v9
V9BET

ធ្ងន់ពេកហើយ ១ដៃរបស់ ឡៅ ចិត្រ្តា ធ្វើឲ្យថៃ Kongsiam សន្លប់រហូតគ្រាចេញពីសង្វៀន

2 weeks ago​ | ដោយ V-Dr

នៅទីបំផុត កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឡៅ ចិត្ត្រា បានក្លាយជាបេក្ខភាពទី១ ដែលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រៀមប្រកួតដណ្តើមយកខ្សែក្រវាត់មាស នៅលើសង្វៀន PNN បន្ទាប់ពីរូបគេ បានឈ្នះខ្សែក្រវាត់ប្រាក់ កាលពីម្សិលមិញ។

ជ័យជម្នះរបស់ ឡៅ ចិត្ត្រា បានកើតមានឡើង នៅពេលកីឡាកររូបនេះ បានម៉ាត់ឲ្យអ្នកប្រដាល់ថៃ Kongsiam ដួលសន្លប់ ហើយការម៉ាត់ឆ្វេងមួយដៃរបស់ ចិត្ត្រា នៅដើមទឹកទី២នេះ វាដូចជាធ្ងន់ពេកហើយ សម្រាប់ Kongsiam ព្រោះវាបានធ្វើឲ្យ Kongsiam រង្វេងស្មារតី រហូតមានគេជួយគ្រាចុះពីលើសង្វៀនតែម្តង។

ការផ្តួលថៃ Kongsiam ឲ្យសន្លប់នៅដើមទឹកទី២នេះ វាពិតជារឿងដ៏មិនគួរឲ្យចង់ជឿ ដែល ឡៅ ចិត្ត្រា អាចធ្វើបាន ព្រោះ Kongsiam ក៏ជាកីឡាករមានសមត្ថភាពល្អមួយរូបផងដែរ ដោយថៃម្នាក់នេះបានទម្លាក់ សារឿន ចាន់ ឲ្យដើរចេញពីការប្រកួតនេះ ទាំងមិនអស់ចិត្ត។

យ៉ាងណាក៏ដោយ តាមស្ថានភាពប្រកួតជាក់ស្តែង Kongsiam បានបង្ហាញការចាញ់ប្រៀប និងបាក់ស្បាតរបស់ ឡៅ ចិត្ត្រា តាំងពីដើមទឹកទី១ ខណៈ ចិត្ត្រា បានទាត់រូបគេឲ្យរប៉ើកឃុំ ជាបន្តបន្ទាប់នោះ ហើយនៅដើមទឹកទី២ ចិត្រ្តា បានប្តូរមកជន្លស្តាំ រួចម៉ាត់ឆ្វេង បណ្តាលឲ្យ Kongsiam ដួលដេក ក្រោកលែងរួចតែងម្តង។

ជាមួយនឹងជ័យជម្នះនេះ ឡៅ ចិត្ត្រា បាននិយាយ ក្រោយការប្រកួតថា៖ «ការទាត់រប៉ើកឃុំចំនួន២ជើងដំបូង នៅដើមទឹកទី១ បានធ្វើឲ្យខ្ញុំចង់ទាត់ថែមទៀត ប៉ុន្តែខ្ញុំមិនគិតថា អាចស៊ីគេដោយផុយៗនោះទេ គ្រាន់តែមានអារម្មណ៍អៗ ព្រោះយើងបានដឹងពីកម្លាំង និងក្បាច់គុនរបស់គេ គឺមានតែប៉ុណ្ណឹង»។

នៅពេលពិធីករសួរពីការប្តូរស្នៀតប្រកួត ពីការទាត់នៅទឹកទី១ មកប្រើកណ្តាប់ដៃ នៅទឹកទី២ ថាអាចមកពីការប្រាប់របស់អ្នកឲ្យទឹក ឡៅ ស៊ីណាត ដែលជាបងប្រុស ឬយ៉ាងណានោះ ឡៅ ចិត្ត្រា បានបញ្ជាក់ថា៖ «អត់ទេ មិនមែនមកពីអ៊ីចឹងឡើយ! សម្រាប់ខ្ញុំ គឺពេលឡើងដល់លើរេញ ដៃក៏វ៉ៃ ជើងក៏ទាត់ និយាយទៅ ចន្លោះត្រង់ណា ខ្ញុំវ៉ៃត្រង់នោះ»។

គួររំឭកថា ឡៅ ចិត្ត្រា បានផ្តួលឲ្យកីឡាករថៃ Jaroenlaph សន្លប់នៅទឹកទី១ សម្រាប់ការប្រកួតជម្រុះដំបូង ហើយការបន្តមកផ្តួល Kongsiam ឲ្យសន្លប់លើកទី២នេះ បានជួយឲ្យរូបគេឈ្នះបានខ្សែក្រវាត់ប្រាក់ និងបានឡើងទៅឈរចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ត្រៀមដណ្តើមខ្សែក្រវាត់មាស មុនគេ។

ចំណែកកីឡាករកម្ពុជា៦នាក់ទៀត មាន ឃីម ឌីម៉ា, តាញ់ មករា, សុខ សាវិន, លន បញ្ញា, កូយ ឡាយ និង ឡុង ជិន នឹងត្រូវធ្វើការប្រកួតជម្រុះជាមួយអ្នកប្រដាល់ថៃចំនួន៦នាក់ទៀត ទៅតាមរូបមន្តប្រកួតដូច ឡៅ ចិត្ត្រា គឺចាញ់ធ្លាក់ៗ ហើយអ្នកបានឈ្នះខ្សែក្រវាត់ប្រាក់ប្រខែ ចំនួន៣នាក់ ក្នុងចំណោមអ្នកទាំង១៦នេះ នឹងត្រូវឡើងទៅជួប ឡៅ ចិត្ត្រា នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីរកអ្នកឈ្នះបន្តទៀត ឡើងទៅប្រកួតយកខ្សែក្រវាត់មាស អមដោយប្រាក់រង្វាន់១ម៉ឺនដុល្លារ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.