v9
V9BET

ស្វាយរៀង ប្រើការសង្វេគរបស់ គ្រីយ៉ា ដើម្បីដណ្តើមយកតំបន់កំពូលតារាងពី ណាហ្គាវើល

4 months ago​ | ដោយ V-Dr

ក្រុមព្រះខ័នរាជស្វាយរៀង បានប្រើសហការគ្នាយ៉ាងពិសេសមួយ ដើម្បីដណ្តើមបានមកវិញ នៅតំបន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់បីពួកគេ បានយកឈ្នះក្រុមខ្លាំង វិសាខា ៥-៣ កាលពីយប់ថ្ងៃអាទិត្យ ស្របពេលក្រុម ណាហ្គាវើល បានចាញ់ក្រុមបឹងកេត ២-០ នោះ។

ការបរាជ័យរបស់ក្រុមណាហ្គាវើល វាបានជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឡើងទៅឈរនៅលេខរៀងទី១ ជាថ្មី សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី១០នេះ បន្ទាប់ពីទីតាំងមួយនេះ ត្រូវបាន ណាហ្គាវើល ឆកយក កាលពីសប្តាហ៍ទី២ ក៏ព្រោះតែ ស្វាយរៀង បានស្មើ ២-២ ជាមួយក្រុមបឹងកេត។

ជាមួយនឹងការយកឈ្នះក្រុមវិសាខា ៥-៣ នៅលើទឹកដីខ្លួនឯង គឺកីឡដ្ឋានខេត្តស្វាយរៀងនេះ វាបានបង្កប់នូវអត្ថន័យនៃការរួមសាមគ្គីគ្នាដ៏ពិសេសមួយ ដែលក្រុមស្វាយរៀង បានធ្វើ ដើម្បីតបស្នងទៅលើខ្សែការពារ សារ៉េត គ្រីយ៉ា ដែលបានជួបទុក្ខយ៉ាងក្រៀមក្រម មុនការប្រកួតមួយថ្ងៃ ខណៈប្អូនថៃរបស់គេឈ្មោះ អ៊ែល សុខជា អាយុ១៩ឆ្នាំ ត្រូវបានឡានកូរ៉េបុកឲ្យសន្លប់ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីរូបគេ បានជិះម៉ូតូជូន គ្រីយ៉ា ឡើងឡាន ក្នុងដំណើរមកកាន់ខេត្តស្វាយរៀង ដើម្បីត្រៀមការប្រកួតនេះ។

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង និងសមាជិកក្រុមទាំងមូល បានការសង្វេគចិត្តខ្លាំងចំពោះ សារ៉េត គ្រីយ៉ា ហើយពួកគេបានចាត់ទុកការប្រកួតជាមួយក្រុមវិសាខា កាលពីថ្ងៃអាទិត្យនោះ ជាការប្រកួត ដើម្បីតបស្នងដល់ សារ៉េត គ្រីយ៉ា ពិសេសប្អូនថ្លៃរបស់គេ ដែលបានបាត់បង់ជីវិត ដោយសារតែជូន គ្រីយ៉ា ឲ្យមកប្រកួតបាល់។

លោក Conor Nestor បានប្រាប់ CNCC មុនពេលប្រកួត ជាមួយក្រុមវិសាខាថា៖ «ម្សិលមិញប្អូនថ្លៃរបស់ គ្រីយ៉ា បានបាត់បង់ជីវិតក្រោយពីជួយបងប្រុសរបស់គេ។ សម្រាប់ថ្ងៃនេះវិញ គឺជាថ្ងៃតបស្នងសម្រាប់បងប្អូនវិញ។ យើងទាំងអស់គ្នាស្រឡាញ់ គ្រីយ៉ា ហើយគេក៏ជាកម្លាំងស្នូលមួយរបស់ក្រុម។ យើងទាំងអស់គ្នាលេងដើម្បីគេ គ្រួសាររបស់គេ និងអ្នករាល់គ្នាក្នុងគ្រួសារដែលជួយយើងរហូតមក»។

ដោយឡែកក្រុមក្រសួងការពារជាតិ ក៏បានជួបការខកចិត្ត ក្នុងការប្រកួតលើកនេះផងដែរ ខណៈពួកគេបានចាញ់ក្រុមភ្នំពេញក្រោន ៣-១ នោះ ប៉ុន្តែក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបជាមួយគ្នា គឺ សូលទីឡូអង្គរ ៣-០ ដើម្បីឡើងមកឈរលេខរៀងទី៣ ដែលជាទីតាំងចាស់របស់ក្រុមវិសាខា។

ចំណែកខ្សែប្រយុទ្ធពាក់លេខ៩ នួន បុរី រកបាន៥គ្រាប់តែម្នាក់ឯង នៅពេលរូបគេបានជួយក្រុមប៉ូលិស លត់ក្រុមខេត្តកំពង់ចាម ១៤-២ ឯក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៦-១ ប៉ុន្តែក្រុមគិរីវង់សុខសែនជ័យ បានចាញ់ក្រុមអគ្គិសនីកម្ពុជា ២-១ នៅលើទឹកដីខ្លួនឯង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.