v9
V9BET

ក្រុមបាល់ទះអង្គុយកម្ពុជា បន្តចាញ់ជាលើកទី៤ មុនពេលទៅជួបក្រុមម្ចាស់ផ្ទះថៃ

1 month ago​ | ដោយ V-Dr

ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា មិនអាចប្រើការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ប្រជែងយកបានចំណាត់ថ្នាក់ ឬ Ranking នៅក្នុងតំបន់ ឲ្យបានប្រសើរនោះទេ ខណៈពួកគេជួបការបរាជ័យ ជាលើកទី៤ នៅក្នុងការប្រកួតជើងឯកបាល់ទះអង្គុយតំបន់អាស៊ីអូសេអានី ដែលកំពុងតែដំណើរការ នៅទីក្រុងបាងកក ប្រទេសថៃនោះ។

សម្រាប់ការប្រកួតវិលជុំលើកទី៥ ដែលទើបបានបញ្ចប់មុននេះបន្តិច ក្រុមបាល់ទះអង្គុយកម្ពុជា បានបន្តចាញ់ក្រុមបាល់ទះអង្គុយកូរ៉េ ក្នុងលទ្ធផល ៣-០ ជាមួយគ្រាប់បាល់២៥-២២ ២៥-២០ និង ២៩-២៧ ប៉ុន្តែការប្រកួតលើកនេះ ក្រុមកម្ពុជា ធ្វើបានល្អ ព្រោះមានគ្រាប់បាល់ប្រដេញក្រុមកូរ៉េ គួរឲ្យកត់សម្គាល់ ពិសេសការប្រកួតនៅសិតទី៣ ដែលក្រុមទាំង២ បានបញ្ចប់ការឈ្នះចាញ់រហូតដល់ពិន្ទុ ២៩-២៧។

ជាមួយលទ្ធផលនេះ បានធ្វើឲ្យការប្រកួតទាំង៥លើករបស់ក្រុមកម្ពុជា បានជួបការចាញ់៤ដង និងឈ្នះបានត្រឹម១ដង ព្រោះ៤ប្រកួតកន្លងមក ក្រុមកម្ពុជា បានចាញ់ក្រុមអ៊ីរ៉ង់ ៣-០ (២៥-១៥ ២៥-១៣ ២៥-៦) ចាញ់ក្រុមកាហ្សាក់ស្ថាន ៣-០ (២៥-១៣ ២៥-១១ ២៥-១៨) ចាញ់ក្រុមចិន (២៥-១៦ ២៥-១៣ ២៥-១៤) ប៉ុន្តែក្រុមកម្ពុជាបានឈ្នះក្រុមជប៉ុន ៣-១ ជាមួយគ្រាប់បាល់ ២៥-២២ ២៥-១៩ ១៦-២៥ និង ២៥-២០។

យ៉ាងណាក៏ដោយ ក្រុមកម្ពុជា នៅសល់ការប្រកួត១លើកទៀត គឺជាមួយក្រុមម្ចាស់ផ្ទះថៃ នៅថ្ងៃសុក្រ វេលាម៉ោង២រសៀល ខណៈក្រុមទាំង២នេះ មិនទាន់មាន Ranking នៅក្នុងតំបន់ដូចគ្នា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺក្រុមម្ចាស់ផ្ទះថៃ បានឈ្នះក្រុមជប៉ុន ៣-០ និងចាញ់គ្រប់ការប្រកួតផ្សេងទៀតដូចកម្ពុជាដែរ។

គួររំឭកថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានបញ្ជូនកីឡាករចំនួន១០នាក់ មានកីឡាករ អ៊ូ ផល្លា, កៅ ហឿន, អ៊ីង ភីរៀម, តង់ រ៉ាវី, សាំង វាសនា, ម៉ន យ៉ារ៉ាញ់, ញូញ សុខ, ពូន ឌីណា, យ៉ុម ក្រឹម និង អឿន ណុត ទៅចូលរួមការប្រកួតនេះ ក្រោមការដឹកនាំរបស់លោក ប៉ឹង សារ៉េត ជាប្រធានប្រតិភូ លោក ស្រៀ ចន្ថា ជាអនុប្រធានប្រតិភូ លោក យឹម វណ្ណា ជាគ្រូបង្វឹក និងលោក យ៉ុង សុខុម ជាគ្រូជំនួយ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.