v9
V9BET

ក្រុមប្រណាំងយានយន្ត និងម៉ូតូ ជាង១០ប្រទេស បានបញ្ចប់ការប្រកួតគ្នា នៅលើដែនដីធម្មជាតិរបស់កម្ពុជា

4 months ago​ | ដោយ V-Dr

ក្រុមប្រណាំងយន្តយន្ត និងម៉ូតូ មកពីជាង១០ប្រទេស បានបញ្ចប់ការប្រកួតគ្នា នៅក្នុងព្រឹត្តិការណ៍ប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid ២០១៩ ក្រោមប្រធានបទ «រួមគ្នាដើម្បីថែរក្សាបរិស្ថាន និងធនធានធម្មជាតិ» បានយ៉ាងជោគជ័យ ហើយពិធីបំពាក់មេដាយ និងបិទការប្រកួត ត្រូវបានធ្វើឡើងនៅ Pub Street ខេត្តសៀមរាប កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ។

លោក ហូរ សិទ្ធិគុណ អ្នករៀបចំព្រឹត្តការណ៍ Khmer Rally Raid និងជាអនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានធ្វើការវាយតម្លៃថា៖ «កម្មវិធីនេះ ទទួលបានជោគជ័យ ដោយមានការគាំទ្រពីបណ្តាខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តសៀមរាប និងក្រសួងបរិស្ថាន ជាពិសេសការចូលរួមយ៉ាងច្រើនពីកីឡាករ កីឡាការិនី ទាំងជាតិ និងអន្តរជាតិ មកពីជាង១០ប្រទេស»។

យ៉ាងណាក៏ដោយ លោក បញ្ជាក់ថា ស្ថានភាពផ្លូវប្រណាំងរយៈ៣ថ្ងៃនេះ គឺមានការលំបាក ព្រោះក្រុមអត្តពលិក ត្រូវឆ្លងកាត់ទឹក ភក់ គ្រលុកធំៗ ចំការ និងព្រៃក្រាស់ៗ ប៉ុន្តែពួកគាត់ បានព្យាយាមដោយអត់ធន់ ដោយប្រើបច្ចេកទេសប្រណាំង និងការមើលសៀវភៅផែនទី រហូតទៅដល់ទីផ្តាច់ព្រ័ត្រ។

តាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ការប្រណាំងយានយន្តនេះ បានឆ្លងកាត់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃ «ព្រៃឡង់» មុនទៅដល់ខេត្តសៀមរាប ហើយនៅខេត្តព្រះវិហារ វាក៏បានឆ្លងកាត់ដែនជម្រកសត្វព្រៃ «ព្រៃបឹងពែ» ដែនជម្រកសត្វព្រៃ «ព្រៃព្រះរកា» ហើយពេលទៅដល់ខេត្តសៀមរាប ក្រុមកីឡាករ ត្រូវឆ្លងកាត់តំបន់ឧទ្យានជាតិភ្នំគូលែន និងតំបន់ការពារធម្មជាតិជាច្រើនទៀត អ៊ីចឹងតាមរយៈការប្រកួតនេះ វាបានជួយផ្សព្វផ្សាយធម្មជាតិដ៏ស្រស់បម្រងទាំងនោះឲ្យប្រជាពលរដ្ឋគ្រប់គ្រងបានដឹង និងចូលរួមថែរក្សាទាំងអស់គ្នា។

ជាមួយនឹងសារៈប្រយោជន៍នេះដែរ លោក ហូរ សិទ្ធិគុណ បានបន្ថែមថា៖«តំបន់បរិស្ថាន តំបន់ព្រៃ និងតំបន់អភិរក្សមួយចំនួនទៀតនៅកម្ពុជា គឺមានតែយានយន្តទាំងនេះ និងក្រុមអត្តពលិក ដែលជាអ្នកផ្សងព្រេងដំណើរកម្សាន្តទាំងនោះទេ ទើបអាចឆ្លងកាត់បាន ហើយឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានយល់ច្បាស់ពីរឿងនេះ ទើបលោកមកសហការជាមួយព្រឹត្តិការណ៍ប្រណាំងយានយន្តដ៏ធំមួយនេះ ព្រោះតាមរយៈការប្រកួតនេះ វាបានជះឥទ្ធិពលល្អ និងបានជួយបំផុស បង្ហាញទៅលើការផ្សព្វផ្សាយតំបន់អភិរក្សទាំងនោះបានល្អ»។

គួរបញ្ជាក់ថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គ Khmer Rally Raid 2019 នេះ បានចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្លងកាត់ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងបញ្ចប់នៅខេត្តសៀមរាប ដោយមានចម្ងាយផ្លូវសរុបប្រមាណ ៦២៤គីឡូម៉ែត្រ ហើយព្រឹត្តិការណ៍នេះ មានក្រុមម៉ូតូប្រណាំងចំនួន២០គ្រឿង ក្រុមរថយន្ត ចំនួន២៨គ្រឿង និងរថយន្ត Service ចំនួន១៥គ្រឿង៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.