v9
V9BET

បឹងកេត ទាញទម្លាក់ក្រុមស្វាយរៀង ដើម្បីបើកផ្លូវឲ្យក្រុមណាហ្គាវើល ឡើងទៅឈរកំពូលតារាង

4 months ago​ | ដោយ V-Dr

នៅទីបំផុត តំបន់កំពូលតារាងនៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលគ្រប់គ្រងដោយក្រុមព្រះខ័នរាជស្វាយរៀង ជាច្រើនសប្តាហ៍មកហើយនោះ គឺបានធ្លាក់ទៅលើក្រុមណាហ្គាវើល ជាអ្នកកាន់កាប់វិញម្តង រីឯក្រសួងការពារជាតិ (ទ័ព) បានក្លាយជាក្រុមដែលទទួលបានការខកចិត្តខ្លាំងជាងគេ សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី៨នេះ។

ការឡើងទៅឈរនៅលើកំពូលតារាង របស់ក្រុមណាហ្គាវើល គឺបន្ទាប់ពីក្រុមមួយនេះ បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ រហូតដល់ ៤-០ ដើម្បីមាន២១ពិន្ទុ ច្រើនជាងក្រុមព្រះខ័នរាជស្វាយរៀង ចំនួន១ពិន្ទុវិញ ព្រោះនៅសប្តាហ៍នេះ ក្រុមស្វាយរៀង បានត្រឹមចែក១ពិន្ទុជាមួយក្រុមម្ចាស់ផ្ទះ បឹងកេត តាមរយៈការស្មើគ្នា ២-២ អ៊ីចឹងមានន័យថា បឹងកេត ជាតួអង្គសំខាន់មួយផងដែរ ដើម្បីជួយឲ្យ ណាហ្គាវើល ឡើងទៅឈរលេខ១លើកនេះ។

យ៉ាងណាក៏ដោយ ការយកឈ្នះក្រុមអង្គរថាយហ្គឺរ ៤-០ កាលពីថ្ងៃសៅរ៍នោះ បានបង្ហាញឲ្យឃើញថា ណាហ្គាវើល នៅតែជាក្រុមខ្លាំង ក្នុងលីកកំពូលកម្ពុជា បើទោះបីជាក្រុម មួយនេះ បានធ្លាក់ចេញពីការប្រកួតជម្រុះពាន AFC Cup 2019 ក្នុងនាមជាក្រុមឈរនៅបាតតារាងនៃពូលF ដោយមានត្រឹម៣ពិន្ទុជាមួយក្រុមឈ្នះ១ និងចាញ់៥ប្រកួត ក៏ដោយ ព្រោះនៅរដូវកាលនេះ អង្គរថាយហ្គឺរ បានស្មើជាមួយក្រុមខ្លាំងៗដូចជា ព្រះខ័នរាជស្វាយរៀង ទ័ព និងបឹងកេត ហើយបានឈ្នះក្រុមវិសាខា ២-១ ផងដែរ។

ផ្ទុយពីនេះ ក្រុមទ័ព ដែលគួរណាស់តែ ទទួលបាន៣ពិន្ទុបន្ថែម ដើម្បីគេចចេញពីលេខរៀងទី៥ ឡើងទៅឈរនៅ Top4 វិញនោះ បែរជាទៅចាញ់ក្រុមគិរីវង់សុខសែនជ័យ រហូតដល់ ៤-១ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ខណៈខ្សែប្រយុទ្ធ Bisan Goerge ដែលជាអ្នករកបាន១គ្រាប់ នៅនាទីទី៥៧ តាមពីក្រោយការរកបានគ្រាប់បាល់នាំមុខរបស់ Santo នៅនាទីទី៣២ និង Reiya Konishita នៅនាទីទី៥២ បានទទួលកាតក្រហមនោះ ហើយបន្ទាប់មកកីឡាករ ដាវ នីម និង Reiya Konishita ក៏រកបានម្នាក់១គ្រាប់ទៀតឲ្យក្រុមគិរីវង់។

លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖«បើយើងមិនភ្លាត់ កាតក្រហម Bisan Goerge ទេ គឺយើងនៅតែអាចរក្សាលំនឹងបាន ក្នុងការគាបសង្កត់ និងបង្កើតឱកាសប្រយុទ្ធដដែល ប៉ុន្តែក្រោយមានបញ្ហាកាតក្រហមហើយ យើងលែងខ្វល់ពីការរបូតគ្រាប់បាល់ទី៣ និងទី៤ ដោយយើងនប្រថុយ បន្ថយខ្សែការពារ និងបង្កើនប្រយុទ្ធ ដើម្បីព្យាយាមរកគ្រាប់បាល់ត្រឡប់មកវិញ ប៉ុន្តែការប្តូររបស់យើង គឺយើងបានភ្លាត់២គ្រាប់បន្ថែមទៀត»។

សម្រាប់ការប្រកួត កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនោះដែរ ក្រុមអាស៊ីអឺរ៉ុប បានឈ្នះក្រុមខេត្តកំពង់ចាម ៥-០ ស្របពេលក្រុមប៉ូលិស ឈ្នះក្រុមអគ្គិសនីកម្ពុជា ១-០ ប៉ុន្តែក្រុមភ្នំពេញក្រោន បានចាញ់ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ ហើយយើងតាមលទ្ធផលការប្រកួតប្រចាំសប្តាហ៍ទី៨នេះ ក្រុមណាហ្គាវើល ឡើងទៅឈរនៅលេខ១វិញ ឯក្រុមស្វាយរៀង ធ្លាក់មកឈរនៅលេខ២ មាន២០ពិន្ទុ និងតាមពីក្រោយដោយក្រុមវិសាខា មាន១៩ពិន្ទុ អង្គរថាយហ្គឺរ មាន១៥ពិន្ទុ ទ័ព និងបឹងកេត មាន១៤ពិន្ទុស្មើគ្នា ខណៈក្រុមអាស៊ីអឺរ៉ុប មាន១០ពិន្ទុ ឯភ្នំពេញក្រោន មាន៩ពិន្ទុស្មើជាមួយក្រុមសូលទីឡូអង្គរ និងគិរីវង់ ហើយក្រុមអគ្គិសនីកម្ពុជា និងក្រុមប៉ូលិស មាន៧ពិន្ទុស្មើគ្នាដែរ ប៉ុន្តែក្រុមសាលាបាល់ទាត់ជាតិបាទី និងខេត្តកំពង់ចាម មាន៣ពិន្ទុដដែល៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.