v9
V9BET

រឿង សោភ័ណ្ឌ រំពឹងប្រើកណ្តាប់ដៃផ្តួលម្ចាស់ខ្សែក្រវាត់ ៤ស្ថាប័នរបស់ថៃ Ao Vatan ឲ្យសន្លប់កុំឲ្យបាន៥ទឹក

2 months ago​ | ដោយ V-Dr

អ្នកលេងកណ្តាប់ដៃឆ្វេង រឿង សោភ័ណ្ឌ បានអះអាងថា រូបគេអាចនឹងបញ្ជូនកណ្តាប់ដៃផ្តួល ដើម្បីផ្តួលជើងខ្លាំង មានខ្សែក្រវាត់៤ស្ថាប័ន Ao Vatan នៅក្នុងការជួបគ្នាជាលើកដំបូង ក្នុងទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀន SEATV នាល្ងាចថ្ងៃអាទិត្យនេះ។

បើទោះបីជា អ្នកតាដានការប្រកួតប្រដាល់ បានវាយតម្លៃថា ការប្រកួតលើកនេះ រឿង សោភ័ណ្ឌ នឹងត្រូវប្រឈមការលំបាក គឺមិនអាចឈ្នះដោយងាយៗ ដូចការប្រកួតកន្លងមក ក៏ព្រោះតែ Ao Vatan ជាជើងខ្លាំង និងទើបតែឈ្នះបានម្ចាស់ខ្សែក្រវាត់ចំនួន៤ស្ថាប័ន ប៉ុន្តែអ្នកប្រដាល់ចិតសឿង រឿង សោភ័ណ្ឌ នៅតែមានទំនុកចិត្តខ្ពស់លើសមត្ថភាពខ្លាំងឯង ពិសេសកណ្តាប់ដៃពិឃាតរបស់គេតែម្តង។

រឿង សោភ័ណ្ឌ បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «ខ្ញុំមិនធ្លាប់ជួបជាមួយថៃ Ao Vatan នេះ ពីមុនមកនោះទេ ហើយជំនួបពេលនេះ គឺខ្ញុំគិតថា មិនស្រួលប៉ុន្មានឡើយ ព្រោះគេខ្ពស់ជាង និងខ្លាំង ព្រមទាំងមានខ្សែក្រវាត់៤នៅថៃ មិនមែនល្មមៗនោះឡើយ ប៉ុន្តែពេលឡើងសង្វៀន ខ្ញុំតែងតែមានទំនុកចិត្តខ្លាំង និងចង់ឈ្នះ»។

បើតាមស្ថិតិប្រវត្តិប្រកួតរបស់អ្នកទាំង២នេះ គឺ រឿង សោភ័ណ្ឌ ទើបជាង Ao Vatan បន្តិចប៉ុណ្ណោះ ប៉ុន្តែគេធ្លាប់ប្រកួតបានច្រើនជាង។ Ao Vatan មានកម្ពស់១,៦៨ម៉ែត្រ ធ្លាប់ប្រកួតបាន១០៨ដង ឈ្នះ៨៨ ចាញ់១៨ និងស្មើ២ដង រីឯ រឿង សោភ័ណ្ឌ កម្ពស់១,៦៥ម៉ែត្រ ធ្លាប់ប្រកួតបាន១៦៦ដង ឈ្នះ១៤៥ ចាញ់១៧ ស្មើ៤ដង ហើយគេក៏កំពុងគ្រប់គ្រងខ្សែក្រវាត់ចំនួន៨ស្ថាប័នផងដែរ។

រឿង សោភ័ណ្ឌ បានបន្ថែមថា៖ «ការប្រកួតជាក់ស្តែង អាចនឹងមានការលំបាក ព្រោះក្នុងអំឡុងប្រកួតចំនួន៣ទឹក បើគេទ្រាំនឹងកណ្តាប់ដៃខ្ញុំបាន គឺចូលទឹកទី៤ និងទី៥ ខ្ញុំមានផលលំបាកខ្លះផ្នែកកម្លាំង»។

សិស្សគណក្លិបមកុដរាជសីហ៍រូបនេះ បានបញ្ជាក់ថា៖ «តាមរយៈខ្ញុំមើលឃ្លីបវីដេអូ ការប្រកួតរបស់ Ao Vatan នោះ ខ្ញុំគិតថា គាត់អាចសន្លប់ដោយកណ្តាប់ដៃខ្ញុំ។ ខ្ញុំនឹងបញ្ជូនកណ្តាប់ដៃបង្ខំឲ្យគាត់ដេកលើរេញ មិនចំណាយពេលដល់៥ទឹកនោះទេ ព្រោះបើគេមិនសន្លប់ យើងក៏លំបាកឈ្នះដែរ អ៊ីចឹងមានតែខ្ញុំវាយប្តូរ ទើបបាន»។

យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា ការជឿជាក់របស់ រឿង សោភ័ណ្ឌ អាចផ្តួល Ao Vatan ឲ្យសន្លប់ ឬ សោភ័ណ្ឌ ខ្លួនឯងជាអ្នកសន្លប់នោះទេ។ ប៉ុន្តែលោក ថៃ អ៊ូ អ្នកនាំកីឡាករថៃមកប្រកួត បានឲ្យដឹងថា Ao Vatan ធ្លាប់ចាញ់ អ៊ុង វិរៈ និង ព្រំ សំណាង ក្នុងការប្រកួតទម្ងន់ធ្ងន់ ប៉ុន្តែមួយរយៈចុងក្រោយនេះ កីឡាកររូបនេះ បានសម្រកទម្ងន់មកវ៉ៃក្នុងទម្ងន់៦៧ និង៦៩គីឡូក្រាម ដោយដណ្តើមបានខ្សែក្រវាត់ចំនួន៤ស្ថាប័ននៅថៃ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.