v9
V9BET

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបើកការចុះឈ្មោះក្លិប និង កីឡាករជាផ្លូវការ

2 weeks ago​ | ដោយ V-Dr

សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ឬ ហៅថា CMMAF បើកដំណើរការចុះឈ្មោះក្លិប និង កីឡាករជាផ្លូវការនាសប្ដាហ៍នេះ បន្ទាប់ពីរៀបចំឯកសាររួចរាល់។ នេះជាការប្រាប់ឲ្យពីសំណាក់ លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាដែលទើបកកើតឡើងកាលខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ។

សហ័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាមានក្លិបជាសមាជិកចំនួន ៥ ក្លិបនាពេលបច្ចុប្បន្នដូចជាក្លិបប្រដាល់ «សិល្បៈ», Cambodian Top Team, Prodal , Monster Factory និង ក្លិបតាដំបងដែក។ ដ្បិតក្លិបទាំងនេះជាសមាជិក ប៉ុន្តែមិនទាន់បានចុះឈ្មោះជាផ្លូវការដែលមានឯកសារច្បាស់លាស់សម្រាប់ទាំងក្លិប និង កីឡាករនោះឡើយ។ ដូច្នេះសប្ដាហ៍នេះ CMMAF នឹងបញ្ជូនឯកសារផ្លូវការទៅក្លិបនីមួយៗ និង ក្លិបមួយចំនួនទៀតដែលមានបំណងចូលជាសមាជិករបស់ CMMAF។ លោកអនុប្រធានក្លិបគូសបញ្ជាក់ថា៖ «យើងបើកចុះឈ្មោះជាផ្លូវការសប្ដាហ៍នេះទាំងក្លិប កីឡាករ និងគ្រូបង្វឹក, ចៅក្រម និង អាជ្ញាកណ្ដាលជាដើម។ យើងបានដឹងថាវាជាការប្រើពេលវេលាច្រើន ប៉ុន្តែវាជាបេសកកម្មរបស់សហព័ន្ធយើង។ យើងចង់ឲ្យមានការរួមគ្នាដើម្បីការអភិវឌ្ឍន៍គុនចម្រុះនៅកម្ពុជា»។

លោកសង្ឃឹមថានឹងមានក្លិបជាច្រើនទៀតបន្តចុះឈ្មោះហើយត្រូវតែរួមគ្នាដើម្បីនាំឲ្យកីឡាគុនចម្រុះនៅព្រះរាជាណាចក្រកម្ពុជាកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ក្បាច់គុននេះត្រូវតែបង្ហាញលើឆាកអន្តរជាតិតាមរយៈទង់ជាតិកម្ពុជា និង ក្នុងបំណងបង្ហាញមោទនភាពជាតិក្នុងកម្រិតពិភពលោក។ លោកអនុប្រធានកូនខ្មែរកើតនៅបារាំងរូបនេះសង្កត់ធ្ងន់យ៉ាងដូច្នេះ ៖ «កីឡាករគ្រប់រូបត្រូវតែចុះឈ្មោះពេលស្ថិតនៅក្លិបដែលជាសមាជិក។ ហើយក្នុងនោះកីឡាករខ្លះនៅក្រៅប្រទេសដែលជាកូនកាត់ ដូចជា កម្ពុជា-បារាំង, កម្ពុជា-អាមេរិក, ឬ កម្ពុជា-អូស្ត្រាលី ជាដើមនោះក៏អាចចុះឈ្មោះផ្ទាល់ជាមួយពួកយើងបានដែរ។ ក្លិបនៅបរទេសក៏ទទួលស្វាគមន៍ជានិច្ច»។ បន្ទាប់ពីការចុះឈ្មោះរួចរាល់ គ្រូបង្វឹក ឬ កីឡាករទាំងអស់នឹងលេចឡើងនៅលើ វិបសាយ របស់សហព័ន្ធជាមួយកំណត់ត្រាការប្រកួត ដូចជា ចាន់ រតនា, នៅ ស្រីពៅ ឬ រិន សារ័ត្ន ជាដើម។

ក្រៅពីប្រឹងប្រែងការងារនេះ សហព័ន្ធកំពុងតែធ្វើការងារជាច្រើនទៀតដើម្បីជំរុញដល់ក្លិបនៅក្រោមឱវាទ និង កីឡាករដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍នានា។ សហព័ន្ធក៏នឹងបង្កើតឲ្យមានការបណ្ដុះបណ្ដាលផ្នែកប្រព័ន្ធផ្សព្វផ្សាយដល់កីឡាករផងដែរ ក្នុងគោលបំណងចង់ឲ្យកីឡាករមានស្មារតីប្រើប្រាស់ការផ្សព្វផ្សាយ ការប្រើប្រាស់បណ្ដាញសង្គមឲ្យបានត្រឹមត្រូវ ទំនាក់ទំនងល្អជាមួយអ្នកគាំទ្រ និង វិធីឆ្លើយក្នុងបទសម្ភាសន៍ផ្សេងៗ។

CMMAF ចូលរួមអភិវឌ្ឍថ្នាលយុវជនកីឡាករគុនចម្រុះ និង ជួយឲ្យក្លិបនៅក្នុងស្រុកមានការគ្រប់គ្រងច្បាស់លាស់ ថែមទាំងបណ្ដុះបណ្ដាលឲ្យបានជើងខ្លាំងជំនាន់ថ្មីយកទៅប្រកួតលំដាប់ថ្នាក់អន្តរជាតិ។ បើសិនមានក្លិប ឬ កីឡាករចង់ចុះឈ្មោះជាផ្លូវការជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា សូមទាក់ទងតាមរយៈអ៊ីម៉ែល៖ contact@cambodian-mma-federation.org ឬ តាមទូរសព្ទលេខ +85578 63 16 54 និង ទាក់ទង WhatsApp: +33786221680៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.