v9
V9BET

សំ ថារ័ត្ន បង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយភាពយន្តឯកសារ «Surviving Bokator» នៅអាមេរិក

3 months ago​ | ដោយ V-Dr

សំ ថារ័ត្ន ជាកីឡាការិនីដែលគេស្គាល់តាមរយៈការប្រើក្បាច់គុនល្បុក្កតោ និង ជាតារាភាពយន្តស្រីចូលចិត្តសម្ដែងតួវ៉ៃទាត់ធាក់នោះបានបង្ហើបអំពីបញ្ហាប្រឈមនានាពេលទៅផ្សព្វផ្សាយខ្សែភាពយន្តឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» នៅសហរដ្ឋអាមេរិកនាពេលថ្មីៗនេះដូចជា មានតែម្នាក់ឯងអត់មានក្រុមការងារ ការខ្វះខាតអត់អ្នកឧបត្ថម្ភ និង ធ្វើដំណើរផ្លូវឆ្ងាយពីរដ្ឋមួយទៅរដ្ឋមួយជាដើមដែលជាពេលវេលាប្រថុចញ៉ុច។

កីឡាការិនី សំ ថារ័ត្ន ទើបបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តឯកសាររក្បាច់គុនខ្មែរខាងលើនៅក្រុង Los Angeles សហរដ្ឋអាមេរិក កាលខែ មករា មុនធ្វើដំណើរទៅអាមេរិកម្ដងទៀតនាពាក់កណ្ដាលខែឧសភា នេះហើយអាចបន្តការលើកកម្ពស់ផ្សព្វផ្សាយពី ៣ សប្ដាហ៍ទៅ ១ ខែ។ ទីតាំងគម្រោងដែលកូនសិស្សលោកគ្រូ សាន គឺមស៊ាន ត្រូវទៅផ្សព្វផ្សាយ មានដូចជារដ្ឋ Boston, Lowell និង Minnesota ជាដើម និងអាចបន្តទៅក្រុងផ្សេង ដែលភាគច្រើនទៅផ្សព្វក្នុងតំបន់មានខ្មែរស្នាក់នៅ និង ជាអំណោយផលសាយភាយដល់បរទេសនៅក្នុងតំបន់នោះ។ កីឡាការិនីវ័យ ២៨ ឆ្នាំរូបនេះគូសបញ្ជាក់ថា៖ «ខ្ញុំមកទីនេះអត់មានអ្នកជួយឧបត្ថម្ភអ្វីទេ ប៉ុន្តែមកទីនេះដោយសារបងប្អូនខ្មែរដែលស្គាល់ៗ គាត់អញ្ជើញមក ឬ មិត្តភ័ក្ដិគេស្គាល់ គេជួយផ្ដល់កន្លែងស្នាក់នៅមិនអស់លុយ ឬ បងប្អូនខ្មែរខ្លះគាត់អាណិតស្រលាញ់ក៏គាត់ជួយឲ្យស្នាក់នៅដែរ។ ទោះយ៉ាងណា ខ្ញុំនៅតែឈ្មុសឈ្មុលដោយហេតុថា សូម្បីខ្មែរខ្លះនៅអាមេរិក ក៏គាត់មិនដែលស្គាល់ក្បាច់គុនល្បុក្កតោខ្មេរ ហើយ ពួកគាត់មានមោទនភាពចំពោះក្បាច់គុននេះ និង លើកទឹកចិត្តឲ្យកូនចៅហ្វឹកហាត់ក្បាច់គុនដូនតានេះទៀតផង»។

កីឡាការិនីដដែលបញ្ជាក់ថា ក្នុងភាពយន្តឯកសារនេះមិនត្រឹងតែក្បាច់គុនប៉ុណ្ណោះទេ ប៉ុន្តែ មានរឿងរ៉ាវទាក់ទងនឹងជីវិតនៃការរស់នៅប្រចាំថ្ងៃផង។ តួសំខាន់នៅក្នុងរឿងនេះចង់មានគ្នាទៅជួយផ្សព្វផ្សាយនៅអាមេរិកដែរ ប៉ុន្តែ ពេលវេលា និង អ្នកឧបត្ថម្ភក៏ជាបញ្ហាធំ ព្រោះទៅម្ដងៗមានរយៈពេលវែង ហើយថារ័ត្នខ្លួនឯង ក៏ចោលការងារជាជាច្រើនដែរដើម្បីផ្សព្វផ្សាយក្បាច់គុនវប្បធម៌របស់ខ្មែរ។ ក្រៅពីនេះកីឡាការិនីដែលធ្លាប់ប្រកួតគុនចម្រុះបានចំនួន ៦ ដងបានរៀបរាប់បន្តថា ការទៅផ្សព្វផ្សាយនេះទទួលបានផលចំណេញផ្សេងទៀតក្រៅពីក្បាច់គុន ព្រោះមានបរទេសជាច្រើនបានចោទសួរថា ៖ «ល្បុក្កតោជាអ្វី? មកពីណា ហើយស្រុកខ្មែរនៅឯណា? ខ្ញុំបានឆ្លើយនិងពន្យល់ជាហូរហែ ថាស្រុកខ្មែរនៅជាប់ ថៃ វៀតណាម និង ឡាវ ហើយ មានអង្គរវត្តជាប្រាសាទល្បីឈ្មោះជាដើម និង បានឆែកផែនឲ្យមើលជាក់ស្ដែងផងដែរ»។

កីឡាការិនីដែលធ្លាប់ចូលរួមសម្ដែងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» របស់ផលិតករ Angelina Jolie រូបនេះរៀបរាប់ទៀតថា ភាគច្រើនជនបរទេសនៅអាមេរិកស្គាល់ «មួយថៃ» ច្បាស់ជាងក្បាច់ល្បុក្កតោ ហើយ នេះជាមូលហេតុដែលជំរុញឲ្យរូបគេមិនរាថយដើម្បីលើកតម្កើងក្បាច់គុនខ្មែរឲ្យគេបានស្គាល់។ កីឡាការិនីធ្លាប់ឡើងសង្វៀន ONE សង្កត់ធ្ងន់បែបនេះ៖ «និយាយរឿងលំបាកគឺ លំបាកសព្វបែបយ៉ាង។ តាមពិតខ្ញុំមិនចង់រអ៊ូទេ តែបងសួរហើយខ្ញុំក៏ប្រាប់ទៅ ខ្ញុំត្រូវការជំនួយភ្លាមៗ តែមិនអាចទៅរួច។ ខ្ញុំត្រូវធ្វើអ្វី …ខ្ញុំត្រូវធ្វើម្នាក់ឯង យើងធ្វើទាំងតក់ក្រហល់អត់មានពេលគ្រប់គ្រាន់ ហើយ ពីរដ្ឋមួយទៅរដ្ឋមានម៉ោងខុសគ្នាហើយការធ្វើដំណើរក៏អស់កម្លាំង»។

ការផ្សព្វផ្សាយខាងលើធ្លាប់ធ្វើ ៣ ដងរួចមកហើយ។ នៅឆ្នាំ ២០១៧ កីឡាករិនីក្បាច់គុនល្បុក្កតោបានទៅផ្សាព្វផ្សាយនៅក្រុង Long Beach រដ្ឋ California , ឆ្នាំ ២០១៨ ទៅ នៅក្រុង Austin រដ្ឋ Texas , និង Dallas ជាដើមហើយ បន្ទាប់មកនៅ New York មុនទៅផ្សព្វផ្សាយនៅ Toronto ប្រទេសកាណាដា។

គួរដឹងដែរថាភាពយន្ដឯកសារ «ការរស់ឡើងវិញនៃល្បុក្កតោ» ឬ «Surviving Bokator» ត្រូវបានរៀបចំចាប់ផ្ដើមថតតាំងពីឆ្នាំ២០១០ មកម្ល៉េះដោយប្រើពេលមិនក្រោម ៨ ឆ្នាំទេដើម្បីបញ្ចប់ខ្សែភាពយន្តនេះ។ នេះជាការតស៊ូព្យាយាម ដើម្បីធ្វើឲ្យក្បាច់គុនវប្បធម៌ខ្មែរត្រូវគេទទួលស្គាល់ និង ថែរក្សាសម្រាប់កីឡាករ ឬ យុវជនជំនាន់ក្រោយ។ ភាពយន្តនេះដឹកនាំផលិតដោយផលិតករ Mark Bochsler សញ្ជាតិកាណាដា ដោយសហការជាមួយលោកគ្រូតាក្រមាមាស សាន គឺមស៊ាន អតីតប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.