ជើងខ្លាំងរូបស្រស់ Jihin Radzuan អន្ទះសាតតាំងនឹង Jomary Torres នៅម៉ាឡេស៊ីដើមខែ កក្កដា

6 months ago​ | ដោយ V-Dr

កីឡាការិនីម្ចាស់ផ្ទះ Jihin “Shadowcat” Radzuan កំពុងរង់ចាំយ៉ាងអន្ទះសាដើម្បីត្រឡប់មកសង្វៀនវិញនៅក្រុងកូឡាឡាំពួរ នាសង្វៀន ONE Championship នៅដើមខែ កក្កដា។ កីឡាការិនីគុនចម្រុះវ័យ ២០ ឆ្នាំរូបនេះ នឹងជួបជើងខ្លាំងសញ្ជាតិហ្វីលីពីន Jomary Torres នៅសង្វៀន ONE: MASTERS OF DESTINY នាថ្ងៃសុក្រ ទី ១២ ខែ កក្កដា នាទីលាន Axiata Arena ក្នុងការប្រកួតដ៏កក្រើកនៅប្រភេទទម្ងន់ Atomweights។ កីឡាការិនីមកពីក្លិប Ultimate MMA Academy ឡើងប្រកួតក្រៅដីតែម្ដងគត់នាពេលកន្លងមកដោយធ្វើដំណើរទៅប្រកួតនៅក្រុងបាងកកប្រទេសថៃ កាលខែ កុម្ភៈ។ ប៉ុន្តែពេលនេះត្រលប់មកទឹកដីរបស់ខ្លួនដែលជាផលចំណេញមួយ មានអ្នកគាំទ្រច្រើនកុះករក្នុងជំនួបខែ កក្កដា ខាងមុខ។

កីឡាការិនីដែលមានរហស្សនាម «Shadowcat» បានបញ្ជាក់ថា៖ «វាពិតជាល្អណាស់ដែលត្រឡប់មកប្រកួតនៅម៉ាឡេស៊ី វិញ។ ខ្ញុំតែងតែនឹកការហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រនៅទីនេះ ពេលណាខ្ញុំឡើងវ៉ៃនៅ កូឡាឡាំពួរ។ នេះជារឿងពិសេសពេលប្រកួតក្នុងប្រទេសរបស់ខ្លួន ព្រោះអ្នកគាំទ្រជាសាក្សី ហើយខ្ញុំនឹងផ្ដល់ឲ្យអ្នកគាំទ្រនូវការប្រកួតដ៏អស្ចារ្យ។ វាជារឿងអស្ចារ្យដែលខ្ញុំត្រូវបង្ហាញឲ្យអ្នករាល់គ្នាឃើញនូវអ្វីដែលខ្ញុំមិនទាន់បានធ្វើវា»។

ដ្បិតអាយុត្រឹម ២០ ឆ្នាំប៉ុន្តែ «Shadowcat» បានបង្ហាញការប្រកួតយ៉ាងល្អនៅក្នុងអាជីពដោយឈ្នះ ៤ និង ចាញ់ ១ ដងគត់ក្នុងការប្រកួតលើសង្វៀនគុនចម្រុះ ហើយ ក្នុងនោះជ័យជម្នះ ៣ ដងនៅសង្វៀន ONE។ គេជាកីឡាការិនីដ៏មានសក្ដានុពល។ ម្ចាស់ជើងឯកវូស៊ូពិភពលោក (Wushu World Champion) បានបង្ហាញថាគេអាចប្រកួតបានគ្រប់ក្បាច់ដែលប្រើក្បាច់គុនចម្រុះ និង ធ្វើឲ្យអ្នកគាំទ្រជក់ចិត្ត។ ការប៉ងជួប Torres គឺជាក្ដីប្រាថ្នារបស់គេនាពេលកន្លងមក។ Jihin ជឿជាក់ថា ការប្រកួតនេះនឹងធ្វើឲ្យកាន់តែក្ដៅគគុក និង ជួយឲ្យរូបគេឆ្ពោះតំណែងកីឡាការិនីកំពូលម្នាក់ទៅថ្ងៃមុខ។

កីឡាការិនីជំនាញខាងក្បាច់គុនវូស៊ូ បញ្ជាក់បែបនេះ៖ «ខ្ញុំតែងតែចង់ជួប Jomary បន្ទាប់ពីខ្ញុំឈ្នះ Puja Tomar, Priscilla Hertati Lumban Gaol, និង Jenny Huang។ ប៉ុន្តែបែរត្រូវជួប Gina Iniong ទៅវិញ។ ខ្ញុំអត់មានការតវ៉ាទេ ប៉ុន្តែ Jomary នឹងធ្វើឲ្យការវ៉ៃរបស់ខ្ញុំកាន់តែល្អ ។ ខ្ញុំតែងតែនិយាយថា Jomary ជាគូប្រជែងដ៏ឥតខ្ចោះសម្រាប់ខ្ញុំ និង អាចឲ្យខ្ញុំឈានទៅដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក»។

កីឡាការិនីវ័យ ២០ ឆ្នាំដដែលនេះបានថ្លែងអំណរគុណដែលបានរៀបចំការប្រកួត ហើយគេរង់ចាំយ៉ាងអន្ទះអន្ទែងដើម្បីការប្រកួតដ៏កម្រនេះ។ Jihin កំពុងបុកហ្វឹកហាត់ខ្លាំងក្លា បង្កើនសមត្ថភាព និង បច្ចេកទេស ដែលបោះជំរំហ្វឹកហាត់មុនពិធីបុណ្យសាសនា Hari Raya ព្រោះរូបគេមិនបោះជំរំបែបនេះទេពីមុន។

កីឡាការិនីមកពី Johor Bahru ថ្លែងសារអរគុណទៀតថា៖ «សូមអរគុណដល់គ្រូបង្វឹករបស់ខ្ញុំ Melvin Yeoh ដែលតែងតែរៀបចំសកម្មភាពប្រចាំថ្ងៃក្នុងការតមអាហារ និង ប្រឹក្សាយោបល់លើរបបអាហារជាប្រចាំដើម្បីញុំា និងអ្វីដែលត្រូវធ្វើជាបន្តបន្ទាប់ក្រោយពីញុំាអាហារ»។

ទន្ទឹមគ្នានេះ កីឡាការិនីរូបស្រស់បង្កើនការហ្វឹកហាត់សូម្បីតែចុងសប្ដាហ៍ នៅក្លិប Ultimate MMA Academy ដោយហាត់ ២ ដងបន្ថែមក្នុងមួយថ្ងៃនាថ្ងៃចុងសប្ដាហ៍។ ការហាត់នេះដើម្បីបង្កើនថាមពល និង រាងកាយមាំមួន រហូតដល់ការប្រកួតខិតជិតទើបបន្ថយការហាត់មកវិញ។

Jihin ជឿជាក់ថារូបគេ មិនត្រឹមតែធ្វើឲ្យការប្រកួតរំភើបទេ ប៉ុន្តែថែមទាំងទទួលជ័យជម្នះទៀតផង នៅក្រុងកូឡាឡាំពួរ។ យ៉ាងណាក្ដី «Shadowcat» មិនមើលងាយលើគូប្រកួតទេដោយសារ ក្បាច់ទាត់ និងកណ្ដាប់ដៃ ជាចំណុចខ្លាំងរបស់ Jomary ហើយអ្វីៗក៏អាចកើតឡើងដែរលើសង្វៀន ប៉ុន្តែគេប្ដេជ្ញានឹងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.