v9
V9BET

ក្រុមបាល់ទះអង្គុយកម្ពុជា ចេញទៅប្រកួតប្រជែងរកកិត្តិយសឲ្យជាតិ នៅថៃ

4 months ago​ | ដោយ V-Dr

ក្រុមបាល់ទះអង្គុយជនពិការកម្ពុជា បានធ្វើទៅកាន់ប្រទេសថៃ កាលពីព្រឹកថ្ងៃសុក្រនេះ ដើម្បីទៅចូលរួមការប្រកួតជើងឯកបាល់ទះអង្គុយតំបន់អាស៊ីអូសេអានី ដែលនឹងត្រូវធ្វើ នៅទីក្រុងបាងកក រហូតដល់ថ្ងៃទី១៦ ខែមិថុនា។

សម្រាប់ការចេញទៅប្រកួតនេះ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC បានជំរុញឲ្យក្រុមបាល់ទះជនពិការកម្ពុជា ខំប្រឹងប្រែងដណ្តើមយកឲ្យបាននូវកិត្តិយសជូនជាតិ ព្រោះ NPCC ចង់ឲ្យក្រុមបាល់ទះអង្គុយកម្ពុជា មាន Ranking នៅក្នុងតំបន់ ពិសេសការឈ្នះបានកៅអី (Qualified) ទៅចូលរួមការប្រកួតប៉ារ៉ាឡាំពិកហ្គេម ឆ្នាំ២០២០ (Paralympic Game 2020) នៅទីក្រុង Tokyo ប្រទេសជប៉ុន ដោយពេញសិទ្ធិ។

នៅក្នុងការសំណេះសំណាលជាមួយក្រុមប្រតិភូបាល់ទះអង្គុយកម្ពុជា កាលពីថ្ងៃពុធ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងថា៖ «យើងធ្លាប់បានទៅចូលរួមការប្រកួតបែបនេះ នៅកូរ៉េម្តងហើយ ប៉ុន្តែយើងមិនទទួលបានលទ្ធផលល្អទេ អ៊ីចឹងការទៅប្រកួតលើកនេះ យើងត្រូវតែខំប្រឹង ព្រោះយើងចង់ឈ្នះបានកៅអីទៅប្រកួតប៉ារ៉ាឡាំពិក នៅតូក្យូ ដោយពេញសិទ្ធិ»។

លោកបានបន្ថែមថា៖ «យើងនៅមិនទាន់រកបានកៅអី សម្រាប់ទៅប្រកួតជើងឯកពិភពលោក ពិសេសប៉ារ៉ាឡាំពិក ដោយពេញសិទ្ធនោះទេ គឺយើងបានទៅចូលរួម តែតាមរយៈសិទ្ធអនុគ្រោះប៉ុណ្ណោះ ហេតុនេះការចេញទៅប្រកួតលលើកនេះ សូមឲ្យក្រុមបាល់ទះអង្គុយរបស់យើង ស្តាប់តាមការប្រធានក្រុម ដោយត្រូវយកចិត្តទុកដាក់ ប្តេជ្ញាចិត្ត និងមានសាមគ្គីក្នុងក្រុម ពិសេសខិតខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមយកកៅ ទៅប្រកួតជើងឯកពិភពលោក និងកៅអីទៅប៉ារ៉ាឡាំពិក»។

សម្រាប់ការចេញទោប្រកួតជើងឯកបាល់ទះអង្គុយតំបន់អាស៊ីអូសេអានី លើកនេះ NPCC បានបញ្ជូនអត្តពលិក១០នាក់ ទៅប្រកួត ក្នុងនោះមានកីឡាករ អ៊ូ ផល្លា, កៅ ហឿន, អ៊ីង ភីរៀម, តង់ រ៉ាវី, សាំង វាសនា, ម៉ន យ៉ារ៉ាញ់, ញូញ សុខ, ពូន ឌីណា, យ៉ុម ក្រឹម និង អឿន ណុត ក្រោមការដឹកនាំរបស់លោក ប៉ឹង សារ៉េត ជាប្រធានប្រតិភូ លោក ស្រៀ ចន្ថា ជាអនុប្រធានប្រតិភូ លោក យឹម វណ្ណា ជាគ្រូបង្វឹក និងលោក យ៉ុង សុខុម ជាគ្រូជំនួយ ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញលិខិតឧទ្ទេសនាម និងប្រាក់ហោប៉ាវ ក្នុងម្នាក់ៗ២០០ដុល្លារ ដល់ពួកគេផងដែរ។

បើតាមលោក លោក យឹម វណ្ណា ជាគ្រូបង្វឹក បានឲ្យដឹងថា ក្រុមបាល់ទះអង្គុយកម្ពុជា នឹងប្រកួតបើកឆាកជាមួយក្រុមអ៊ីរ៉ង់ នៅថ្ងៃទី១០ រួចបន្តទៅជួបក្រុមកាហ្សាក់ស្ថាន នៅថ្ងៃទី១១ ហើយនៅថ្ងៃទី១២ កម្ពុជា ត្រូវប៉ះក្រុមជប៉ុន និងចិន មុនទៅជួបក្រុមកូរ៉េ នៅថ្ងៃទី១៣ និងក្រុមម្ចាស់ផ្ទះថៃ នៅថ្ងៃទី១៤ ខែមិថុនា។

គ្រូបង្វឹករូបនេះ បានប្រាប់ទៀតថា៖ «យោងតាមបទពិសោធ កាលចេញទៅប្រកួតនៅកូរ៉េ គឺយើងបានផ្លាស់ប្តូរបច្ចេកទេសទាំងអស់ ដោយយើងបានបង្កើនទៅលើកម្លាំងកាយ តាក់ទិច និងបច្ចេកទេសល្អប្រសើរជាងមុន ហេតុនេះយើងនឹងប្រឹងប្រែងដណ្តើមយកកិត្តិយសជូនជាតិឲ្យបាន»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.