v9
V9BET

ឡៅ ចិត្ត្រា ផ្តួលថៃឲ្យចុះចាញ់ងាយបំផុត ដើម្បីឡើងទៅដណ្តើមខ្សែក្រវាត់ប្រាក់

1 month ago​ | ដោយ V-Dr

កីឡាករជើងខ្លាំងវ័យក្មេងរបស់កម្ពុជា ឡៅ ចិត្ត្រា បានប្រើពេលត្រឹម២នាទីប៉ុណ្ណោះ ក្នុងការផ្តួលថៃ Jaroenlaph កាលពីថ្ងៃអាទិត្យ ដើម្បីឡើងទៅកាន់ការប្រកួតដណ្តើមខ្សែក្រវាត់ប្រាក់ នៅលើសង្វៀន PNN ខណៈការប្រកួតមិត្តភាពអន្តរជាតិ២គូទៀតរបស់សង្វៀនមួយនេះ ក៏បានបញ្ចប់ដោយភាពផុយស្រួយផងដែរ។

ប៉ុន្តែការផ្តួលថៃឲ្យចុះចាញ់ លឿនពេករបស់ ឡៅ ចិត្ត្រា ក៏បានធ្វើឲ្យអ្នកគាំទ្រ ដែលខំធ្វើដំណើរទៅទស្សនាផ្ទាល់ ខកចិត្តផងដែរ ព្រោះការប្រកួតនេះ វាមិនបានបង្ហាញឲ្យឃើញពីការប្រកួតបែបស្វិតស្វាញ ដើម្បីឲ្យស័ក្តិសម ទៅនឹងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ប្រាក់ មុននឹងឈានទៅប្រកួតដណ្តើមខ្សែក្រវាត់មាស អមជាមួយប្រាក់រង្វាន់១ម៉ឺនដុល្លារនោះទេ។

តាមរយៈការប្រកួតនោះ Jaroenlaph មិនបានវាយបកទៅលើ ឡៅ ចិត្ត្រា ដ៏គួរឲ្យកត់សម្គាល់ទៅលើក្បាច់ណាមួយនោះទេ គឺរូបគេ បានត្រឹមឈរទប់ការវាយសន្ធាប់របស់ ចិត្ត្រា ហើយបានដួលក្រោមទម្ងន់ជើងរបស់ ឡៅ ចិត្ត្រា និងត្រូវបានអាជ្ញាកណ្តាលរាប់ នៅត្រឹមរយៈពេល ១.៧១ នាទី។

នៅក្រោយការរាប់នេះ ឡៅ ចិត្ត្រា បានតាមទាត់បន្ថែមមួយជើងទៀត ធ្វើឲ្យ Jaroenlaph បង្ហាញអាការៈឈឺដៃឆ្វេង នាំឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតរបស់គេ នៅក្នុងទឹកទី១តែម្តង។ ការឈ្នះបែបងាយៗនេះ បានជួយឲ្យ ឡៅ ចិត្ត្រា ឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ប្រាក់ ហើយបើសិនជារូបគេ ឈ្នះបានខ្សែក្រវាត់ប្រាក់ នឹងមានឱកាសឡើងទៅប្រកួតដណ្តើមយកខ្សែក្រវាត់មាស ជាបន្តទៀត។

ឡៅ ចិត្ត្រា បាននិយាយក្រោយផ្តួល Jaroenlaph ឲ្យសន្លប់ថា នេះ ឡៅ ចិត្ត្រា ថា៖ «នៅមុនការប្រកួត ខ្ញុំមិនបានដឹងពីចំណុចខ្សោយរបស់គូប្រកួតនោះទេ ប៉ុន្តែនៅពេលខ្ញុំទាត់បាន១ជើង គឺគាត់ជ្រាយ ធ្វើឲ្យខ្ញុំដឹងតែម្តង។ ខ្ញុំពិតជាសប្បាយចិត្ត នៅពេលឃើញបងប្អូន បានមកគាំទ្រច្រើន ហេតុនេះ ខ្ញុំនឹងខំប្រឹងធ្វើឲ្យបានល្អ ជាបន្តទៀត»។

ចំណែកការប្រកួតមិត្តភាពអន្តរជាតិ៣គូទៀត កីឡាករកម្ពុជា ខាំ ខ្លានាង បានទាត់ឲ្យកីឡាករថៃ Yodmanchan ខូចជើងក្រោម និងសុំចុះចាញ់ នៅទឹកទី៣។ ចំណែកការប្រកួតរវាងកីឡាករក្មេងៗ ជាទំពាំងស្នងឫស្សីរបស់គុនខ្មែរ គឺកីឡាករកម្ពុជា ចាំ សិលា បានឈ្នះថៃ Aranlek ក្នុងទម្ងន់៣៥គីឡូក្រាម ដោយពិន្ទុ ហើយ វ័ន ថៃដេ ដែលមានទម្ងន់៤០គីឡូក្រាម បានម៉ាត់ឲ្យថៃ Yodlekpetch សន្លប់ត្រឹមទឹកទី១។

ការឈ្នះចាញ់ បែបផុយស្រួញ ទាំងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ និងការប្រកួតរវាងកីឡាករថ្នាក់ថ្នល បានធ្វើឲ្យមានការរិះគន់មួយចំនួនផងដែរ ខណៈការប្រកួត៤គូ ប្រើពេលប្រកួតសរុបបានត្រឹម១០ទឹក គឺស្មើនឹងការប្រកួត២គូនោះ។

ទោះបីជាយ៉ាងណា លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ប្រធានគ្រប់គ្រងកីឡាប្រចាំនៅ PNN បានសរសេរសារមួយឃ្លាបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន ដើម្បីបញ្ជាក់ពីគោលជំហរ ក្នុងការបន្តរៀបចំឲ្យមានការប្រកួតកីឡាករថ្នាក់ថ្នល ជាលក្ខណៈអន្តរជាតិនេះ ដោយលោកបានបញ្ជាក់ថា៖«ខ្ញុំនឹងថែទំពាំងទាំងនេះ ដើម្បីបង្កើតឫស្សីដ៏ល្អមួយគុម្ព ទោះត្រូវគេដៀមដាមយ៉ាងណា ក៏ខ្ញុំនៅតែធ្វើវាលុះដង្ហើមចុងក្រោយ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.