v9
V9BET

តាញ់ មករា៖ ខ្ញុំត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងនេះ ពេលឡើងទៅជួប ឡុង ជិន

4 weeks ago​ | ដោយ V-Dr

កីឡាករកម្ពុជា តាញ់ មករា បានទម្លាយថា រូបគេ អាចនឹងជួបការលំបាកកាន់តែខ្លាំង សម្រាប់ការឡើងទៅដណ្តើមយកខ្សែក្រវាត់ប្រាក់ ជាមួយ ឡុង ជិន បន្ទាប់ពីរូបគេ បានឆ្លងផុតការប្រកួតជម្រុះ តាមរយៈការយកឈ្នះលើអ្នកប្រដាល់ថៃ រិទ្ធអៃរ៉ា នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ។

សិស្សគណរបស់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ តាញ់ មករា បានទទួលស្គាល់ថា ការយកឈ្នះដោយពិន្ទុលើកីឡាករថៃ រិទ្ធអៃរ៉ា វាមានការលំបាក ប៉ុន្តែរូបគេគិតថា ការឡើងទៅជួប ឡុង ជិន វាអាចនឹងមានការលំបាកជាងនេះទៅទៀត ព្រោះ ឡុង ជិន មានបទពិសោធចាស់វិស្សាជាង។

តាញ់ មករា បានប្រាប់ក្រោយការប្រកួតប្រកាសឲ្យឈ្នះថៃ រិទ្ធអៃរ៉ា ជាឯកច្ឆន្ទ ៥-០ ថា៖ «ការប្រកួតនេះមានការលំបាក ដោយមានការប្រកួតស្វិតស្វាញ៥ទឹក ព្រោះគេក៏ល្អទៅលើផ្នែកទាត់ និងមានភាពរឹងមាំទៀតផង ប៉ុន្តែខ្ញុំបានព្យាយាមវាយសន្សំពិន្ទុ គឺវ៉ៃចេញឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន»។

ចំណែកការត្រៀមទៅប៉ះ ឡុង ជិន នៅវគ្គផ្តាចើព្រ័ត្រ តាញ់ មករា បាននិយាយថា៖ «ការឡើងទៅជួប ឡុង ជិន ខ្ញុំត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះគាត់ជារៀមច្បងខ្ញុំ ហើយគាត់មានសមត្ថភាពល្អដែរ អ៊ីចឹងខ្ញុំមិនទាន់ហ៊ានថា ខ្ញុំនឹងឈ្នះបានខ្សែក្រវាត់ប្រាក់នេះឲ្យប្រាកដនោះទេ ប៉ុន្តែយើងត្រូវតែដាក់ចិត្ត និងប្រឹងប្រែងបន្ថែមទៀត ព្រោះវាមិនមែនជាការប្រកួត ដែលងាយស្រួលនោះទេ»។

គួររំឭកថា ឡុង ជិន បានផ្តួលកីឡាករថៃ Phanrith ឲ្យសន្លប់ត្រឹមទឹកទី៣ នៅក្នុងការប្រកួតជម្រុះរបស់គេ កាលពីថ្ងៃទី១៦ ខែមិថុនា កន្លងមកនេះ ហើយការឡើងទៅជួប តាញ់ មករា នៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកខ្សែក្រវាត់នេះ រូបគេក៏មានការបារម្ភផងដែរ ដោយបាននិយាយក្រោយយកឈ្នះថៃ Phanrith ថា៖ «បើប៉ះប្អូន មករា ខ្ញុំរាងបារម្ភដែរ ព្រោះឥឡូវគាត់ឡើងមែនទែន ប៉ុន្តែខ្ញុំនឹងព្យាយាមយកឈ្នះគាត់ឲ្យបាន»។

ការប្រកួតដណ្តើមយកខ្សែក្រវាត់ប្រាក់ទី២ រវាង តាញ់ មករា និង ឡុង ជិន អាចនឹងធ្វើឡើង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ហើយអ្នកឈរបានខ្សែក្រវាត់ប្រាក់នេះ នឹងទទួលបានឱកាសដ៏ពិសេសមួយ ដើម្បីឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារ ជាមួយអ្នកខ្សែក្រវាត់ប្រាក់ចំនួន៣នាក់ទៀត ខណៈ ឡៅ ចិត្ត្រា ជាអ្នកឈ្នះបានខ្សែក្រវាត់ប្រាក់ ទី១ បន្ទាប់ពីរូបគេបានឈ្នះទាំង២ប្រកួត ដោយការផ្តួលឲ្យកីឡាករថៃសន្លប់យ៉ាងងាយៗ ដូចគ្នានោះ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.