v9
V9BET

គ្រូបង្វឹកខ្សែក្រវាត់ខ្មៅ ៣ដាន់និយាយអំពីសក្ដានុពលគុនចម្រុះនៅកម្ពុជា

4 months ago​ | ដោយ V-Dr

គ្រូបង្វឹក Fernando Salvador ដែលគេស្គាល់ថាមានកម្រិតខ្សែក្រវាត់ខ្មៅ ៣ ដាន់លើក្បាច់គុនជីជិតស៊ូនោះបានរួមចំណែកជួយបង្ហាត់បង្ហាញគុនចម្រុះដល់ក្រុមកីឡាករកម្ពុជាមួយរយៈចុងក្រោយនេះ និង បង្ហើបពួកគេមានសក្ដានុពលផ្នែកកីឡាករគុនចម្រុះ (MMA) ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការយ៉ាងសកម្មលើកីឡាគ្រប់ប្រភេទ។

គ្រូបង្វឹកដែលបានហ្វឹកហាត់ជាមួយគ្រូគុនស្ថាបនិក MMA នៅសហរដ្ឋអាមេរិករូបនេះថ្លែងថា ៖«ខ្ញុំមានកិត្តិយសដែលបានធ្វើការជាមួយក្រុមកីឡាករនៅទីនេះ (កម្ពុជា) ជាពិសេសជាមួយគ្រូបង្វឹកនៅក្លិប Cambodian Top Team បច្ចុប្បន្ន លោក ហ៊ុន ច័ន្ទរាជ្យ។ ក្នុងនោះខ្ញុំបានចូលរួមបង្ហាត់ ស សី ដែលឈ្នះ ២ ដង នៅសង្វៀន ONE Championship និង ឈ្នះចុងក្រោយលើកីឡាករឥណ្ឌូណេស៊ី Victorio Senduk ហើយ រួមចំណែកជួយបង្ហាត់ ចាន់ សំអាត និង Emmanuel Onyedikachi នៅ ONE : WARROIR SERIES ផងដែរ។ ជាមួយគ្នានោះ ខ្ញុំបានជួយបង្ហាត់ រិន សារ័ត្ន ពេលឡើងសង្វៀនចំនួន ៣ ប្រកួត និង ឈ្នះការប្រកួតចុងក្រោយទល់នឹង Mario Wirawan។ ជ័យជម្នះបានមកពីប្រឹងប្រែងរួមគ្នា និង ការហ្វឹកហាត់ខ្លាំងក្លា»។ គ្រូបង្វឹកដែលមានបទពិសោធន៍លើក្បាច់គុនជាង ៣០ ឆ្នាំមកនេះបានគូសបញ្ជាក់ថា កីឡាករទាំងអស់មានសក្ដានុពលនាពេលបច្ចុប្បន្ន និង អនាគត ពេលទទួលបានការហ្វឹកហាត់ដ៏ត្រឹមត្រូវ ហើយមិនយូរប៉ុន្មានគេនឹងសម្រេចបានលទ្ធផលល្អប្រសើរជានិច្ចបើសិនមិនបោះបង់ការខិតខំ។

គ្រូបង្វឹក ជីជិតស៊ូ និង គុនចម្រុះសញ្ជាតិអាមេរិករូបនេះ បង្ហាត់នៅក្លិប Prokout ប៉ុន្តែនេះត្រូវបានបិទទ្វារនាពេលថ្មីៗ។ យ៉ាងណាក្ដី លោកក៏បង្ហាត់កីឡាករ និង កីឡាការិនីជាហូរហែដើម្បីសុខភាពពេលពួកទាក់ទងលោករួមទាំងជួយប្រឹក្សាយោបល់ដើម្បីឲ្យកីឡាករមិនអាជីព និង ទាំងអាជីពសម្រេចបំណងរបស់ពួកគេ។ គ្រូបង្វឹកវ័យ ៤៩ ឆ្នាំបង្ហើបថា លោកកំពុងពិភាក្សា និង មានគម្រោងទាក់ទងនឹងការងារ MMA ជាមួយគ្រូបង្វឹក Alan Mccune របស់ក្លិប Phom Penh MMA ក្នុងពេលឆាប់ៗនេះ ក្នុងគោលដៅរួមចំណែកបង្កើនភាពរីកចម្រើនគុនចម្រុះនៅកម្ពុជា។

លើសពីនេះទៅទៀត លោកបានសរសើរដល់ ចាន់ រតនា ជាអ្នកប្រកួត MMA ដ៏អស្ចារ្យម្នាក់តំណាងឲ្យកម្ពុជាតាមរយៈការទទួលជ័យជម្នះថ្មីៗនេះ ២ដងជាប់គ្នានៅ ONE Championship។ រតនា ហ្វឹកហាត់ល្អ តមអាហារ និង មានការគាំទ្រពីសំណាក់អ្នកពាក់ព័ន្ធជាពិសេសគ្រូបង្វឹក Lorenzo បានរួមចំណែកធំធេងដល់ភាពជោគជ័យនេះ។

គួរដឹងដែរថា លោក Fernando Salvador បានបង្ហាត់ចំបាប់តាំងពីឆ្នាំ ១៩៨៩ ហើយបន្ទាប់មកទៀតបន្តទៅបង្ហាត់ ជីជិតស៊ូ (Jiujitsu) និង គុនចម្រុះ(MMA) ដល់បច្ចុប្បន្ន។ គ្រូបង្វឹកសញ្ជាតិអាមេរិកបានមកបង្ហាត់គុនចម្រុះនៅកម្ពុជារយៈ ១ ឆ្នាំ និង ៥ ខែមកហើយ៕

កែសម្រួលដោយ៖ ​Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.