v9
V9BET

រឿងចាប់អារម្មណ៍ចំនួន ៣ លើសង្វៀន ONE: WARRIORS OF LIGHT នៅប្រទេសថៃ

1 month ago​ | ដោយ V-Dr

សង្វៀន ONE: WARRIORS OF LIGHT នាថ្ងៃទី ១០ ខែ ឧសភា ក្រុងបាងកកបានទាក់ភ្នែកអ្នកតាមដានទូទាំងពិភពលោកក៏ដូចជានៅកម្ពុជា ហើយក្នុងនោះមានរឿង ៣ គួរឲ្យចាប់អារម្មណ៍បំផុតដូចខាងក្រោម។ កំពូលអ្នកប្រយុទ្ធ សុខ ធី ចាញ់ Rodtang នៅទឹកទី២។ កំពូលកីឡាករថៃ Nong-O Kaiyanghadao នៅតែរក្សាខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Champion ខណៈដែល Petchdam Petchyindee Academy គ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Championship។

ជើងខ្លាំងតំណាងឲ្យកម្ពុជា សុខ ធី ហៅ កាកា ចុះចាញ់ត្រឹមទឹកទី២ បន្ទាប់ពី Rodtang ម្ចាស់ខ្សែក្រវាត់ ONE Flyweight Muay Thai World Championship ទាត់បំបែកកង់ចុងទឹកទី១និងបន្តទៅប្រកួតលែងកើតនៅដើមទឹកទី២។ កាកា មិនអាចបន្តការប្រកួតទៀតបានទេ ក្រោយពីការទាត់សន្ធាប់របស់កីឡាករប្រដាល់ថៃដែលមានរហស្សនាមថា «The Iron Man» នៅដើមទឹកទី២។ បន្ទាប់ពីការប្រកួត សុខ ធី បានថ្លែងថា ៖« Rodtang គេមានប្រៀបជាង ព្រោះគេគីឡូធំហើយទម្លាក់មកចាំវ៉ៃយើង។ ប៉ុន្តែខ្ញុំបានវ៉ៃជាមួយជើងខ្លាំងលំដាប់ A របស់ប្រទេសថៃ គឺ ល្អណាស់។ ខ្ញុំដឹងពីចំណុចខ្វះខាតត្រូវហ្វឹកហាត់បន្ថែមឲ្យខ្លាំងដូចគេ។ ខ្ញុំនឹងប្រើពេល ២ ទៅ ៣ ឆ្នាំទៀតដើម្បីដល់កម្រិតនេះ»។ ជាមួយគ្នានោះ គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ បានបញ្ជាក់ថា Rodtang ល្អ លឿន និង រឹងខ្លាំង ហើយគេសឹងលំដាប់លេខ១នៅស្រុកថៃ និង ជាលំដាប់លេខ១ក្នុងពិភពលោកដែរក្នុងប្រភេទគីឡូនេះ។ លោកបញ្ជាក់ថា តាមពិតចុងទឹកទី១ គឺឈឺធ្ងន់ទៅហើយ ប៉ុន្តែទឹកចិត្តកីឡាករនៅស៊ូទៀតមិនចុះចាញ់ងាយៗ។

Nong-O Kaiyanghadao នៅតែរក្សាខ្សែក្រវាត់ ONE Championship Muay Thai Bantamweight World Champion ដោយឈ្នះពិន្ទុជាឯកច្ឆន្ទលើកីឡាករសញ្ជាតិជប៉ុន Hiroaki Suzuki នៅសង្វៀន ONE: WARRIORS OF LIGHT។ ដោយចាប់ផ្ដើមទឹកដំបូង Nong-O បានគ្រប់គ្រងស្ថានការយ៉ាងល្អដោយការទាត់ចំដើមទ្រូង របស់ Hiroaki ជាច្រើនជើង ដែលធ្វើឲ្យកក្រើករេញ Impact Arena នាក្រុងបាងកក។ Hiroaki កាន់តែដើរចូលកាន់តែត្រូវរន្ទះជើងរបស់ Nong-O ដែលជើងខ្លាំងម្ចាស់ខ្សែក្រវាត់៣នៅសង្វៀន Lumpinee របស់ថៃ។ នៅទឹកទី២ មិនខុសទឹកទី១ ទេ ដោយកីឡាករសញ្ជាតិជប៉ុនវ័យ ៣៤ នៅតែដើរចូលវាយដដែលដើម្បីយកពិន្ទុវិញ ប៉ុន្តែនៅតែរងការទាត់ពេញទំហឹងរបស់ Nong-O រួមទាំងកណ្ដាប់វ៉ៃការពារទៀតផង។ ពេលអ្នកក្បាច់គុនជនជាតិជប៉ុន ដើរចូលកាន់តែច្រើន កាន់តែរងគ្រោះថ្នាក់ពីសំណាក់អ្នកលេងមួយថៃរបស់ម្ចាស់ផ្ទះ។ Nong-O បានវ៉ៃបក និងទាត់ឲ្យ Hiroaki ដួលម្ដងម្កាលទៀតផង។ លទ្ធផលសម្រេចចុងក្រោយ កីឡាករជប៉ុនមិនអាចដណ្ដើមខ្សែក្រវាត់ពីកីឡាករថៃបានឡើយ។

Petchdam Petchyindee Academy បានឆក់យកខ្សែក្រវាត់ ONE Flyweight Kickboxing World Championship ក្រោយឈ្នះ កីឡាករសញ្ជាតិអាល់ហ្សេរី Elias Mahmoudi។ ចូលទឹកទី១ Elias បានច្រឡំប្រើកែងដាក់កីឡាករម្ចាស់ផ្ទះ ដែលធ្វើឲ្យអាជ្ញាកណ្ដាលពិន័យកាតលឿងកាត់ពិន្ទុ។ បន្ទាប់មក Elias ខំដើរចូលវ៉ៃដើម្បីស្ដារពិន្ទុ ប៉ុន្តែ Petchdam ដកថយវាយបកចូលមួយៗយ៉ាងដំណំដែរ។ Elias មិនខ្លាចនឹងPetchdam ទេ ដោយដើរចូលវ៉ៃនិងប្រើក្បាច់ រវ៉ែញឹកញាប់ ប៉ុន្តែ Petchdam ទាត់កាត់ និងប្រើកណ្ដាប់ដៃឆ្វេងបានល្អនៅទឹកទី ២, ៣ និង ទឹក៤។ នៅដើមទឹកទី៥ Petchdam បានទាត់ជើងឆ្វេងរបស់ខ្លួនចំក្បែរប្រដាប់ការពាររបស់ Elias។ ហើយ Elias ត្រូវសម្រាក ៣ នាទីដើម្បីពិនិត្យមើលថាតើអាចប្រកួតបានទៀត ឬ យ៉ាងណា។ ទីបំផុតចៅក្រមសម្រេចឲ្យ Petchdam Petchyindee Academy ឈ្នះការប្រកួតលើ Elias ពេលដៃគូប្រកួតលែងកើត។ Petchdam ឈ្នះខ្សែក្រវាត់ ONE Flyweight Kickboxing World Championship ដែលជាការដាក់ឲ្យប្រកួតដណ្ដើមខ្សែក្រវាត់ប្រភេទលើកដំបូង៕

កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ ស៊ីធី

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.