v9
V9BET

ម្ចាស់ខ្សែក្រវាត់៣ ផល សោភ័ណ្ឌ បង្ហើបបំណងទៅប្រកួតនៅសង្វៀន ONE នាថ្ងៃណាមួយ

3 days ago​ | ដោយ V-Dr

ម្ចាស់ខ្សែក្រវាត់៣ និង ជាម្ចាស់មេដាយមាសថ្នាក់ជាតិច្រើនដងទាំងប្រដាល់សេរី និងសកល ផល សោភ័ណ្ឌ បង្ហើបអំពីបំណងទៅប្រកួតសង្វៀនកម្រិតពិភពលោក ONE Championship នៅថ្ងៃណាមួយ។ ការបង្ហាញជំហរបែបនេះព្រោះចង់សាកល្បងសមត្ថភាព ចង់ដឹងបច្ចេកទេសថ្មីៗ និង ចង់យកពិសោធន៍បន្ថែមទៀតអំពីការរៀបចំកម្រិតពិភពលោកនិងអន្តរជាតិ បន្ទាប់ពីប្រឡូកនៅសង្វៀនក្នុងស្រុកតាំងពីប្រភេទទម្ងន់ ៣០ គីឡូក្រាមមកម៉្លេះ។

ម្ចាស់ខ្សែក្រវាត់ខារ៉ាបាវពីរឆ្នាំជាប់គ្នាបានថ្លែងយ៉ាងដូច្នេះ៖ «ខ្ញុំចង់បង្ហាញសមត្ថភាពនៅសង្វៀន ONE នាថ្ងៃណាមួយទោះលទ្ធផលយ៉ាងណា ខ្ញុំនឹងប្រឹងឲ្យអស់អំពីសមត្ថភាពបើសិនជាគេផ្ដល់ឱកាសឲ្យ។ ពេលកីឡាករខ្មែរយើងចេញទៅប្រកួត ខ្ញុំតែងតែតាមដានមិនបង ចាន់ រតនា, កាកា និង ឡៅ ចិត្រា នាពេលកន្លងមកទេ។ពេលខ្ញុំបានតាមដាន ខ្ញុំឃើញនៅសង្វៀន ONE កីឡាករគូប្រជែងនឹងកីឡាករខ្មែរ គេជំហររឹងៗ ហើយរហ័សៗ ណាស់ដូច Rodtang និង Superlek Kiatmoo9 ជាដើម។ កីឡាករថៃទាំងពីរនេះរហ័សរហួនលើបម្លាស់ទី និង ការវ៉ៃចេញរបស់គេក៏ល្អដែររួមទាំងការទាត់ផង»។

ដ្បិតមើលឃើញគូប្រកួតរបស់ខ្មែរកន្លងមកខ្លាំងៗ កីឡាករមកពីក្លិបតាឡីដំរីមានរិទ្ធិរូបនេះរៀបរាប់ទៀតថា ពេលខ្លះត្រូវស្វែងរកអ្វីដែលជាបទពិសោធន៍ថ្មី និង រៀនយល់ដឹងអំពីការរៀបចំនៅមជ្ឈដ្ឋានអន្តរជាតិ ហើយ វាក៏ជាការវាស់ស្ទង់មួយដែរដើម្បីយកមកអភិវឌ្ឍខ្លួន។ កីឡាករដែលហាត់ប្រដាល់តាំងពីអាយុ ១៣ ឆ្នាំបានខំប្រឹងប្រែងហ្វឹកហាត់ជាប្រចាំព្រោះទីផ្សារប្រកួតនៅក្នុងស្រុកក៏ច្រើនដែរ ហើយវាជាស្ពានមួយដើម្បីចម្លងទៅប្រកួតកម្រិតអន្តរជាតិ។ ប្អូនប្រុសរបស់ ផល សុផាត បានត្រៀមខ្លួនជាហូរហែ ព្រោះរូបគេក៏កំពុងវាយដណ្ដើមខ្សែក្រវាត់គូបូតាទម្ងន់ ៦៣,៥ គីឡូក្រាម នៅសង្វៀនបាយ័ន ដែលមានសមាសភាពកីឡាករ ថៃ និង ខ្មែរចំនួន ៨ រូប។ កន្លងមកកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចូលរួមប្រកួតក្នុងកម្មវិធីខ្សែក្រវាត់នេះដែរ ប៉ុន្តែបានត្រឹមលេខ២ ដោយសារចាញ់ជើងខ្លាំងមកពីក្លិបប្រដាល់ទ័ពឆត្រយោង៩១១ ឡៅ ចន្ទ្រា នៅវគ្គផ្ដាច់ព្រ័ត្រកាល ៣ ឆ្នាំមុន។

ម្ចាស់ខ្សែក្រវាត់ស្រាបៀរកម្ពុជា ដែលដណ្ដើមបានពី វង្ស ណយ ទទួលស្គាល់ថា៖«កម្លាំងស៊ុហ្វ ជាបញ្ហាប្រឈមមួយសម្រាប់កីឡាករខ្មែរនៅសង្វៀន ONE ក្រៅពីបច្ចេកទេស។ ជាក់ស្ដែងខ្ញុំខ្លួនឯងក៏ស៊ុហ្វធ្លាក់ចុះខ្លះដែរមួយរយៈនេះ ប៉ុន្តែនៅខំប្រឹងរាល់ថ្ងៃដើម្បីកុំឲ្យចាញ់ស៊ុហ្វគេ និង វ៉ៃដណ្ដើមខ្សែក្រវាត់នៅកម្ពុជា។ ខ្ញុំជឿថា កម្លាំងស៊ុហ្វរបស់ខ្ញុំនឹងល្អប្រសើរឡើង»។

គួរដឹងថា ផល សោភ័ណ្ឌ កើតនៅឆ្នាំ ១៩៩២។ គេជាម្ចាស់ខ្សែក្រវាត់ ខារ៉ាបាវ ពីរឆ្នាំជាប់គ្នា នៅឆ្នាំ ២០១២ និង ២០១៣ ហើយ ដណ្ដើមខ្សែក្រវាត់ស្រាបៀរកម្ពុជាបានពី វង្ស ណយ នៅឆ្នាំ ២០១១។ ក្រៅពីនោះកូនសិស្សលោកតាញ៉ូវ ម៉ាក និង លោក ម៉ាក សាខន ធ្លាប់ឈ្នះមេដាយមាសទូទាំងប្រទេសក្នុងវិញ្ញាសាប្រកួតសាកល និង ឈ្នះមេដាយមាសថ្នាក់ជាតិក្នុងវិញ្ញាសាប្រកួតប្រដាល់សេរីជាច្រើនទៀតផង។ កំណត់ប្រកួតរបស់ សោភ័ណ្ឌ ប្រហែលឡើងសង្វៀនបានជាង ១២០ ដងមកហើយ បើរាប់បញ្ចូលទាំង ប្រដាល់គុនខ្មែរ និង សកល។ រឿងដែលគួរឲ្យចងចាំមួយទៀត គឺ ឡើងរេញលើកដំបូងនៅប៉ុស្តិ៍លេខ៥ ក្នុងប្រភេទទម្ងន់ ៣០ ទៅ ៣៥ គីឡូ ដែលពេលនោះប៉ះ ផន ប៊ុនម៉ៅ ដោយទទួលបានតម្លៃខ្លួន ប្រហែល ៨ ម៉ឺនរៀល៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.