មែរទៅកាន់ឆាកអន្តរជាតិ។ ថ្មីៗនេះ កូនសិស្សលោកគ្រូតា សាន គឺមស៊ាន ទើបត្រលប់មកពីផ្សព្វផ្សាយភាពយន្តឯកសារមានចំណងជើងថា «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិក។ ការផ្សព្វផ្សាយកន្លងមកធ្លាប់ធ្វើបាន៣ ដងរួចមកហើយពោល នៅឆ្នាំ ២០១៧ កីឡាករិនីរូបនេះទៅផ្សព្វផ្សាយនៅក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅក្រុង Austin រដ្ឋ Texas , និង Dallas ជាដើម។ បន្ទាប់មកគេទៅផ្សព្វផ្សាយក្រុង New York មុនទៅធ្វើយុទ្ធនាការដដែលនេះ Toronto ប្រទេសកាណាដា៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.