v9
V9BET

សម្តេចទាំង៣ របស់កម្ពុជា សុទ្ធតែឈ្នះបានពាន នៅក្នុងការប្រកួតវាយកូនគោល

1 month ago​ | ដោយ V-Dr

ថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាចំនួន៣នាក់ ដែលមានងារជា «សម្តេច» សុទ្ធតែទទួលបានពាន នៅក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង» ឆ្នាំ២០១៩ ខណៈការប្រកួតនេះ ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្នុងវិស័យកីឡាវាយកូនគោល នៅកម្ពុជា។

តាមរយៈការប្រកួតត្រឹម១ថ្ងៃ នៅទីលានវាយកូនគោលហ្គ្រែនភ្នំពេញ កាលពីថ្ងៃអាទិត្យនោះ គឺមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចូលរួមជិត២០០នាក់ ហើយការប្រកួតត្រូវបានបែងចែកជា៣ផ្នែក គឺការប្រកួតជាក្រុម ដែលមានអ្នកចូលរួម៧២នាក់ ប្រកួតជាឯកត្តជន មានអ្នកចូលរួម៨៦នាក់ និងការប្រកួតនារី មានអ្នកចូលរួម២១នាក់។

ជាមួយលទ្ធផលនៃការប្រកួតនេះ គឺសម្តេចទាំង៣ មានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា សុទ្ធតែបានឈ្នះពាន នៅក្នុងការប្រកួតជាក្រុម ហើយពានជាច្រើនទៀត ក៏ត្រូវបានប្រគល់ជូនដល់ម្ចាស់ជយលាភី លើវិញ្ញាសា២ផ្សេងទៀតផងដែរ។

តាមរយៈជយលាភីនេះ សម្តេចក្រឡាហោម ស ខេង បានចាប់ដៃគូប្រកួតជាក្រុមជាមួយលោកឧកញ៉ា សុខ ហុង និងលោកឧកញ៉ា ឈុន អូន ដើម្បីបានឈ្នះពានរង្វាន់លេខ១ ចំណែកសម្តេចពិជ័យសេនា ទៀ បាញ់ បានសហការលេងជាមួយឯឧត្តម ឥត សារ៉ាត់ និងឯកឧត្តម អ៊ុក កោសា ដើម្បីឈ្នះបានពានលេខ២ ហើយសម្តេចវិបុលសេនាភក្ដី សាយ ឈុំ ដែលមានឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម អ៊ុក សាវុធ ជាក្រុមជាមួយគ្នានោះ គឺបានពានលេខ៣ ខណៈការប្រកួតត្រូវបានមន្រ្តីរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អះអាងថា មានតម្លាភាព និងសុក្រឹតភាព។

លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងក្នុងពិធីបិទការប្រកួត នៅសណ្ឋាគារសុខា កាលពីយប់ថ្ងៃអាទិត្យនោះថា៖ «ការរៀបចំការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នាឱកាសនេះ បានប្រព្រឹត្តទៅយ៉ាងរលូន មានតម្លាភាព និងសុក្រឹតភាព ក្រោមបរិយាកាសប្រកបដោយភាពកក់ក្តៅ ស្និទ្ធស្នាល និងពោរពេញដោយក្ដីសោមនស្ស រីករាយបំផុត»។

លោកបន្តថា៖ «នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងវិស័យកីឡាវាយកូនគោល កម្ពុជា ដែលបានរៀបចំជាលក្ខណៈទ្រង់ទ្រាយធំ និងមានអត្ថន័យ ខ្លឹមសារដ៏ប្រពៃ ក្នុងគោលបំណងបង្កើនស្មារតីមិត្តភាព សាមគ្គីភាព និងភាតរភាពរវាងថ្នាក់ដឹកនាំកំពូលៗ ជាមួយ ឯកឧត្តម លោកឧកញ៉ា លោក លោកស្រី ព្រមទាំងចូលរួមចលនាផ្សព្វផ្សាយអំពីកីឡាទេសចរណ៍ ដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា និងជាពិសេស ដើម្បីចូលរួមអបអរសាទរទិវាខួបរំលឹកអនុស្សាវរីយ៍ លើកទី៧៤ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.