v9
V9BET

លោក ជា ប៊ុនហេង អះអាងពីការផ្តល់ងារជាប៉ូលិស ដល់ក្រុមទូក បើពួកគេឈ្នះបានមេដាយ នៅស៊ីហ្គេម

2 weeks ago​ | ដោយ V-Dr

លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់លោកឧបនាយករដ្ឋមន្រ្តី ស ខេង និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា បានធ្វើការអះអាងថា លោកនឹងជួយសុំក្របខ័ណ្ឌប៉ូលិសឲ្យទៅក្រុមទូកប្រពៃណីអន្តរជាតិកម្ពុជា បើសិនជាក្រុមមួយនេះ អាចដណ្តើមបានមេដាយមាសជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះ។

លោក ជា ប៊ុនហេង ដែលជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ផងនោះ បានថ្លែងថា៖ «បើពួកយើង ឈ្នះបានមេដាយមាស ពីស៊ីហ្គេម នៅឆ្នាំនេះ ខ្ញុំសឹងតែហ៊ានធានាថា នឹងសុំទៅសម្តេចក្រឡាហោម ស ខេង ដែលជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីឲ្យពួកយើង ទទួលបានក្របខ័ណ្ឌជាប៉ូលិស ទាំងអស់គ្នា»។

ការលើកឡើងរបស់លោក ជា ប៊ុនហេង ត្រូវបានធ្វើឡើង នៅក្នុងសន្និសីទកាសែត កាលពីព្រឹកមិញនេះ គឺនៅពេលដែលបាននាំយកថវិកាចំនួន២០លានរៀលរបស់លោក ស ខេង ទៅប្រគល់ជូនដល់ក្រុមទូកប្រពៃណីខ្នាតអន្តរជាតិកម្ពុជា ដែលទើបឈ្នះបានមេដាយប្រាក់១ និងសំរឹទ្ធ១ ពីការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» អន្តរជាតិចិន-អាស៊ាន លើកទី១៥ «The 15th China-ASEAN (Nanning) International Dragon Boat» នៅទីក្រុងណាននីង ប្រទេសចិន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។

ជាមួយគ្នានេះ លោក ជា ប៊ុនហេង ក៏បានជំរុញឲ្យប្រតិភូទូកប្រពៃណីខ្នាតអន្តរជាតិកម្ពុជា ទាំង១៦នាក់ ដែលទើបឈ្នះបានមេដាយមកពីប្រទេសចិន ប្តេជ្ញាចិត្ត ដើម្បីស្វែងរកការមេដាយជូនជាតិ នៅស៊ីហ្គេម ផងដែរ ដោយលើកបានបង្ហាញការជឿជាក់ថា ក្រុមទូកប្រពៃណីខ្នាតអន្តរជាតិកម្ពុជា នឹងឈ្នះបានមេដាយ ណាមួយ នៅស៊ីហ្គេម លើកនេះ ជាមិនខានឡើយ។

លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖«ការប្រកួតកីឡាជាក្រុម គឺទាមទារឲ្យយើងត្រូវតែមានការសាមគ្គីគ្នាជាធ្លុងមួយ និងខំប្រឹងទាំងអស់គ្នា ទើបអាចសម្រេចបានជោគជ័យ ហេតុនេះ យើងត្រូវតែធ្វើការប្តេជ្ញាចិត្តទាំអស់គ្នា ព្រោះអ្វីដែលសំខាន់សម្រាប់ពួកយើង គឺនឹងត្រូវឆ្លុះបញ្ជាំង នៅក្នុងការប្រកួតស៊ីហ្គេម ក្នុងឆ្នាំនេះ ដោយខ្ញុំជឿថា យ៉ាងហោចក៏យើងដណ្តើមបានមេដាយណាមួយជូនជាតិដែរ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.