v9
V9BET

កម្ពុជា គ្រោងនឹងបញ្ជូនអត្តពលិកជាង ១០០នាក់ ទៅហ្វឹកហាត់នៅក្រៅប្រទេស ត្រៀមស៊ីហ្គេម

4 weeks ago​ | ដោយ V-Dr

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គ្រោងនឹងបញ្ជូនអត្តពលិកនៃក្រុមជម្រើសជាតិជាង១០០នាក់ទៀត ឲ្យចេញទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹងសមត្ថភាពឲ្យបានខ្លាំង ត្រៀមប្រជែងយកមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «នៅពេលឆាប់ៗខាងមុខនេះ យើងនឹងរៀបចំក្រុមធំជម្រើសជាតិ ជាង១០០នាក់ទៀត ឲ្យចេញទៅហ្វឹកហាត់នៅចិន កូរ៉េ និងជប៉ុន គឺក្នុងក្រុមធំជម្រើសជាតិនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានរៀបចំផែនការរួចរាល់អស់ហើយ ចាំតែធ្វើការទំនាក់ទំនងជាមួយភាគីចិន ជប៉ុន និងកូរ៉េ ក្នុងការហ្វឹកហាត់ពិសេសនេះតែប៉ុណ្ណោះ»។

លោក វ៉ាត់ ចំរើន និយាយបែបនេះ បានធ្វើឡើង នៅពេលលោកបានធ្វើដំណើរជូនអត្តពលិកកីឡាការិនីចំបាប់កម្ពុជា៥នាក់ និងកីឡាករកាយសម្ព័ន្ធចំនួន១នាក់ សរុប៦នាក់ ឲ្យចេញទៅហ្វឹកហាត់រយៈពេល៦ខែ នៅប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញ ហើយ លោក ចំរើន បានប្រាប់ទៀតថា ការគ្រោងបញ្ជូនអត្តពលិកជាង១០០នាក់ទៅហ្វឹកហាត់នៅចិន ជប៉ុន និងកូរ៉េ ខាងមុខនេះ ជាការហ្វឹកហាត់រយៈពេលវែង ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ការហ្វឹកហាត់មានរយៈពេលវែងពីឆ្នាំនេះ រហូតដល់ឆ្នាំ២០២៣ ដោយក្នុងនោះមានទាំងផែនការហ្វឹកហាត់ និងការប្រកួតអន្តរជាតិជាប្រចាំ ដើម្បីវាស់ស្ទង់សមត្ថភាពពិតប្រាកដ ហើយកំណត់មេដាយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលដែលយើងការហ្វឹកហាត់ និងការប្រកួតរបស់យើង មានភាពជាប់លាបល្អ»។

លោកបានបញ្ជាក់ថា៖«អ៊ីចឹងការអភិវឌ្ឍធនធានមនុស្សផ្នែកជំនាញ និងការអភិវឌ្ឍអត្តពលិកគឺជាអាទិភាពនៃស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នា ខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃឲ្យអស់ពីលទ្ធភាព ជំរុញយ៉ាងណាឲ្យអត្តពលិករបស់យើង មានសមត្ថភាពពិតប្រាកដ ក្នុងការប្រជែងយកមេដាយ មិនបន្លំ និងមិនសុំមេដាយពីគេ ដូចប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន ថា យើងត្រូវធ្វើឲ្យមានលក្ខណៈ Fair play គឺការប្រកួតដោយស្មើភាពគ្នា និងយុត្តិធម៌ នៅពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣៕

កែសម្រួលដោយ​៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.