រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ទទួលបានជោគជ័យខ្លាំង ដល់ថ្នាក់ហ្នឹងផង!

6 months ago​ | ដោយ V-Dr

ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ លើកទី៩ ឆ្នាំ២០១៩ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីប្រាប់ថា បានទទួលជោគជ័យខ្លាំង ព្រោះព្រឹត្តិការណ៍នេះ មានអ្នកចូលរួមច្រើន រហូតដល់ថ្នាក់ផលិតមេដាយសម្រាប់បំពាក់ទុកជាអនុស្សាវរីយ៍ មិនគ្រប់ទៅនឹងចំនួនអ្នកចូលរួម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងអ្នកអ្នកគ្រប់គ្រងការប្រកួតនេះ បានថ្លែងប្រាប់ ក្រោយបញ្ចប់ការប្រកួតថា៖ «ការប្រកួតនេះ មានអ្នកចុះឈ្មោះផ្លូវការជាង៦០០០នាក់ និងអ្នកមិនបានចុះឈ្មោះមួយចំនួនទៀត សរុបចូល៧០០០នាក់ មកពី៣៨ប្រទេស គឺមានការកើនឡើងជាងឆ្នាំមុនៗចូល២០ភាគរយ»។

លោកបានបន្ថែមថា៖ «អ្នកចូលរួមមានចំនួនច្រើនកុះករជាងមុន ដោយសារមនុស្សសម្រុកមកច្រើន ធ្វើឲ្យយើងមានការឆក់ល្វែងខ្លះនៅក្នុងការរៀបចំ ដូចជាការខ្វះមេដាយ ព្រោះចំនួនអ្នកចូលរួមច្រើនពេក ពិសេសចំនួនក្រុម ពី៣០០ទៅ៤០០នាក់ៗ បុកចុងក្រោយនេះ ធ្វើឲ្យយើងផលិតមេដាយ សម្រាប់ពួកគាត់មិនទាន់ ប៉ុន្តែជាទូទៅ យើងទទួលបានលទ្ធផលល្អជាងឆ្នាំមុនៗ ព្រោះគ្មានបញ្ហាអ្វីបានកើតឡើង នៅពេលប្រកួត ដែលបង្កការលំបាកដល់ក្រុមការងាររបស់យើងនោះទេ»។

បើទោះបីជា ចំនួនអ្នកចូលរួមប្រកួត នៅឆ្នាំនេះ មានការកើនឡើងបែបនេះ ក៏ពិតមែន ប៉ុន្តែសម្រាប់តំណែងជើងឯក លើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូក្រាម គឺអត្តពលិកមកពីប្រទេសជប៉ុន បានក្រសោបយកទាំងផ្នែកបុរស និងនារីតែម្តង ដោយក្នុងនោះកីឡាករវ័យ៣២ឆ្នាំ Makino Saeki បានប្រើថិរវេលា ១:១០:២៧ ម៉ោង ដើម្បីក្លាយជាម្ចាស់ជើងឯក ផ្នែកបុរស ហើយកីឡាការិនីវ័យ៣៦ឆ្នាំរបស់ជប៉ុនដែរ Sasaki Natsuko បានប្រើពេល ១:៤១:៤៧ ម៉ោង ដើម្បីគ្រងជើងឯកផ្នែកនារី។

ប៉ុន្តែសម្រាប់ការរត់ចម្ងាយ១០គីឡូម៉ែត្រវិញ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា បានប្រើថិរវេលា ៣៧:២៥ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ គឺល្អជាងកីឡាករ ឈុត ប៊ុនថន និង ជា សម្ភស ដែលទទួលបានលេខ២ និងលេខ៣។ ចំណែកកីឡាការិនី ហេង ម៉ីជូ របស់កម្ពុជា បានចំណាយពេលជាង៤៥នាទី ដើម្បីទទួលបានលេខ១ ផ្នែកនារី គឺនាំមុខកីឡាការិនីជាប់លេខ២ Walker Brittany របស់នូវែលសេឡង់ និងឈ្នះកីឡាការិនីរបស់ជប៉ុន Fukuoka Fumie ដែលបានលេខ៣។

ក្រៅពីនេះ ក៏មានការរត់បែបកម្សាន្តចម្ងាយ៣គីឡូម៉ែត្រផងដែរ ហើយអត្តពលិកកម្ពុជា បានទទួលជយលាភីទាំងផ្នែកបុរស និងនារី ហើយស្ថានភាពប្រកួតវិញ គឺមានពោរពេញដោយភាពសប្បាយរីករាយ ចំណែកពិធីបើក-បិទ និងបំពាក់មេដាយ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ព្រមទាំងភាគីពាក់ព័ន្ធជាដៃគូសហការ ជាច្រើននាក់ទៀត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.