v9
V9BET

អ្នកជំនាញ ថា កីឡាករណាក៏ហ្វឹកហាត់ខ្លាំងបានដែរ ប៉ុន្តែការហ្វឹកហាត់ឲ្យត្រឹមត្រូវតាមបច្ចេកទេស កុំឲ្យប៉ះពាល់ដល់សុខភាពទើបលំបាក

2 days ago​ | ដោយ V-Dr

ការហ្វឹកហាត់ផ្នែកកម្លាំងបានដើរតួនាទីសំខាន់ក្នុងការទប់កុំឲ្យកីឡាករអស់ស៊ុហ្វ និង មិនងាយរងរបួសងាយៗ។ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ នៃក្លិបប្រដាល់ Cambodian Top Team (CTT) បានជួលសេវាកម្មអ្នកជំនាញផ្នែកកម្លាំងនេះ គឺលោក Mark Chen សញ្ជាតិហុល្លង់។ ការហ្វឹកហាត់ខ្លាំង កីឡាករណាក៏អាចធ្វើបាន ប៉ុន្តែការហ្វឹកហាត់ត្រឹមត្រូវបានបច្ចេកទេសទើបលំបាក។ ឆ្លងកាត់ការបង្វឹកផ្នែកកាយសម្បទាដល់កូនសិស្សនៅ CTT រយៈពេលប្រមាណជា ៣ ខែ គ្រូបង្វឹករូបនេះបង្ហើបអំពីអត្ថប្រយោជន៍ និង ចំណុចសំខាន់ៗនានា តាមរយៈផ្ដល់បទសម្ភាសន៍ដល់ ONE ដូចខាងក្រោម។

ONE: ជម្រាបសួរលោក Mark តើរយៈពេលប៉ុន្មានឆ្នាំហើយដែលលោកមកធ្វើការនៅព្រះរាជាណាចក្រកម្ពុជា?
ចម្លើយ៖ ខ្ញុំបានមកប្រទេសកម្ពុជានៅឆ្នាំ ២០១៤។ ខ្ញុំទទួលការងារនៅមន្ទីរព្យាបាលឯកជនមួយកន្លែង។ នៅទីនោះ យើងបានផ្ដល់ឲ្យពលរដ្ឋនូវសេវាកម្មជាច្រើន ដូចជាការព្យាបាលឆ្អឹងខ្នង ជំងឹផ្សេងៗ និង ការវះកាត់នានា។ ការងាររបស់ខ្ញុំគឺជួយឲ្យអ្នកជំងឺត្រលប់ទៅសភាពដើមវិញក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ និង ជួយសម្រួលសកម្មភាពហាត់ ឬ ហាត់កីឡាជាដើម។ ដល់ឆ្នាំ ២០១៧ ខ្ញុំបានចាកចេញពីមន្ទីរព្យាបាលឯកជននោះ មកបើករបររកស៊ីខ្លួនឯង ឈ្មោះថា «Banteay Center» ដែលខ្ញុំអាចផ្ដោតលើផ្នែកកម្លាំង និង ផ្ដោតលើការងារបង្វឹកកីឡាករ។ បន្ទាប់មកទៀតយើងបានបើកធ្វើតេស្តសម្រាប់កីឡាករ ព្រះខ័នរាជស្វាយរៀង ដែលជាគម្រោងដំបូង។ ក្រោយមានភាពល្អប្រសើរឡើងផ្នែកកម្លាំង ទើបថ្នាក់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀងផ្ដល់ឱកាសការងារជាប្រធានផ្នែកបង្វឹកកម្លាំង និង កាយសម្បទានៅក្លិប។ ដោយសារភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ឥឡូវនេះយើងមានគ្រូបង្វឹកចំនួន ៣ រូបដឹកនាំបង្វឹក Gym និង មើលថែទាំងកីឡាករ។

ONE៖ មុនផ្លាស់មកធ្វើការនៅកម្ពុជា តើលោកមានប្រវត្តិការងារយ៉ាងណាដែរ?
ចម្លើយ៖ ខ្ញុំបានធ្វើការជាអ្នកបង្វឹកផ្នែកកម្លាំង, និង ជំនាញផ្នែកអាហារូបត្ថម្ភតាំងពីឆ្នាំ ២០០៩ មក។ អំឡុងពេលខ្ញុំសិក្សាខ្ញុំបានធ្វើការនៅកន្លែង Gym មួយដោយមិនទទួលបានប្រាក់ខែ ប៉ុន្តែ ខ្ញុំបានរៀន និងទទួលបានកាតសមាជិកឥតបង់ថ្លៃ។ អំឡុងពេលនោះ ខ្ញុំអនុវត្តន៍នូវអ្វីដែលខ្ញុំបានរៀន។ បន្ទាប់មកទៀតខ្ញុំបានធ្វើការនៅកន្លែង Gym ធំមួយនៅប្រទេសហុល្លង់ ក្នុងនាមជាអ្នកជំនាញស្តារនីតិសម្បទា។

ONE៖ បន្ទាប់ពីបង្ហាត់ដល់កូនសិស្សនៅ CTT រយៈពេលប្រមាណ ៣ ខែ តើលោកយល់យ៉ាងណាចំពោះភាពរីកចម្រើនរបស់ពួកគេ?
ចម្លើយ៖ ការវាយតម្លៃកីឡាករមានពីរប្រភេទ គឺ «អត្តនោម័តិ » និង «សត្យានុម័ត»។ អត្តនោម័តិ មានភាពងាយស្រួលបំផុតដោយគ្រាន់តែសួរកីឡាករ អារម្មណ៍យ៉ាងណាក្រោយហ្វឹកហាត់ ហើយ យើងទទួលបានភាពកែតម្រូវត្រលប់មកវិញ។ មើលទៅពួកគេមានការបម្លាស់ទីល្អជាងមុន រាងកាយមើលល្អជាងមុន និង មើលទៅសប្បាយចិត្ត។ នេះជាការវាស់ស្ទង់ខាងក្រៅ។ ប៉ុន្តែ «សត្យានុម័ត» វិញយើងត្រូវធ្វើតេស្ដតាមកម្មវិធីរបស់យើង។ ការធ្វើតេស្ដគឺជាការវាយតម្លៃចំពោះកម្លាំងរបស់ពួកគេ សន្ទុះ ភាពអំណត់ ភាពរហ័សរហួន និង ភាពបត់បែន។ ពេលនេះយើងកំពុងតែព្យាយាមរៀបចំថ្ងៃខែដើម្បីធ្វើតេស្ដឡើងវិញ ថាតើពួកគេនឹងរីកចម្រើនកម្រិតណាដែរផ្នែកកម្លាំងស៊ុហ្វ បន្ទាប់ពីហ្វឹកហាត់។

ONE៖ អ្វីជាកត្តាសំខាន់ដែលជួយឲ្យកម្លាំងកាន់តែល្អឡើងសម្រាប់កូនសិស្ស ឬ កីឡាករនៅ CTT? ចម្លើយ៖ ការហ្វឹកហាត់ផ្នែកកម្លាំង នឹងធ្វើឲ្យការប្រកួតកាន់តែល្អប្រសើរឡើងនៅលើសង្វៀន។ យើងត្រូវតែផ្លាស់ប្ដូរទម្លាប់ចាស់(Old School) ពោល «train hard or go home» ឬ ន័យថា «ហ្វឹកហាត់ខ្លាំង ឬ ត្រលប់ទៅផ្ទះវិញ»។ វាមិនមែនជាការស្រាវជ្រាវសម័យទំនើបនោះទេ ហើយវាធ្វើឲ្យកីឡាករឆាប់រងរបួស។ យើងត្រូវ គោរពតាមប្រព័ន្ធចលនារបស់មនុស្ស ដូចជា អំណត់ កម្លាំង សន្ទុះ ភាពបត់បែន និង បម្លាស់ទី។ នេះជាចំណុចចាំបាច់បំផុតសម្រាប់កីឡាករគ្រប់រូប ប៉ុន្តែពួកគេតែងតែមើលរំលង។ ចំណុចសំខាន់ខ្លាំងនោះគឺ អំណត់ ដែលត្រូវឆ្លើយសំណួរថា កីឡាករអាចស៊ូបានប៉ុន្មានទឹកនៅលើសង្វៀន។ ភាពបន់បែនសំដៅលើការវ៉ៃចេញ និង ទាត់ជាដើម។ សន្ទុះ គឺសំដៅលើចលនានៃកម្លាំង ទាត់និងវ៉ៃចេញ ល្បឿន បម្លាស់ទី និង ភាពរហ័ស (Speed, Agility, Quickness)។ កម្លាំង មានន័យថា ស្ថានភាពទូទៅដែលទ្រទ្រង់ដល់សាច់ដុំ និងឆ្អឹង។ បើមានទាំងអស់នេះ យើងអាចគ្រប់គ្រងស្ថានការណ៍លើសង្វៀនបានល្អ។

ONE៖ ឆ្លងតាមបទពិសោធន៍របស់លោក តើធ្វើយ៉ាងណាដើម្បីផ្ដល់កម្លាំងស៊ុហ្វដល់កីឡាករឲ្យកាន់តែខ្លាំងក្លាថែមទៀត?
ចម្លើយ៖ នេះវិធីសាស្ត្រល្អក្នុងការបង្កើនកម្លាំងស៊ុហ្វ។ អ្នករាល់គ្នាអាចហ្វឹកហាត់ខ្លាំង វាជាការងាយស្រួលទេ។ ប៉ុន្តែវិធីហ្វឹកហាត់ខ្លាំងស្របតាមបច្ចេកទេសដែលធ្វើមិនឲ្យប៉ះពាល់ដល់សុខភាពទើបលំបាក។ នេះតម្រូវឲ្យមានចំណេះដឹង ផែនការ ការបង្កើតកំហុស និង ការរៀនអំពីកំហុសទាំងនោះ។ កីឡាករត្រូវតែនៅជាមួយអ្នកជំនាញ។ ការតមអាហារ និង ការហាត់កម្លាំងបានល្អធ្វើឲ្យយើងជៀសផុតពីបញ្ហារបួសនានា។ បើមើលអត្តពលិកល្បីៗក្នុងលោក ពួកគេសុទ្ធតែមានអ្នកជំនាញៗនៅក្បែរខ្លួនជានិច្ច និង ទទួលការហ្វឹកហាត់តាមបច្ចេកទេសផ្សេងៗគ្នា។ កីឡាករត្រូវទទួលយកចំណេះដឹងពីគ្រប់អ្នកជំនាញ ជាមួយការអត់ធ្មត់ខ្ពស់ និង ទទួលតុល្យភាពការហ្វឹកហាត់ និង ការថែទាំរាងកាយឲ្យល្អប្រសើរ(Body Recover)។

ONE ៖ មុននឹងបញ្ចប់ តើលោកមានសារផ្ដាំផ្ញើអ្វីដែលខ្ញុំមិនបានសួរខាងលើ?
ចម្លើយ៖ ដូចខ្ញុំមានផ្ដោតខាងលើអីចឹង កីឡាករនិងគ្រូបង្វឹក ដែលខ្ញុំបានឃើញគឺធ្វើការងារខ្លាំងណាស់ដោយក្ដីស្រលាញ់ មើលទៅអស្ចារ្យ ទោះមិនទាន់ដល់កម្រិតកំពូលក្ដី។ ដើម្បីធ្វើឲ្យប្លែក យើងមានសមាសភាព ៣ សំខាន់៖ ទី១ ត្រូវទទួលស្គាល់ថាការហ្វឹកហាត់នេះមិនទាន់គ្រប់គ្រាន់និងត្រូវមានភាពវៃឆ្លាត។ នេះមានន័យថា យើងត្រូវការពេលវេលាហ្វឹកហាត់ជាប្រចាំផ្ដោតលើកម្លាំងដើម្បីឈានដល់គោលដៅ សមត្ថភាព និង ត្រូវការអ្នកជំនាញនៅក្បែរជានិច្ច។ ទី២៖ របបអាហារ ជាការរួមចំណែកសំខាន់រហូតដល់ ៥០%។ របបអាហារអាចនាំឲ្យរាងកាយបញ្ចេញកម្លាំង និង សន្ទុះល្អក្រៅពីការហ្វឹកហាត់។ បើការបរិភោគអាហារមិនត្រឹមត្រូវ អ្នកនឹងមិនអាចទទួលបានផលល្អពីការហ្វឹកហាត់ឡើយ។ ទី៣៖ ការអប់រំ/ការធ្វើការរួមគ្នានៅកម្ពុជា ខ្ញុំបានជួបមនុស្សដែលមានឆន្ទៈជាច្រើន។ អ្នកទាំងអស់មានទេពកោសល្យផ្សេងគ្នានិង មានជំនាញ ប៉ុន្តែ ពួកគេនៅដាច់ដោយឡែកពីគ្នា។ យើងត្រូវតែព្យាយាម និង រកវិធីដើម្បីចូលរួមជាមួយគ្នា និងជំរុញស្ថានភាពបច្ចុប្បន្ន និង យុវជនជំនាញក្រោយឲ្យទៅកម្រិតខ្ពស់ឡើងៗ។ កីឡាករកម្ពុជាកំពុងតែដើរទៅមុខហើយ ប៉ុន្តែផ្នត់គំនិតល្អត្រូវតែនៅជាមួយគ្នា នោះយើងអាចកែប្រែភាពកម្សោយរបស់យើងទៅក្លាយជាការប្រកួតប្រជែងដ៏អស្ចារ្យលើកឆាកអន្តរជាតិនាពេលខាងមុខ៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.