v9
V9BET

លោក ស សុខា ប្តេជ្ញាអភិវឌ្ឍប៊ូល និងប៉េតង់ ឲ្យរីកចម្រើន បន្តពីលោកឪពុក

4 months ago​ | ដោយ V-Dr

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្តេជ្ញាថា នឹងព្យាយាមអភិវឌ្ឍកីឡាប៊ូល និងប៉េតង់កម្ពុជា ឲ្យកាន់តែមានការរីកចម្រើន តាមរយ:ការពង្រីកក្លិប-សមាគមកីឡាប៉េតង់ឲ្យមានគ្រប់បណ្តាខេត្តនៅកម្ពុជា និងបណ្តុះធនធានកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសឲ្យបានច្រើន សម្រាប់ត្រៀមការប្រកួតនានា ពិសេសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ស សុខា បានសរសេរនៅលើផេចហ្វេសប៊ុករបស់លោកថា «ក្នុងនាមប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាអាណត្តិថ្មីនេះ ខ្ញុំប្ដេជ្ញាចិត្តពង្រឹងកីឡាប៊ូល និងប៉េតង់កម្ពុជា ដោយពង្រីកក្លិបឱ្យបានគ្រប់ខេត្ត បណ្ដុះបណ្ដាលសមត្ថភាពគ្រូបង្វឹក ពង្រីកការប្រកួត ស្វះស្វែងរកមូលនិធិដើម្បីទ្រទ្រង់សហព័ន្ធ និងពង្រឹងវិន័យក្នុងការដឹកនាំឈានទៅជោគជ័យរួម»។

ការលើកឡើងបែបនេះរបស់លោក ស សុខា គឺបន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានតែងតាំងរូបលោក ឲ្យធ្វើជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅក្នុងសន្និបាតវិសាមញ្ញ កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០១៩ កន្លងមកនេះ។ជាមួយគ្នានេះ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ ក៏ត្រូវបានជ្រើសតាំងឲ្យធ្វើជាអគ្គលេខាធិការសហព័ន្ធ ជំនួសលោក អ៊ិន គឹមស៊្រុន ដែលផុតអាណត្តិផងដែរ។

តាមរយៈការប្តេជ្ញាចិត្តរបស់លោក ស សុខា គឺបង្ហាញឲ្យឃើញថា លោក នឹងត្រូវចូលខ្លួនដឹកនាំក្នុងការអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់កម្ពុជា ដើម្បីឆ្ពោះទៅរកការឈ្នះមេដាយមាសនៅលើឆាកអន្តរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បន្តពីឪពុករបស់លោក គឺលោកឧបនាយករដ្ឋមន្រ្តី ស ខេង ដែលបានចូលដឹកនាំសហព័ន្ធនេះ បន្តពីលោក សុខ អាន ដែលបានទទួលមរណភាព។

សូមបញ្ជាក់ថា ក្រោយសន្តិបាតវិសាមញ្ញសម្រាប់អាណត្តិទី៦ របស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានេះ បានសម្រេចលោក ព្រហ្ម ឌិន ដែលធ្លាប់ធ្វើជាអនុប្រធានទី១ ឲ្យធ្វើជាប្រធានកិត្តិយសវិញ ហើយលោក សោម ចិន ជាអនុប្រធានកិត្តិយស។ រីឯសមាសភាពទីប្រឹក្សាមាន លោក ឌុយ ឆៅ ទីប្រឹក្សា លោក អ៊ិន គឹមស្រ៊ុន ទីប្រឹក្សា។

ចំណែកសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីមានលោក ស សុខា ប្រធាន លោក ប៊ូ ជុំសេរី អនុប្រធានទី១ រីឯអនុប្រធានមានលោក អ៊ុក សិទ្ធិជាតិ លោក ស៊ុម សុជាតិ លោកឧកញ៉ា លាង ឃុន លោក ឧកញ៉ា សុខ ហុង ខណៈលោក សុខ សប្បាយ អគ្គលេខាធិការ លោក ព្រំ ប៊ុណ្ណយី អគ្គលេខាធិការរង លោក សូម៉ៃ សុខគា អគ្គលេខាធិការរង លោក ណុប ដារ៉ា អគ្គហេរញ្ញិក កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ អគ្គហេរញ្ញិករង លោក អៀង ឈាង សមាជិក លោក ទេស សូ សមាជិក លោក ឡាយ សែម សមាជិក និងលោក ពៅ វណ្ណា សមាជិក៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.